ហេង ស្រីពេជ្រដែលជា តួអង្គសំខាន់ជាងគេ ក្នុងឈុតសម្តែងបទចម្រៀងមួយដែលតម្រូវអោយនាងតិះដៀលអ្នកព្រៃវែងខ្លាំងៗ នៅតែបង្ហាញអារម្មណ៍សោកស្ដាយ បើទោះជាបញ្ហាដែលបានកើតឡើងត្រូវបានបញ្ចប់។ នាងនៅតែមានអារម្មណ៍ថា ធ្វើអោយអ្នកខេត្តព្រៃវែង អាក់អន់ចិត្ត ដោយកំហុសក្នុងការសម្ដែង ដោយស្រីពេជ្រ សុំចិត្តអោយមានការយោគយល់ និង លើកលែង អោយផង ដ្បិតនាងសម្ដែងតាមតែប៉ារ៉ូលដែលអ្នកនិពន្ធ និង អ្នកដឹកតម្រូវប៉ុណ្ណោះ។
តួសម្តែងក្នុងបទ ព្រៃវែងអាក្រក់ត្រង់ណា នាង ហេង ស្រីពេជ្រ បានបង្ហាញសោកស្តាយយ៉ាងខ្លាំង ក្នុងពេលដែលនាងបានសម្តែងតាមអ្នកដឹកនាំដោយបានប្រើប្រាស់ពាក្យសម្តីមើលងាយអ្នកខេត្តព្រៃវែង ខណះពេលដែលនាងមិននឹកស្មានដល់ចំពោះកំហុសខុសឆ្គងដ៏ធំនេះឡើយ។ នៅកាយវិកាបទចម្រៀងខាងលើ ហេង ស្រីពេជ្រ ដែលបានដើរជាតួអង្គម្តាយ ហើយបានប្រើប្រាស់ពាក្យតិះដៀលអ្នកព្រៃវែងសុទ្ធតែមនុស្សមិនល្អ ក្នុងពេលដែលតួអង្គប្រុសមកដំណ្តឹងកូនស្រីរបស់ខ្លួន និងបានបញ្ជាក់ថា ខ្លួនជាអ្នករស់នៅខេត្តព្រៃវែង។
ស្រីពេជ្រលើកឡើងថា រហូតមកទល់ពេលនេះនាងពិតជាមានការពិបាកចិត្តយ៉ាងខ្លាំង ក្រោយឈុតដែលនាងសម្តែងនោះបានទទួលប្រតិកម្ម និងរិះគន់ខ្លាំងពីមហាជន ហើយនាងមិនមានពាក្យអ្វីក្រៅពីការសុំទោសនោះដែរ។
នាងបញ្ជាក់ថា “ពេលសម្តែងខ្ញុំគិតដែរ ហើយសួរអ្នកដឹកថា អូនសម្តែងចឹងតិចប៉ះពាល់អារម្មណ៍បងប្អូនទៅ តែអ្នកដឹកថា បងឯកអ្នកសម្តែង ចឹងបងសម្តែងអោយដល់សាច់រឿងខ្ញុំ ហើយបងសម្តែងនេះគឺតាមអ្នកដឹកទេ មិនបងចង់និយាយខ្លួនឯងនោះឡើយ។
យើងរំពឹងថា ទស្សនិកជន និងលើកលែង ឈប់បន្ទោសតារារូបនេះ ក្នុងពេលនាងបាន ចេញមុខ សុំទោសផ្លូវការ នៅទូទាំងខេត្តព្រៃវែង និងថ្នាក់ដឹកនាំក៏ដូចជា ប្រជាជនទូទាំងប្រទេស ។ នាងចាត់ទុកថា ជាបទពិសោធន៏ដ៍ឈឺចាប់មួយ តាំងពីព្យាយាមតស៊ូជាមួយសិល្បៈច្រើនឆ្នាំមកហើយ ទម្រាំបានល្បីគេស្គាល់។