សេង សុធទ្ធិ ហែលឆ្លងពីអ្នកប្រដាល់ចង់បានលុយ ក្លាយជាតារាចម្រៀងអាជីព

0

បន្ទាប់ពីមានឈ្មោះបោះសំឡេងក្នុងនាមជាតារាចម្រៀង មានមនុស្សតិចណាស់ ដឹងថា លោក សេង សុធទ្ធិ គឺជាអតីតអ្នកប្រដាល់នៅតាមសង្វៀនទូរទស្សន៍ ដោយអ្នកគាំទ្រប្រដាល់ខ្លះស្ទើរមិនចាំនោះផង ដោយសារតែក្នុងពេលប្រដាល់ និង ក្រោយពេលធ្វើជាតារាចម្រៀង លោកបង្ហាញរូបសម្រស់ខុសគ្នា។ លោកត្រូវគេដឹងថា ប្រឡូកជាអ្នកប្រដាល់មួយរយៈធំដើម្បីយកលុយចិញ្ចឹមជីវិត ខណៈដែលជីវភាពរបស់លោកនៅក្នុងពេលនេះ ដ្បិតថាប្រសើរជាងមុន តែក៏មិនទាន់ធូរធារ។

- Advertisement -

យោងតាមការទម្លាយ លោក សេង សុធទ្ធិ ដែលត្រូវគេស្គាល់តាមរយៈការប្រលងកម្មវិធី ពេជ្រកំពុងច្នៃរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ និងកាន់តែស្គាល់ខ្លាំងតាមរយៈការបង្ហាញខ្លួនក្នុងកម្មវិធី I Can See Your Voice មានប្រវត្តិតស៊ូសម្បើមណាស់ ទម្រាំតែមានថ្ងៃនេះ។ លោកគ្រាន់តែជាអតីតក្មេងរស់នៅតាមវត្ត ដែលមានឪពុកពិកាមួយចំហៀងខ្លួន និងមានម្ដាយចាស់ជរា នៅក្នុងស្ថានភាពជីវភាពមួយខ្វះមុខខ្វះក្រោយប៉ុណ្ណេះ។ លោកត្រូវប្រឡូកការងាររកប្រាក់តាំងពីនៅក្មេង ដោយក្រោយមកក៏ក្លាយជាអ្នកប្រដាល់មួយរូបព្រោះតែចង់បានប្រាក់។ យ៉ាងហោចលោកប្រឡូកក្នុងការប្រកួតនៅលើសង្វៀនមួយចំនួន៩ដង ខណៈដែលក្នុងពេលនៅប្រដាល់លោកក៏ជាកីឡាករមួយរូបដែលមានសមត្ថភាព។ យ៉ាងណាមិញដោយសារតែការប្រកួតមួយលើកៗ ធ្វើអោយលោកត្រូវលះបង់ឈាមស្រស់សាច់ស្រស់ខ្លាំងពេក ទើបម្ដាយបង្ខំអោយឈប់ ហើយជំរុញអោយលោកធ្វើការផ្សេង។

ដោយក្ដីស្រលាញ់ និងដុងពីធម្មជាតិផង សេង សុធទ្ធិ ក៏តស៊ូក្នុងកម្មវិធីប្រលងចម្រៀងម្ដងហើយម្ដងទៀត រហូតមានអ្នកស្គាល់បន្តិចម្ដងៗ។ ទីបំផុតលោកក៏មានឱកាសឡើងឆាកទូរទស្សន៍ និង បានច្រៀងតាមភោជនីយដ្ឋានតាំងពីតម្លៃមួយយប់២ដុល្លារ ធ្វើអោយលោកអាចកែប្រែមុខមាត់ និងជីវភាព។ លោកថាអាជីពចម្រៀងនាពេលចុងក្រោយ បានជួយអោយលោកមានលទ្ធភាពមានផ្ទះអោយគ្រួសាររស់នៅលែងជួលគេដូចមុននៅស្អាង។ យ៉ាងណាមិញ ក្នុងមួយរយៈកូវីតផ្ទុះឡើងលោកក៏រងផលប៉ះពាល់ក្នុងជីវភាពផងដែរ ដោយសារតែការងារសិល្បៈរបស់លោកត្រូវស្ងាត់ ស្របពេលដែលប្អូនៗរបស់លោក ក៏គ្មានអ្វីធ្វើ ធ្វើអោយចំណូលផ្គត់ផ្គង់គ្រួសារទាំងមូលលែងមានដូចមុន។ លោកក៏ត្រូវបានគេបង្ហើបថា ក្នុងពេលខាងមុខនឹងក្លាយជាតារាចម្រៀងកុងត្រានៅក្នុងផលិតកម្មមួយ ដែលរំពឹងថានឹងធ្វើអោយជីវភាពលោកល្អប្រសើរជាងមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here