មិនធម្មតា តារាភេទទី៣ កញ្ញា រក្សា ត្រូវ ព្រំ រដ្ឋា លើកតំណែងអោយយ៉ាងកាលីប

0

ក្នុងកិច្ចសម្ភាសន៍មុននេះជាមួយវេបសាយ«ផ្ទះតារា» តារាសម្ដែងរាងល្អិតភេទទី៣ កញ្ញារក្សា បានអះអាងថា ដ្បិតថាកញ្ញាធ្លាប់បានសម្ដែងភាពយន្តច្រើនរឿង ប៉ុន្តែមិនដែលមានស្នាដៃណាមួយ ដែលកញ្ញាទទួលបានដូចគ្នានឹងរឿងចុងក្រោយដែលនាងបានសម្ដែងអោយផលិតកម្មPR របស់អ្នកនាងព្រំ រដ្ឋា នោះទេ ខណៈដែលម្ចាស់ផលិតកម្មររូបនេះក៏បញ្ជាក់ពីមូលហេតុនៃការជ្រើសរើស។ កញ្ញាយល់ថាឱកាសឡើងកាលីបលើកដំបូងនេះ នឹងជួយអោយកញ្ញាលេចធ្លោនៅក្នុងវិស័យសម្ដែង ចាប់តាំងពីបានហក់ចូលនៅក្នុងភាពយន្តអស់រយៈច្រើនឆ្នាំ ក្រោយពីវិវត្តន៍ខ្លួនពីអ្នកផាត់មុខ ក្លាយជាអ្នកតួក្នុងភាពយន្ត។

កញ្ញារក្សា បានថ្លែងប្រាប់ថា ក្នុងការសម្ដែងកន្លងមក អ្នកនាងព្រំ រដ្ឋា បានជួយជម្រុញអោយកញ្ញាទទួលបានការចាប់អារម្មណ៍ក្នុងស្រទាប់មហាជនយ៉ាងខ្លាំង ដោយពេលកន្លងមកនាងត្រូវបានផ្ដល់ឱកាសអោយសម្ដែងក្នុងតំណែងជាភេទទី៣ឈ្មោះចូចូ ហើយទទួលបានការគាំទ្រនោះផង។

កញ្ញាថាខ្លួនធ្លាប់តែសម្ដែងជាតួភេទទី៣ ជាតួអង្គចេកចូចធម្មតាក្នុងរឿង និងត្រឹមជាតួអ្នកបម្រើ ប៉ុណ្ណោះ ទើបកញ្ញាត្រេកអរស្ទើរហោះ នៅពេលដែលអ្នកនាងព្រំ រដ្ឋា ស្រាប់តែហៅអោយនាងទៅសម្ដែងជាតួសេដ្ឋីនី ជាអ្នកមាន ហើយជាតួអង្គសំខាន់ទៀតក្នុងរឿង«ភរិយាឥតខាន់ស្លា» ដែលគ្រោងចាក់ផ្សាយនៅប៉ុស្ដិ៍បាយ័ន។

កញ្ញាថានេះ ជារឿងទី១ ដែលខ្លួនឡើងកាលីបស្គាល់ជាតិបានសម្ដែងជាតួអ្នកមាន ជាតួអ្នកកាលីប បើទោះជាការសម្ដែងមួយរឿងនេះ តម្រូវអោយនាងពិបាកស្វែងរកសំលៀកបំពាក់អោយសមជាអ្នកមានក្នុងរឿង។ កញ្ញារក្សា បន្តថា ខ្លួនរំពឹងនឹងស្នាដៃក្នុងរឿង«ភរិយាឥតខាន់ស្លា»ដែលខ្លួនកំពុងសម្ងំថតនេះយ៉ាងខ្លាំង ជាពិសេសបន្ទាប់ពីនាងសម្ដែងបានប៉ុន្មានថ្ងៃចុងក្រោយ ហើយកត់សម្គាល់ឃើញថាមិនត្រឹមតែបានសម្ដែងជាតួធំ និងជាតួកាលីបជាអ្នកមានតែងខ្លួនស្អាតប៉ុណ្ណោះទេ ប៉ុន្តែចរិត និងឈុតឆាកដែលត្រូវសម្ដែងក៏ស្ទើរតែគ្មានចំណុចមិនពេញចិត្ត។

អ្នកនាង ព្រំ រដ្ឋា ម្ចាស់ផលិតកម្ម បានអះអាងថា ហេតុផលដែលផលិតកម្មPR របស់អ្នកនាង ជ្រើសតារាភេទទី៣ កញ្ញារក្សា សម្ដែងជាតួលោកស្រីធំក្នុងរឿង«ភរិយាឥតខាន់ស្លា» គឺដោយសារតែអតីតអ្នកផាត់មុខអោយតួសម្ដែងកាលមិនទាន់ក្លាយជាតារាភាពយន្តរូបនេះ ពូកែសម្ដែង និងជាតារាភេទទី៣មួយរូប ដែលមានសមត្ថភាពបត់បែនគួរអោយសរសើរ។

ម្យ៉ាងមកពីនាងសម្ដែងជាតួភេទទី៣នាពេលកន្លងមកទទួលបានការចាប់អារម្មណ៍ច្រើននោះផង ទើបអ្នកនាងជ្រើសអោយសម្ដែងជាតួលោកស្រីធំ ហើយតម្រូវអោយប្រើឈ្មោះ ចូចូ ជាថ្មីម្ដងទៀត ដើម្បីរំលឹកដល់ស្នាដៃដែលនាងធ្លាប់បានសម្ដែងកាលពីលើកមុន ហើយបានល្បីនឹងឈ្មោះចែចូចូ ។

អ្នកនាងថាភាពយន្តរឿង«ភរិយាឥតខាន់ស្លា»នឹងក្លាយជាស្នាដៃដែលមានការគាំទ្រខ្លាំងក្រោយពេលថតចប់ ដោយសារតែអ្នកនាងសម្រិតសម្រាំងលើសពីរឿងមុនៗ ហើយភាពយន្តនេះក៏ចម្រុះដោយតួសម្ដែងដែលមានសមត្ថភាព ដែលអ្នកនាងត្រូវការប្រទាញទីផ្សារនៅពេលដាក់ផ្សាយលើកញ្ចក់ប៉ុស្ដិ៍បាយ័ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here