មានការចាប់អារម្មណ៍មិនតិចទេបន្ទាប់ពីលោក ភុល សុវណ្ណដានីន បានបង្ហោះឱ្យដឹងពីមុខរបរថ្មី គឺជំនួញលក់ធុងបាស់ក្នុងរយៈពេលចុងក្រោយនេះ។ អ្នកខ្លះយល់ថានេះជាជំនួញដែលមនុស្សពិសេសនៅខាងក្រោយខ្នងលោកបង្កើតឱ្យ អ្នកខ្លះថាលោកគ្រាន់តែថតផ្សាយពានិជ្ជកម្មឱ្យគេ និងខ្លះថាលោកគ្រាន់តែជាតំណាងលក់ដើម្បីយកផលចំណេញជាដើម។ ពាក់ព័ន្ធនឹងការលើកឡើងនេះម្ចាស់ក្រុមហ៊ុនធំ និងលោក ភុល សុវណ្ណដានីន ដោយផ្ទាល់បានចេញមុខបញ្ជាក់។
លោក ផាត តូម៉ាស់ អគ្គនាយកក្រុមហ៊ុន Life t international Co,.Ltd បានលើកឡើងថាលោក ភុល សុវណ្ណដានីន មិនគ្រាន់តែជា Brand ambassador ប្រចាំក្រុមហ៊ុនប៉ុណ្ណោះទេ តែលោកក៏ជាដៃគូសហការណ៍ដែលមានភាគហ៊ុនប្រចាំក្រុមហ៊ុនផងដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់គឺលោកបានប្រកាសយកលោក ភុល សុវណ្ណដានីន ជាដៃគូសហការណ៍ជារៀងរហូតដោយមិនកំណត់ពេលវេលា ដោយលោកមានសិទ្ធិគ្រប់បែបបយ៉ាងលើប្រព័ន្ធផ្សព្វផ្សាយជ្រើសរើសតារាម៉ូឌែលក្នុងការងារថតស្ពត និងកំណត់យកតារាណាផ្សេងទៀតឱ្យធ្វើជា Brand Ambassador ជាដើម។
លោក ផាត តូម៉ាស់ បញ្ជាក់ថាក្រុមហ៊ុនរបស់លោកបាននាំចូលធុងបាស់ចំនួន4 ប្រភេទមកកាន់កម្ពុជារយៈពេលជាង5ឆ្នាំមកហើយ តែហេតុផលដែលលោកទើបតែជ្រើសតារាពោលគឺលោក ភុល សុវណ្ណដានីន ឱ្យក្លាយជា Brand Ambassador និងជាដៃគូសហការណ៍នៅក្នុងពេលនេះ គឺដោយសារតែក្រុមហ៊ុនយល់ថាម៉ាកយ៊ីហោរបស់ក្រុមហ៊ុនផលិតផលធុងបាស់ដែលលោកនាំចូល កាន់តែមានការគាំទ្រដែលលោកត្រូវតែជម្រុញឱ្យទីផ្សារផលិតផលមួយនេះកាន់តែមានសន្ទុះបន្ថែមទៀត។ ម្យ៉ាងមកពីក្រុមហ៊ុនទាំងមូលមានធនធានគ្រប់គ្រាន់ក្នុងការកំណត់យក Brand ambassador ដើម្បីពន្លឿនសន្ទុះផលិតផលឱ្យកាន់តែប្រសើរនាពេលនេះផង។
លោក ភុល សុវណ្ណដានីន បានលើកឡើងថាលោកមិនត្រឹមតែជា Brand Ambassador របស់ផលិតផលធុងបាស់តែប៉ុណ្ណោះទេ លោកក៏ជាដៃគូសហការណ៍ក្នុងការនាំចូលផលិតផលផ្សេងទៀតដែលតាមគម្រោងក្រុមហ៊ុននឹងនាំចូលផលិតផលសុខភាពថែមមួយទៀតដោយលោកយល់ថាមនុស្សម្នាក់ៗក្រៅពីត្រូវការការកម្សាន្តក៏ត្រូវការការថែទាំសុខភាពផងដែរ។ ក្នុងតំណែងជា Brand Ambassador នេះលោកនឹងជម្រុញឱ្យផលិតផលធុងបាស់ទាំងអស់ដែលមានប្រេន W king, Xzone និង Jonter របស់ក្រុមហ៊ុន Life t international Co,.Ltd កាន់តែមានទីផ្សារធ្វេឡើង។