ស្ងាត់ៗ តារាសម្ដែង ភុល សុវណ្ណដានីន ឡើងតំណែងនៅក្រសួងមហាផ្ទៃ

0

នៅលើហ្វេសប៊ុកគេឧស្សាហ៍ឃើញ តារាសម្ដែង លោក ភុល សុវណ្ណដានីន បង្ហោះពីសកម្មភាពការងារប៉ូលីស និងឈុតមន្ត្រីប៉ូលីសជាហូរហែរ ប៉ុន្តែមនុស្សតិចណាស់ចាប់អារម្មណ៍ដោយខ្លះស្មានថានោះជាសកម្មភាពថតកុន ឬស្លៀកឈុតប៉ូលីសក្នុងប្លង់ថតកុននោះផង។ អ៊ីចឹងហើយទើបម្នាក់ៗលាន់មាត់ នៅពេលតួអង្គចិត្តអាក្រក់រូបនេះ ស្រាប់តែត្រូវក្រសួងមហាផ្ទៃដំឡើងតំណែង ដែលបង្ហាញយ៉ាងច្បាស់ថាលោកគឺជាតារាសិល្បៈដែលលូយមិនធម្មតា ក្រៅពីសម្ដែង។

នៅលើហ្វេសប៊ុកលោកបានបង្ហោះថា ខ្លួនបានឡើងតំណែងជា នាយផ្នែកប្រចាំនៅក្នុងរដ្ឋបាល-សរុប នៃការិយាល័យបណ្ដុះបណ្ដាល ដែលមាននាទីជាអ្នកបណ្ដុះបណ្ដាលមន្ត្រីប៉ូលីសនៅទូទាំងប្រទេស ខាងផ្នែកកម្ចាត់គ្រឿងញៀន ការជួញដូរ និងបញ្ហាព្រហ្មទណ្ឌផ្សេងៗ ដើម្បីបណ្ដុះបណ្ដាលមន្ត្រីបង្គោលក្រោមឱវាទរបស់ក្រសួងមហាផ្ទៃ។ លោកបានទទួលងារជាអនុសេនីយ៍ឯកស័ក្ដ៣ ដោយតំណែងរបស់លោកត្រូវបានបញ្ជាក់ថាមិនមែនជាការលើកបន្តុបព្រោះតែលោកគឺជាតារាសិល្បៈនោះទេ ប៉ុន្តែគឺជាតំណែងដែលបានពីការតស៊ូបម្រើការនៅក្នុងនាយកដ្ឋានកិច្ចការប៉ុស្ដិ៍នគរបាលរដ្ឋបាល នៃអគ្គស្នងការនគរបាលជាតិ របស់ក្រសួងមហាផ្ទៃ តាំងពីឆ្នាំ២០១៤មកម្ល៉េះ គឺបន្ទាប់ពីលោកបានប្រលងជាប់ក្របខណ្ឌ និងទទួលការហ្វឹកហ្វឺនក្លាយជាមន្ត្រីពេញសិទ្ធិប្រចាំក្រសួង។

ការបង្ហោះអោយដឹងពីតំណែងក្ដៅៗនេះ អ្នកគាំទ្រជាច្រើន បានសរសើរថា តារាសម្ដែងរូបនេះ គឺជាតារាដែលមានការងាររាជការ និងមុខតំណែងរឹងមាំ ស្របគ្នាដែលកេរ្តិ៍ឈ្មោះនៅក្នុងសិល្បៈរបស់លោកក៏ស្ទុះត្រដែតខ្លាំងនាពេលចុងក្រោយ។ លោកត្រូវគេស្គាល់ខ្លាំងបន្ទាប់ពីបានសម្ដែងក្នុងតំណែងជាតួកាចចិត្តអាក្រក់ និងជាតួបាញ់បោះនាពេលចុងក្រោយ ដោយស្នាដៃដែលផ្ទុះខ្លាំងជាងគេគឺរឿង «មនុស្សឆ្កួត»ដែលបានទទួលជោគជ័យនៅក្នុងរោងកុននាពេលមុននេះ។

លោកបានប្រកាសថាខ្លួនក៏ត្រៀមសម្ដែងនៅក្នុងភាពយន្តធំមួយទៀតរបស់ផលិតកម្មLD ដែរ ដោយលោកនឹងសម្ដែងជាតួអង្គចិត្តអាក្រក់ទៀតហើយ នៅក្នុងភាពយន្តរឿង«កូនក្រក»ដែលនឹងត្រៀមចេញថតឆាប់ៗ។ លោកអះអាងថាការសម្ដែងភាពយន្ត មិនប៉ះពាល់ចំពោះការងារជាមន្ត្រីរាជការរបស់លោកឡើយ ដោយសារតែលោកទទួលសម្ដែងតែក្នុងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងពេលសម្រាក ហើយសម្រាប់ម៉ោងពេល រដ្ឋបាល គឺលោកទៅធ្វើការ និងទៅបេសកកម្មដូចមន្ត្រីទូទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here