អំពើជួញដូរមនុស្សកើនឡើងទ្វេដងក្នុងកំឡុងពេល Covid

0

ទោះបីជាប្រទេសកម្ពុជាបានបិទព្រំដែនរបស់ខ្លួនដើម្បីការពារការឆ្លងរីករាលដាលនៃ Covid-19 ក៏ដោយក៏ចំនួននៃអំពើជួញដូរមនុស្សជាពិសេសនារីវ័យក្មេងដែលមានអាយុចន្លោះពី ១៥-២៥ ឆ្នាំ មានការកើនឡើងទ្វេដងគួរអោយកត់សម្គាល់។ នារីរងគ្រោះទាំងនោះ ភាគច្រើនមកពីតាមបណ្តាទីជនបទនៃខេត្តមួយចំនួននៃប្រទេសកម្ពុជា ដោយមេខ្យល់បាននាំពួកគេ ធ្វើដំណើរ ឆ្លងដែនខុសច្បាប់ ទៅកាន់ប្រទេសជិតខាង។ ប្រធានកម្មយុត្តិធម៌កុមារ នៃអង្គការសម្ព័ន្ធចាប់ដៃ លោក ចាន់ សារ៉ុន បានថ្លែងនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ A24 ថា ចំនួននារីវ័យក្មេង ដែលត្រូវបានគេជួញដូរក្រោមរូបភាពរៀបការទៅបរទេស បានកើនឡើងទ្វេដងនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។ លោកបន្ថែមថាមេខ្យល់របស់នារីវ័យក្មេងទាំងនោះ សន្យាផ្តល់ការងារដល់ពួកគេ សន្យាថាពួកគេនឹងមានលុយកាក់ច្រើន និងសន្យានាំពួកគេអោយបានរៀបអាពាហ៍ពិពាហ៍ជាមួយបុរសអ្នកមាននៅឯបរទេស។ លោក ចាន់ សារ៉ុនបានចង្អុលបង្ហាញថា ដំបូងនារីវ័យក្មេងទាំងនោះត្រូវបានមេខ្យល់នាំ ឆ្លងកាត់ព្រំដែនកម្ពុជា – វៀតណាម ដោយខុសច្បាប់ទៅទីក្រុងហាណូយ ហើយបន្តពីទីនោះពួកគេត្រូវបានដឹកទៅកាន់ប្រទេសចិន។ នៅពេលពួកគេទៅដល់ប្រទេសចិន បុរសដែលរៀបការជាមួយនារីវ័យក្មេងនោះ ភាគច្រើនជាមនុស្សដែលមានអាយុច្រើនជាងនាងឆ្ងាយ ជាជនពិការ និងជាជនដែលក្រីក្រ។ បន្ទាប់ពីរៀបការ ពេលខ្លះនារីវ័យក្មេងទាំងនោះ ត្រូវបានគេចាក់សោឃុំនៅក្នុងបន្ទប់ និងរំលោភបំពានផ្លូវភេទពីក្រុមគ្រួសារខាងប្តី ខណៈដែលនារី រងគ្រោះផ្សេងទៀតត្រូវបានបង្ខំ ឱ្យធ្វើការនៅក្នុងរោងចក្រដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារខាងប្តីដែលជាជនជាតិចិន។

LEAVE A REPLY

Please enter your comment!
Please enter your name here