សុគន្ធ ដេវីត ចេញបទភ្ជុំ អត្ថន័យស្ដាប់ហើយ ដុត៩

0

ខុសពីអត្ថន័យបទភ្ជុំរបស់តារាចម្រៀងភាគច្រើន Original Song របស់ លោក សុគន្ធ ដេវីត ក្រោមចំណងជើងថា«ច្បាស់អត់ថាទៅធ្វើបុណ្យ» ត្រូវបានគេកត់សម្គាល់ថា មានខ្លឹមសារចាក់ដោតត្រូវនឹងសង្គមតែម្ដង ជាពិសេសសម្រាប់ក្រុមយុវវ័យ ដែលតែងតែយកឱកាសបុណ្យភ្ជុំធ្វើជាជំនួបផឹកស៊ី និងសប្បាយក្អាកក្អាយនៅដីកំណើត។ មួយបទនេះ គេមើលឃើញថានឹងអាចអោយលោក ត្រូវបានការចាប់អារម្មណ៍ថែមមួយកម្រិត ប៉ុន្តែនៅមិនទាន់ដឹងថាឈានឡើងកម្រិតណានោះទេ ដោយសារតែភាពជាក់ស្ដែងគឺបទដែលផ្សារភ្ជាប់នឹងអត្ថន័យរដូវភ្ជុំ បើទោះជាពេញនិយមក៏បានតែអំឡុង១៥ថ្ងៃរាប់ទាំងថ្ងៃកាន់បិណ្ឌ។

លោក សុគន្ធ ដេវីដ បានទទួលស្គាល់ថា បទចម្រៀងដែលលោកទើបដាក់បង្ហោះក្ដៅៗ ពិតជាមានអត្ថន័យស្ដាប់ហើយដុតមនុស្សមួយចំនួនដល់កម្រិត១០០ពិតមែន ប៉ុន្តែលោកថាខ្លឹមសាររបស់បទនេះ គ្រាន់តែចង់អោយអ្នកចូលចិត្តធ្វើមិនល្អ ងាកទៅធ្វើបុណ្យធ្វើទាននៅអំឡុងខែភ្ជុំ ដើម្បីអោយឪពុកម្ដាយសប្បាយចិត្តវិញ។ លោកថាបទចម្រៀងទាំងមូល ចង់សម្ដៅរិះគន់ចំពោះអ្នកចូលចិត្តទៅស្រុកផឹកស៊ី ជប់លៀងរាំច្រៀង ហើយបង្កការលំបាកដល់ក្រុមគ្រួសារ ពោលគឺឪពុកម្ដាយ ប៉ុន្តែបែរជាទន្ទេញជាប់មាត់ថា ទៅស្រុកធ្វើបុណ្យផ្ទុយពីទង្វើ។ លោកថាសម្រាប់ខ្លឹមសារក្នុងMV មិនមានសាច់រឿងកាចៗដូចគ្នានឹងខ្លឹមសារច្រៀងនោះទេ ដោយលោក និងក្រុមការងារ ធ្វើជាសាច់រឿងអប់រំច្រើនជាង។

លោក សុគន្ធ ដេវីដ បញ្ជាក់ថា សប្បាយចិត្តដែលបទ«ច្បាស់អត់ថាទៅធ្វើបុណ្យ»អាចដាក់បង្ហោះផ្លូវការចំថ្ងៃបិណ្ឌ១ បើទោះជាមុននឹងអាចបង្ហោះផ្លូវការ គឺ លោក និងក្រុមការងារដុតដៃដុតជើង ស្ទើរតែរកពេលដកដង្ហើមមិនឃើញ។ អ្វីដែលលោកពេញចិត្តបំផុត គឺអត្ថន័យក្នុងបទចម្រៀងទាំងមូល ដែលឆ្លុះបញ្ចាំងពីបរិយាពិតៗនៅក្នុងសង្គមតែម្ដង ជាពិសេសចំពោះក្មេងៗ ដែលបែងចែករដូវបុណ្យទានសម្រាប់ជួបជុំគ្រួសារ និងការសប្បាយភ្លើតភ្លើនមិនដាច់ ដោយមានអ្នកខ្លះក៏បានបង្កជាផលវិបាកអោយដល់ឪពុកម្ដាយវិញ។ ជាក់ស្ដែងមិនអត់នោះទេ អ្នកដែល ប្រកាសថាទៅភ្ជុំធ្វើបុណ្យខែភ្ជុំ ប៉ុន្តែការពិតទៅអោយឪពុកម្ដាយបម្រើ ដូចជាអោយកាប់មាន់កាប់ទារទទួលមិត្តភ័ក្រ្តបនភឿនរបស់ខ្លួនអោយផឹកស៊ី ហើយមួយថ្ងៃអង្គុយតែជួបជុំមិត្តភ័ក្ត្រផឹកស៊ីរាំច្រៀង និងខ្លះបង្កជារឿងរ៉ាវទៅវិញ។ លោករំពឹងយ៉ាងខ្លាំងថា បទចម្រៀងនេះ ទទួលការបានគាំទ្រខ្ពស់ ដោយសារតែយោងលើអត្ថន័យខុសប្លែកគេ បូករួមនឹងខ្លឹមសារMV ក៏មានការអប់រំប្លែក៕

LEAVE A REPLY

Please enter your comment!
Please enter your name here