មកទល់ពេលនេះ គេចាប់អារម្មណ៍ថាMV បទស្រី«ឧបសគ្គស្នេហ៍» ដែលបកស្រាយដោយតារាចម្រៀងថោន កញ្ញា ស៊ូ ស៊ីរីកា ទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយគ្រាន់តែផុសជាផ្លូវមិនទាន់បានប៉ុន្មានម៉ោងផង មានអ្នកចូលទស្សនារាប់ម៉ឺននាក់មិនធម្មតា។ អ៊ីចឹងហើយ ទើបតារារះថ្មី៣រូប ដែលគេមិនសូវឃើញលេចមុខក្នុងការសម្ដែងពីមុនមកសោះថា ត្រូវបានគេកត់សម្គាល់ថាបានទទួលការចាប់អារម្មណ៍តែម្ដង ព្រោះតែបានសម្ដែងក្នុងបទចម្រៀងនេះ ដែលមានអ្នកគាំទ្រខ្លាំង។
តារាថ្មីទាំង៣រូបនោះ រួមមាន កញ្ញា ពីនពីន ដែលត្រូវគេស្គាល់ថាជាតារាហ្វេសប៊ុក ដែលមានមុខជំនួញជាអ្នកលក់ដូរលើអនឡាញផង តារាសម្ដែង លោក Mr.Nel និងតារាសម្ដែង លោក ម៉ូន វិស្នុ ដែលអ្នកទាំង៣គឺសុទ្ធតែជាតារាថ្មីតែម្ដង ប៉ុន្តែទាំងរូបសម្រស់ និងសមត្ថភាពគឺសម្ដែងមិនចាញ់តួឯកប្រុស និងតួឯកស្រី ដែលមានបទពិសោធន៍សម្ដែងរាប់មិនអស់ពីមុនមកទេ។ យ៉ាងណាមិញ លោក Rith Omega អ្នកដឹកនាំរឿងក្នុងបទ«ឧបសគ្គស្នេហ៍»របស់ ស៊ូ ស៊ីរីកា ដែលទើបចេញបង្ហោះក្ដៅៗ បានអះអាងថា ហេតុផលដែលលោកសម្រេចចិត្តយកតារារះថ្មីទាំង៣ អោយសម្ដែងក្នុងបទចម្រៀងនេះ គឺដោយសារតែហេតុផលក្នុងពេលធ្វើតេស្ដ តារាទាំង៣សម្ដែងបានត្រូវតាមការចង់បាន ហើយបើនិយាយពីរូបរាង និងមុខមាត់ គឺត្រូវតែក្ដីស្រម៉ៃរបស់លោក។ លោកបានទាំងសរសើរថា កញ្ញាពីនពីន ដែលសម្ដែងជាតួអង្គ គូដណ្ដឹងតួឯកប្រុស លោក Mr.Nel ដែលសម្ដែងជាតួមិត្តភក្តិតួឯកប្រុស និងតារាសម្ដែងលោក ម៉ូន វិស្នុ ដែលសម្ដែងជាតួមិត្តភក្តិរបស់តួឯកប្រុសដែរនោះ សម្ដែងបានល្អ ដោយលោកប្រកាសថាតារាថ្មីថ្មោងទាំង៣ នឹងត្រូវលោកសម្រេចអោយសម្ដែងក្នុងបទចម្រៀងថ្មីនោះផង។
លោកថាខ្លួនមើលឃើញពីទេពកោសល្យតារាទាំង៣ ទើបសម្រេចអោយសម្ដែងក្នុងបទចម្រៀងនេះ ព្រោះលោកបានដឹងទុកមុនទៅហើយថាបទ«ឧបសគ្គស្នេហ៍»របស់តារាចម្រៀង កញ្ញា ស៊ូស៊ីរីកា នឹងមានការគាំទ្រមិនចាញ់បទ«ឧបសគ្គស្នេហ៍»របស់លោក ហាក់ រីខត ដែលលោកបានធ្វើអោយផ្ទុះដែរនោះ។ តារាទាំង៣ ត្រូវបានគេរំពឹងថានឹងបោះជំហានក្នុងវិស័យសម្ដែងកាន់តែមានកេរ្តិ៍ឈ្មោះនោះផង តាមរយៈឱកាសត្រូវគេស្គាល់ច្រើនក្នុងសាច់រឿងបទ«ឧបសគ្គស្នេហ៍»របស់ ស៊ូស៊ីរីកានេះ៕