គ្រាន់តែបានតំណែងនៅប៉ុស្ដិ៍លេខ៥ អេ យ៉ានុត ប្រកាសត្រៀមឈប់ប្រដាល់

0

ក្នុងឱកាសបង្ហាញខ្លួនថតកុនលើកដំបូងនៅប៉ុស្ដិ៍លេខ៥ កាលពីថ្ងៃទី២៤ កក្កដា ឆ្នាំ២០១៨ មុននេះ កញ្ញាអេ យ៉ាងនុត បានប្រកាសប្រាប់ថាកញ្ញានឹងលាឈប់ការប្រដាល់ទុកអោយអ្នកជំនាន់ក្រោយ ប្រសិនបើកញ្ញាទទួលបានជោគជ័យក្នុងនាមជាតារាសម្ដែងម្នាក់ដែលមានទីផ្សារ។ នាងបានបង្ហាញខ្លួនថតរឿង«កញ្ញាជើងខ្លាំង»ដែលជារឿងភាគថ្មីរបស់ប៉ុស្ដិ៍លេខ៥ ក្រោមការដឹកនាំរបស់ផលិតករថៃ ដោយតំណែងរបស់នាងនៅក្នុងភាពយន្តនេះ គឺតួអង្គដែលចេះប្រដាល់ត្រូវនឹងជំនាញរបស់នាងតែម្ដង។

ខ្សែភាពយន្តដែលប្រកាសចេញថតក្រោមការចាត់ចែងរបស់ផលិតករថៃ នៅប៉ុស្ដិ៍លេខ៥នេះ បានសម្រេចចិត្តជ្រើសយកកញ្ញា អេ យ៉ានុត ដែលជាកូនស្រីរបស់អតីតស្ដេចប្រដាល់លោក អេ ភូថង អោយសម្ដែងជាតួសំខាន់មួយ ហើយទំនងជាភាពយន្តនេះ តម្រូវអោយនាងសម្ដែងជាតួអង្គដែលត្រូវជំនាញ និងទេពកោសល្យរបស់ខ្លួន ទើបនាងទទួលសម្ដែង។ នាងត្រូវគេអោយសម្ដែងជាតួអង្គឈ្មោះ ច័ន្ទថន ដោយក្នុងសាច់រឿងនាងគឺជានារីដែលមានចិត្តក្លាហាន ហើយជាអ្នកចូលចិត្តប្រដាល់យកឈ្នះយកចាញ់ មិនចាញ់បុរស គឺដូចគ្នានឹងជំនាញខាងក្រៅរបស់នាង និងជាតួអង្គដែលមានទឹកចិត្តល្អ ហើយជានារីដែលមិនលក់ឧត្តមគតិនៅលើសង្វៀននោះឡើយ។ នៅក្នុងភាពយន្តភាគនេះ នាងត្រូវគេដឹងថានឹងសម្ដែងច្រើនភាគ ហើយក៏ចំណាយពេលច្រើនផងដែរដើម្បីថតចប់ ប៉ុន្តែនាងថាមិនមានការប៉ះពាល់នោះទេ ទើបនាងសម្រេចចិត្តទទួលថត។ នៅក្នុងរឿងនេះ នាងស្ទើរតែសម្ដែងដូចគ្នានឹងចរិតខាងក្រៅ ហើយបើទោះជាមានប៉ារ៉ូលច្រើនដើម្បីនិយាយ តែនាងក៏អះអាងថាមិនមានផលវិបាកនោះដែរ ដោយសារតែនាងអាចលែងទឹកមុខត្រូវបាន ក្នុងពេលដែលក្នុងសាច់រឿងតម្រូវអោយនាងសម្ដែងមិនខុសគ្នាពីចរិតខាងក្រៅ។

ផលិតករនិយាយថា តួអង្គរបស់នាង គឺត្រូវនឹងអាជីពខាងក្រៅរបស់អេ យ៉ានុត តែម្ដង ដោយសារតែនាងគឺជាកីឡាការិនីផ្នែកប្រដាល់ស្រាប់ ដែលមិនពិបាកក្នុងការតម្រូវអោយតួអង្គហ្វឹកហាត់ផ្នែកប្រដាល់អោយបានស្ទាត់ចេញ ជៀសវាងសម្ដែងមិនបានល្អនោះ។ យ៉ាងណាមិញ ក្នុងប្លង់របស់នាងក៏ត្រូវពិបាករឿងលេងទឹកមុខផងដែរ ក្នុងពេលដែលនាងដ្បិតថាមានទេពកោសល្យខាងផ្នែកប្រដាល់ត្រូវនឹងអ្វីដែលខាងសាច់រឿងចង់បាន ប៉ុន្តែសម្រាប់តែការលេងភ្នែក និងទឹកមុខ គឺនៅមិនទាន់ដឹងថាតើនាងនឹងលេងបានល្អ ឬយ៉ាងណា?

អេ យ៉ានុត ថា ក្នុងរឿងភាគ«កញ្ញាជើងខ្លាំង» ផលិតករ និងអ្នកពាក់ព័ន្ធបានត្រៀមយុទ្ធសាស្រ្តដើម្បីបង្វឹកនាងចេះលេង ភ្នែក និងទឹកមុខ ព្រមទាំងប៉ារ៉ូលរួចហើយ ទើបនាងទទួលថតដោយរំពឹងថានឹងជោគជ័យ មិនមានចំណុចឆ្គាំឆ្គង។ នាងបានទាំងប្រកាសថានឹងប្រឹងសម្ដែងអោយអស់ពីសមត្ថភាព ដើម្បីដណ្ដើមយកការចាប់អារម្មណ៍ ដើម្បីដកខ្លួនពីអាជីពប្រដាល់ និងចាប់អាជីពសម្ដែងអោយស៊ុហ្វ។ នាងថាការប្រដាល់ធ្វើអោយនាងបែកមុខបែកមាត់ ហើយកាន់តែមិនសមសម្រាប់វ័យរបស់នាងនៅក្នុងពេលនេះ ទើបនាងយល់ថាបើការសម្ដែងជោគជ័យ គឺចាប់អាជីពសម្ដែងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here