កាលពីល្ងាចថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០២០ ផលិតករ និង តួសម្ដែង ក្នុងរឿង”អន្ទាក់ស្នេហ៍” បានចុះទៅ Surprise អ្នកគាំទ្រដល់រោងកុន នៅបឹងកក់ ដោយតាមការកត់សម្គាល់ គឺក្រោមពាក្យស្លោកថា «ខ្ញុំគាំទ្រភាពយន្ដខ្មែរ» ហាក់ក្លាយជាគន្លឹះជួយពញាក់អារម្មណ៍អ្នកគាំទ្រខ្មែរ អោយងាកមកចាប់អារម្មណ៍ភាពយន្ដខ្មែរខ្នាតធំនៅតាមរោងភាគច្រើន បូករួមទាំងភាពយន្តនេះផង។ លោក សន ពិសិដ្ឋ ដែលជាតួឯកសំខាន់ បង្ហាញអារម្មណ៍រំភើប បន្ទាប់ពីបានចុះទៅជួបអ្នកគាំទ្រ ដោយផ្ទាល់។
លោក សន ពិសិដ្ឋ ជាតួអង្គឯក និយាយថាខ្លួនមានអារម្មណ៍រីករាយយ៉ាងខ្លាំង ដែលពេលលោកទៅដល់រោង ហើយក៏មានអ្នកគាំទ្រភាគច្រើនសុំថត និង អោបថើប។ លោកថាខ្លួនសប្បាយចិត្ត ដែលភាពយន្តខ្លួនសម្ដែង ទើបតែដាក់បញ្ចាំងបានរយៈពេល ៤ ថ្ងៃប៉ុណ្ណោះ តែភាពយន្ដខ្មែរមួយនេះ ហាក់មានសន្ទុះខ្លាំង ស្របពេលដែលភាពយន្ដបរទេសល្បីៗកំពុងតែដាក់បញ្ចាំងទន្ទឹមថ្ងៃគ្នា។ រឿង«អន្ទាក់ស្នេហ៍ » ត្រូវបានអ្នកគាំទ្រជាច្រើនលើកសរសើរថា ប្លង់ទេសភាពស្រស់ស្អាត ជារឿងមនោសញ្ចេតនាទេ តែហួសពីការរំពឹងទុក ពោលគឺ ផ្ទុះសំណើចតាំងពីដើមរឿងរហូតដល់ចប់ បើទោះបីជាយើងមកមើលរឿងច្រើនដងក្ដី។ មានអ្នកខ្លះទៀតលើកសរសើរពីតារាសម្ដែង លោក ជីវ័ន្ដដែលជាតួអង្គថ្លុកនៅក្នុងរឿងនេះទាំងមូល និងរូបលោកផ្ទាល់ ថាសម្ដែងឥតខ្ចោះនោះផង ទើបលោកកាន់តែមានកម្លាំងចិត្ត។
យុវជន ព្រីកា តំណាងផលិតកម្ម Space Sp Production បានថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ ដែលបានចំណាយពេលវេលា និងថវិកាទិញសំបុត្រ ដើម្បីគាំទ្រភាពយន្ដខ្មែរ។ សូមជម្រាបថា លោក ព្រីកា គឺផលិតករដឹកនាំផលិតរឿងមួយនេះ ហើយលោកក៏ជាអតីតក្មេងរើសសំរាមនៅតំបន់ស្ទឹងមានជ័យ តែលោកត្រូវបានលោក Scott ទទួលយកមកចិញ្ចឹមជាកូនធម៌ហើយបានបណ្ដុះបណ្ដាលរហូតទទួលបានសមិទ្ធផលជាច្រើន ចំណែកឯភាពយន្តរឿង «អន្ទាក់ស្នេហ៍» នេះដែរ លោកក៏អ្នកគ្រប់គ្រងការផលិតក្នុងរឿងទាំងស្រុងផងដែរ។