អម្ពរ ទេវី មកបញ្ចប់បេសកកម្មនៅកម្ពុជា

0

តាំងពីថ្ងៃព្រហស្បតិ៍ ទី១៦ សីហា ដែលតារាសម្ដែងជើងចាស់ល្បីល្បាញ អ្នកនាង អម្ពរ ទេវី មកដល់ប្រទេសកម្ពុជាជាថ្មី ដោយដំណើរកាន់ប្រទេសកំណើតលើកនេះ គឺដើម្បីបញ្ចប់បេសកកម្មដែលអ្នកនាងនៅបន្តសេសសល់។ ដំណើរមកដល់របស់អ្នកនាង ដ្បិតថា មិនមានការស្វាគមន៍គគ្រឹកគគ្រេងដូចមុនក៏ពិតមែន តែក៏មានសាច់ញាតិ និងតារាសិល្បៈ នៅចាំទទួលមិនស្ងាត់នោះដែរ។

តំណាងផលិតកម្ម Red Picture បានអះអាងថា អ្នកនាង អម្ពរ ទេវី មកកម្ពុជាលើកនេះមានរយៈពេល តែ៥០ថ្ងៃ ដើម្បីថតប្លង់បញ្ចប់ក្នុងរឿង និងឆន្ទា និងរឿង ម្ចាស់ក្រោលដំរី ដែលសាច់រឿងម្ចាស់ក្រោលដំរី នឹងថតបញ្ចប់នៅបំណាច់ឆ្នាំ២០១៨មួយលើកទៀត មុននឹងដាក់ បញ្ចាំងនៅស្ថានីយ៍ទូរទស្សន៍ CTN នៅដើមឆ្នាំ ២០១៩។ វត្តមានរបស់អ្នកនាង គឺមកថតបញ្ចប់រឿង ឆន្ទា ដែលជារឿងសម័យទំនើបមួយ ដែលតម្រូវឲ្យតួអង្គក្នុងរឿងឈ្នានីសគ្នា យ៉ាងស៊ីសាច់ហុតឈាមឆ្លុះបញ្ចាំងពីបរិយាកាសពិតៗនៅក្នុងសង្គម និងជារឿងដែលតម្រូវឲ្យ អ្នកនាងអម្ពរទេវី សម្ដែងខ្លាំង តាំងពីដើមដល់ចប់។ នៅក្នុងរឿងនេះ អ្នកនាងគឺជាម្ដាយដែលជាតួអង្គសំខាន់ អ៊ីចឹងហើយទើបតម្រូវអោយអ្នកនាងសុំច្បាប់នៅអាមេរិកមកថតរហូតដល់៥០ថ្ងៃ ទើបអាចបញ្ចប់។

សម្រាប់ភាពយន្តថ្មី រឿង ម្ចាស់ក្រោលដំរី វិញ អ្នកនាងអម្ពរទេវី នឹងត្រូវសម្តែងជា តួអង្គម្តាយ ដែលបានបាត់កូនប្រុសជាទីស្រលាញ់ ហើយកូនប្រុសនោះត្រូវបាន ជនជាតិខ្មែរលើ មានលំនៅជិតព្រំដែនខ្មែរ ថៃ រើសចិញ្ចឹមជាកូន និងការរស់នៅជាមួយសត្វដំរីព្រៃតាំងពីតូច រហូតក្លាយជា ហ្មដំរីដ៏ជំនាញមួយរូប។

សិល្បះការនីទសវត្សទី៩០រូបនេះ ក៏នឹងត្រូវសម្តែងរួមគ្នាជាមួយនឹង ដៃគូសម្តែងឥតខ្ចោះ គឺ លោក ទេព រិនដារ៉ូ ក្នុងស្នាដៃទាំងពីរ ដែលការប៉ះគ្នាលើកនេះ មានការរំពឹងថានឹងធ្វើឲ្យទស្សនិកជន អន្ទះសារង់ចាំទស្សនា សម្រាប់ការសម្ដែងរបស់ តារាជើងចាស់ទាំង២ដួងនេះនៅពេលស្នាដៃទាំងពីប៉ះគ្នា។

LEAVE A REPLY

Please enter your comment!
Please enter your name here