ខ្សែភាពយន្តបុរាណខ្មែរដែលផ្តោតលើ មន្តអាគម ជំនឿ អូមអាមរឿង«គ្រូចិញ្ចឹមខ្មោច»រំពឹងថាទទួលបានការទាក់ទាញពីអ្នកទស្សនាក្រោយពេលផ្ចិតផ្ចង់ថតយ៉ាងយកចិត្តទុកដាក់។ ក្រោយពេលក្រុងពលីចប់ចុងឆ្នាំនេះ នឹងផ្តើមលើកគ្នាក្រុមការងារថតផ្លូវការនាថ្ងៃ ១ មករា ២០២១ រដូវកាលថ្មីឆ្នាំថ្មី។
កាលពីព្រឹកថ្ងៃទី២៦ ធ្នូ ឆ្នាំ២០២០ ផលិតកម្មរតនាភាពយន្ត បានដឹកនាំតារាចាស់ថ្មីមួយចំនួន និងក្រុមការងារភាពយន្តបានរៀបចំពិធីក្រុងពលីរឿងភាគថ្មីក្រោមចំណងជើងថា« គ្រូចិញ្ចឹមខ្មោច» ដែលនេះជាផលិតកម្មប្លែកគេ មានស្នាដៃដាក់បង្ហាញការងារថ្មីៗលើវិស័យភាពយន្តខ្មែរ។ ម្ល៉ោះហើយទើបសហការីទាំងមូលរំពឹងមុតមាំថា ខ្សែភាពយន្តមួយនេះ និងមានការចាប់អារម្មណ៍ក្រោយពេលចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍អប្សរា។
លោកកែវ រតនា អ្នកនិពន្ឋនិងដឹកនាំរឿង«គ្រូចិញ្ចឹមខ្មោច» លើកឡើងថា វណ្ណកម្មមួយនេះ នឹងបង្ហាញវត្តមានឆាប់ៗខាងមុខ។យើងនឹងចំណាយពេលប្រមាណ៣ទៅ៤ខែចុះថតរឿងនេះ ។ក្រោយបញ្ចប់កម្មវិធីក្រុងពលីយើងថត នូវថ្ងៃទី១ មករា ឆ្នាំថ្មីតែម្តង។រឿងនេះប្រជុំដោយតារាចាស់ថ្មីជាច្រើនដួង ដែលតួឯកមានសាយ សៀរ៉ា ខ្លឹម ស្រីគា ។ឯតារាជើងថ្មីទាំងអស់ដែលោក សម្រុកដាក់បង្ហាញ ចង់អោយចេះចាប់ឱកាសហើយពង្រឹងសមត្ថភាព និងរៀនយកគម្រូពីរៀមច្បង។បើយើងស្រឡាញ់សិល្បៈពិត ត្រូវចេះព្យាយាមហើយកុំ មានជំងឺតួឯកពេក។
កញ្ញាខ្លឹម ស្រីគា តួឯកស្រីនៃសាច់រឿងនេះ បានលើកឡើងដែរថា នេះជាលើកទី១ដែលនាងប៉ះដៃគូជាមួយរៀមច្បង សាយ សៀរ៉ា។ យ៉ាងណានាងមិនបារម្មណ៍ឡើយមានតែព្យាយាមសម្តែងអោយល្អ។ដ្បិតមិនដែលថតកុនជាមួយគ្នា តែក៏មានឱកាសធ្វើការងារសិល្បៈនៅខាងក្រៅច្រើនដងដែរដូចជាមនុស្សធម៌ជាដើម។