តារាប្រុស5រូបរបស់ហង្សមាស នៅកម្លោះយូរដល់ម្លឹង!

0

មានការកត់សម្គាល់យ៉ាងខ្លាំង ថាតារាប្រុសរូបសង្ហារ ល្បីឈ្មោះរបស់ហង្សមាស5រូប នៅតែបន្តជាប់ឈ្មោះជាកំលោះ និង គ្មានដំណឹងរៀបការ ទាល់តែសោះ ដែលក្រោយការវិភាគគឺមុខមាត់ និង កេរ្តិ៍ឈ្មោះ របស់អ្នកទាំង៥ មិនទំនងថា នៅលីវបានយូរដល់ម្លឹងទាល់តែសោះ។ តារាប្រុសទាំងនោះ ហាក់មិនខ្វល់រឿងបង្អួតគូស្នេហ៍អោយគេបានស្គាល់ ហើយក៏តែងតែឆ្លើយថា មិនទាន់ចង់គិត ឬ សុំលាក់សិន នៅពេលសួរថា តើក្នុងពេលនេះ លោកមានអ្នកស្រលាញ់ហើយឬនៅ។

តារាចម្រៀងមុខដូចកូរ៉េ លោក ណុប បាយ៉ារិទ្ធ៖ តារារូបនេះ ត្រូវបានគេចាត់ទុកថា គឺជាកំពូលតារាប្រុសនៅក្នុងផលិតកម្មហង្សមាស ដែលនៅកំលោះបានយូរជាងគេ។ តារាៗប្រុសដែលប្រឡូកសិល្បៈក្រោយលោក និង ស្របាលលោក គឺមានគ្រួសារ និង កូនចៅ ម្នាក់ៗឡើងមួយសំបុក ពីរសំបុកអស់ទៅហើយ ប៉ុន្តែក្រឡេកមកមើលលោកវិញគឺមិនខ្វល់តែម្ដង បើទោះជាវ័យរាងជ្រេទៅហើយ។ លោកកំពុងត្រូវចាត់ទុកថា ជាប់តំណែងជាតារាចាំសំបុក ព្រោះគ្មានដំណឹងរៀបការ និងនៅកំលោះបានយូរក្នុងទ្រនំហង្សមាស។

តារាចម្រៀងមុខកូនកាត់ លោក ឆន សុវណ្ណរាជ៖ កំពូលតារាចម្រៀងប្រុសប្រចាំហង្សមាសរូបនេះ ក៏គ្មានគូស្នេហ៍ពិតប្រាកដយកមកបង្ហាញអោយអ្នកសិល្បៈបានស្គាល់នោះដែរ។ ចាប់តាំងពីលោកល្បីល្បាញ គឺមានតែព័ត៌មានផ្គូរផ្គងជាមួយតារាស្រីនេះ ជាមួយតារាស្រីនោះ ថាជាគូស្នេហ៍ប៉ុណ្ណោះ ប៉ុន្តែការពិតគឺតារាស្រីទាំងនោះគ្រាន់តែជាដៃគូ។ លោកឆន សុវណ្ណរាជ ក៏នៅកំលោះបានយូរមិនណយដែរ ដោយវ័យរបស់លោកឡើងសាមជាងទៅហើយ តែលោកហាក់ដូចជាមិនអើពើ។ មកទល់ពេលនេះ គេឃើញ តារាប្រុសរូបនេះ ដើរចងដៃគេឡើងពាយមង្គលការ តែសម្រាប់រូបលោកវិញ កុំថាឡើងមានគម្រោងរៀបការ គឺសូម្បីតែបង្ហើបថា នារីណាដែលមានវាសនាធ្វើជាគូស្នេហ៍ ក៏គ្មានដែរ។ លោកក៏ជាប់ឈ្មោះជាតារាចាំសំបុក ព្រោះតែនៅកំលោះបានយូរមកទល់នឹងពេលនេះ។

តារាចម្រៀងពោរពេញដោយសាច់ដុំ លោក ហ្សូណូ៖ កំពូលតារាប្រុសរូបនេះ ក៏រឹតតែគ្មានព័ត៌មានគ្រោងរៀការណាមួយដូចគ្នា ក្នុងនាមជាតារាល្បីរបស់ហង្សមាស។ តាំងពីបែកបាក់ស្នេហាជាមួយ អតីតពិធីការិនី គឺអ្នកនាង ចាន់ សុផានី ហើយបន្សល់ទុកកូនស្រី1វ័យប្រមាណ១០ឆ្នាំជាមួយអតីតគូស្នេហ៍ គឺ លោកអត់មានដំណឹងមានគូស្នេហ៍ជាថ្មីតែម្ដង។ អ្នកគាំទ្រមិនតិចទេ ឆ្ងល់រឿងលោកនៅកំលោះបានយូរ ស្របពេលដែលលោកក៏កាន់តែសង្ហារ និង ក្មេងវ័យជាងមុន ដែលមើលទៅមិនសមនឹងអាយុសាមក្រាស់។ យ៉ាងណាមិញ លោកត្រូវគេដឹងថាមាននារីម្នាក់ គឺជាអ្នកចាត់ការរឿងការងារអោយជាប្រចាំ មិនថា រឿងអាកាត់តម្លៃខ្លួន និង រឿងការងារចេញថតជាដើម។ លោកត្រូវគេជឿថា ទំនងមិននៅទំនេរបេះដូងនោះទេ ដោយគ្រាន់តែលោកមិនព្រមបង្ហាញមុខមាត់គូស្នេហ៍ ហើយបន្តជាប់ឈ្មោះជាកំលោះ ដោយមិនរវល់រឿងរៀបការ។

តារាចម្រៀងមុខមាត់ទាក់ទាញ លោក នីកូ៖ កំពូលតារាចម្រៀងល្បីឈ្មោះរូបនេះ ដ្បិតថាបានបង្ហាញភាពស្និទ្ធស្នាលជាមួយតារាស្រីជាដៃគូមួយចំនួន ដើម្បីអោយគេយល់ច្រលំថា នោះគឺជាស្នេហា ប៉ុន្តែមិនមានដំណឹងណាមួយថា លោក ពិតជាកំណាន់ចិត្តជាមួយនារីណាម្នាក់នោះទេ។ លោកនៅតែមានឈ្មោះថាជាកំលោះនៅឡើយ ដោយសារតែព័ត៌មានភ្ជាប់ពាក្យក៏គ្មាន និង គម្រោងរៀបមង្គលការក៏គ្មាន។ យ៉ាងណាមិញ លោករមែងតែងតែមានព័ត៌មានជំពប់នឹងតារាមួយរូប ដែលបច្ចប្បន្នកំពុងកាន់កម្មវិធីដែលលោកបានផលិត ខណៈដែលលោកតែងតែគេចចេញពីការឆ្លើយតប នៅពេលមានការសាកសួរ ព្រោះតែលោកចាត់ទុកថា នោះជារឿងរ៉ាវអាស្រូវ។ លោកក៏ត្រូវគេចាត់ទុកថា ជាកំពូលតារាប្រុសរបស់ហង្សមាសដែលទំនងនឹងនៅចាំសំបុកបានយូរផងដែរ ព្រោះតែគ្មានពន្លឺចូលរោងការទាល់តែសោះ។

តារាចម្រៀងសំបូរស្នេហ៍ លោក ដួង វិរៈសិទ្ធិ៖ តារាប្រុសរូបសង្ហាររូបនេះ ក៏មិនធ្លាប់មានព័ត៌មានភ្ជាប់ពាក្យ ឬ គម្រោងរៀបការណាមួយ ក្នុងនាមជាកំពូលតារាចម្រៀងប្រុសល្បីម្នាក់របស់ហង្សមាសផងដែរ។ ប្រឡូកសិល្បៈច្រើនឆ្នាំមកហើយ តែគេមិនដែលដឹងទាល់តែសោះថា លោកដួង វិរៈសិទ្ធ មានគូស្នេហ៍មុខមាត់យ៉ាងមិច បើទោះជាលោកមានរូបរាងសង្ហា និង មុខមាត់ស្អាត ដែលមិនគួរនៅកំលោះបានយូរដល់ម្លឹង។ យ៉ាងណាមិញក្នុងចំណោមតារាប្រុសល្បីខ្លាំងរបស់ហង្សមាស ដែលត្រូវគេកត់សម្គាល់ថា នៅចាំសំបុកបានយូរ លោកទំនងនឹងអាចវ៉ៃចេញបានលឿនជាងគេ ដោយសារតែលោកគឺជាបុរសសំបូរស្នេហ៍ ហើយបើនិយាយពីតួលេខស្រីៗលង់ស្រលាញ់ គឺអាចគៀរនឹងជើង ដោយគ្រាន់តែមិនដឹងថាពេលណាបញ្ចប់ឈ្មោះជាកំលោះ។