មួយរយៈនេះគេសង្កេតឃើញម្ដាយរបស់តារាពហុជំនាញស្រីកញ្ញា សុភ័ក្រ កុសុម៉ា ចេញមុខនៅក្នុងកម្មវិធីសម្ភាសន៍តារាសិល្បៈជារឿយៗអមជាមួយនឹងកូនស្រី ខណៈសព្វថ្ងៃកេររ្តិ៍ឈ្មោះ និងវត្តមានរបស់លោកស្រីក៏កំពុងត្រូវបានមហាជនស្គាល់កាន់តែច្រើនតាមរយៈសម្ដីវោហារចាក់ទឹកមិនលិចនិងកាយវិការក្រមិចក្រមើមមិនចាញ់កូនស្រីប៉ុន្មាន។ មហាជនជាច្រើនកំពុងរំពៃថានេះជាជំហានដែលកញ្ញា សុភ័ក្រ កុសុម៉ា អាចនឹងដឹកនាំម្ដាយរបស់ខ្លួនឱ្យសរលើវិថីសិល្បៈដូចខ្លួនស្របពេលដែលកេរ្តិ៍ឈ្មោះរបស់នាងត្រូវបានមហាជនទូទាំងផ្ទៃប្រទេសទទួលស្គាល់ និងស្រឡាញ់គាំទ្រនាពេលបច្ចុប្បន្ន។
រយៈពេលចុងក្រោយនេះគេឃើញកញ្ញា សុភ័ក្រ កុសុម៉ា រមែងនាំម្ដាយទៅទទួលសេវ៉ាកម្មកែកុនទម្រង់មុខមាត់ជារឿយៗឱ្យអ្នកម្ដាយកាន់តែភាពភាពវ័យក្មេង និងស្រស់ស្អាតជាងអាយុ។ មិនតែប៉ុណ្ណោះកញ្ញាក៏ត្រូវបានគេសរសើរថាជាកូនស្រីកតញ្ញូមួយរូបដែលតែងតែបំពេញនូវសេចក្ដីសុខផ្លូវចិត្តម្ដាយ និងតែងតែធ្វើឱ្យអ្នកម្ដាយរបស់ខ្លួនសើចសប្បាយ យោងតាមវីដេអូ Vlog ផ្សេងៗរបស់នាងដែលធ្លាប់បានបង្ហោះនាពេលកន្លងមក។ មិនតែប៉ុណ្ណោះគេឧស្សាហ៍ឃើញ តារាសំដីបានរូបនេះព្យាយាមយកម្តាយអោយ ចេញមុខតាមវេទិកា និងកម្មវិធីមួយចំនួននៅតាមកញ្ចក់ទូរទស្សន៍ផងដែរ ឯម្តាយនាងក៏ មានការក្រមិចក្រមើមហើយដុងចេញមកដូចជាអ្នកកំប្លែង។ ម្ល៉ោះហើយទើបកុសុម៉ាផ្ទាល់ អាចគិតថាបើម្តាយនាងមានគេអោយលេងកំប្លែងគឺនាងអោយចូលសម្តែងភ្លាមកុំអោយខាតលុយ។ យ៉ាងណាគេក៏ ស្រាប់តែឃើញនាងនាំម្តាយមកថតស្ពតជាមួយនាង ហើយអាចក្លាយជាតារាមិនចាញ់កូនហើយពេលនេះ។ ជាងនេះទៅទៀតគេក៏សង្កេតឃើញអ្នកដឹកនាំកម្មវិធីមួយចំនួយនក៏ពេញចិត្តនូវទេពកោសល្យរបស់ម្ដាយកូនទាំងពីរ ដែលអាចលេងស៊ីសង្វាក់គ្នាបានកាន់តែល្អ ពិសេសញ៉ំាងឱ្យកម្មវិធីកាន់តែផ្ទុះជាមួយនឹងសំណើចនៃភាពកំប្លុកកំប្លែងចាក់ទឹកមិនលិចរបស់ម្ដាយកូនទាំងពីរនេះផងដែរ។
កុសុម៉ា បានក្តាប់ការងារពិធីការិនីប៉ុន្មានទូរទស្សន៍រួចមកហើយ នាងនៅតែទទួលបានការពេញនិយមពីសំណាក់ អ្នកគាំទ្រ ឯក្រុមសាច់ញាតិនាង ក៏មិននឹកស្មានថា កុសុម៉ា មានវាសនាល្បីឈ្មោះពេញប្រទេសបែបនេះឡើយ នាងស៊ូជាមួយសិល្បៈតាំងពីនៅវ័យកុមារ អ្នកណាៗក៏សរសើរពីវាសនារបស់នាងពេលនេះ។ ហើយមកទល់បច្ចុប្បន្ន ប្រជាប្រិយភាពរបស់តារាចម្រៀង និងពិធីការិនី សុភ័ក្រ្ត កុសុម៉ា កាន់តែហក់ឡើងពីសំណាក់មិត្តយុវវ័យ និងមហាជនស្ទើរតែគ្រប់ទិសទី ដោយសារតែតារាស្រីរូបនេះមានដុងកំប្លែងស្ងួត សម្តីចាក់ទឹកមិនលិច រួមជាមួយនឹងកាយវិការក្រមិចក្រមើមគួរឲ្យស្រលាញ់។ សុភ័ក្រ្ត កុសុម៉ា មិនត្រឹមតែមានទេពកោសល្យ និងសមត្ថភាពនោះទេ ងាកមកមើលសម្រស់វិញគឺកាន់តែមានភាពស្រស់ស្អាត។