មិនត្រឹមតែបាត់បង់ទីផ្សារសិល្បៈតាំងពីមុនកូវីដផ្ទុះឡើងប៉ុណ្នោះទេ តារាជើងចាស់អ្នកនាហ ស៊ុនណារី ម៉ូនីកា ដែលត្រូវផលិតករខ្លះបំភ្លេចក៏ត្រូវគេអះអាងថាធ្លាក់ខ្លួនដល់ថ្នាក់ គ្មានលុយធ្វើបុណ្យសពម្ដាយឱ្យបានសមរម្យ ក្រោយពីម្ដាយរបស់អ្នកនាងទទួលមរណៈភាព កាលពីថ្ងៃទី 12 កញ្ញា ឆ្នាំ2021 មុននេះផងដែរ។ អ្វីដែលគួរឱ្យសរសើរគឺអ្នកនាងមិនហ៊ានថ្ងូរឱ្យមហាជនណាម្នាក់បានដឹងនោះទេ ដោយសុខចិត្តលំបាកខ្លួន និងឃ្លាតឆ្ងាយពីអ្នកសិល្បៈយ៉ាងស្ងប់ស្ងាត់។
អ្នកនាង ស៊ុនណារី ម៉ូនីកា បានថ្លែងបញ្ជាក់ថា អ្នកនាងពិតជាមានរឿងពិបាកផ្នែកជីវភាពដែលមិនដឹងរៀបរាប់ប្រាប់អ្នកណាដូចអ្វីដែលបានលើកឡើងមែន ដោយសារតែកូវីដប៉ុន្មានឆ្នាំនេះអ្នកនាងគ្មានចំណូលមុខរបរប្រឹងលក់ទឹកអប់តាមអនឡាញក៏ខាតបង់ ហើយម្ដាយរបស់អ្នកនាងក៏ឈឺរ៉ាំរ៉ៃចំណាយប្រាក់ច្រើន មុនពេលទទួលមរណៈភាព។ អ្នកនាងសង្វេគចិត្តយ៉ាងខ្លាំងដែលពេលអ្នកម្ដាយទទួលមរណៈភាព គឺខ្លួនមានបញ្ហាលុយកាក់ហើយរបស់ទ្រព្យដែលអាចបញ្ចេញលក់បានក៏លក់ស្ទើរតែអស់ពីខ្លួនទៅហើយ។ អ្នកស្រីសម្រេចចិត្តធ្វើបុណ្យសពជូនម្ដាយយ៉ាងកម្សត់ ស្របពេលដែលអ្នកសិល្បៈតិចតួចប៉ុណ្ណោះអាចចូលរួមដោយសារតែបញ្ហាកូវីដនៅតែផ្ទុះ។
ជាមួយនឹងការសារភាពនេះអ្នកសិល្បៈដែលគោរពស្រឡាញ់អ្នកនាងភាគច្រើន ក៏ទទូចសុំឱ្យមានការជួយដល់អ្នកនាងទៅតាមលទ្ធភាពផងដែរដើម្បីឱ្យអ្នកនាងអាចធ្វើបុណ្យសពជូនអ្នកម្ដាយ និងធ្វើបុណ្យ7ថ្ងៃនៅប៉ុន្មានថ្ងៃខាងមុខនេះ។