បេក្ខភាពកម្ពុជា៤២រូប ទទួលបានមេដាយមាស ក្រោយខកខានការដណ្ដើមពានផ្នែកតន្ត្រី និង ចម្រៀងនៅម៉ាឡេស៊ី

0

បើទោះគម្រោងបញ្ជូនបេក្ខភាពចំនួន៤២រូប ចេញទៅប្រកួតដណ្ដើមពានអន្តរជាតិនៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានលុបចោល ដោយសារតែការផ្ទុះឡើងនៃជំងឺកូរ៉ូណា ក៏ក្រុមតារាចម្រៀង និងតន្ត្រីករក្មេងៗរបស់លាសាស្រណោះតន្ត្រី ដែលសុទ្ធសឹងតែបេក្ខភាពឆ្នើមទាំងនោះ នៅតែត្រូវបានបង្ហាញសមត្ថភាព កាលពីថ្ងៃទី២៣ កុម្ភៈ នៅក្នុងស្រុក នៅក្នុងសណ្ឋាគារសាន់វេ។ ក្រោយការសម្ដែងលើឧបករណ៍វីយូឡុង ហ្គីតា ព្យាណូ និង ចម្រៀង ក្មេងៗទាំង៤២រូប ក៏ត្រូវបានលោក សូ ស្រណោះ ប្រគល់ជូននូវមេដាយមាសម្នាក់១ ដើម្បីជាការលើកទឹកចិត្តផងដែរ។

លោក សូ ស្រណោះ និយាយថា ដោយសារតែលោក និង អាណាព្យាបាលសិស្ស សុទ្ធតែមុនចង់ប្រថុយប្រថាននឹងការផ្ទុះឡើងនៃជម្ងឺកូរ៉ូណា ដែលកំពុងវាយលុក និង ចង់លើកទឹកចិត្តអោយកូនសិស្សទាំង៤២នាក់ ដែលខំប្រឹងហ្វឹកហាត់ចម្រៀង និង តន្ត្រីរហូតដល់៥ខែ តែបែរជាមិនបានចេញទៅដណ្ដើមពាននោះ ទើបលោករៀបចំជាការសម្ដែងទ្រង់ទ្រាយធំនៅក្នុងស្រុកវិញ ដើម្បីបង្ហាញថាបេក្ខភាពរបស់កម្ពុជាទាំង៤២រូបដ្បិតថាមិនបានចេញប្រកួត តែក៏មានសមត្ថភាពខ្លាំងៗតាមជំនាញរៀងខ្លួន ក្រោយការបង្វឹកផងដែរ។ លោកថាក្មេងៗដែលមានឈ្មោះត្រូវទៅប្រកួត នៅក្នុងប្រទេសម៉ាឡេស៊ី តែខកខានទាំងនោះ សុទ្ធសឹងតែបានឆ្លងកាត់ការបង្ហាត់បង្រៀនជាច្រើនឆ្នាំនៅក្នុងសាលាស្រណោះតន្ត្រី និងត្រូវបានប្រលងជ្រើសរើសដោយគណកម្មការជំនាញ ទើបលោកក៏សម្ដែងអារម្មណ៍សោកស្ដាយដូចគ្នា ដែលបេក្ខភាពទាំងនោះ ខកខានក្នុងការប្រកួតយកពានអន្តរជាតិ។ លោកបានទាំងបង្ហាញក្ដីសង្ឃឹមថា ប្រសិនបើបេក្ខភាពទាំងនេះ មានឱកាសចេញទៅម៉ាឡេ គឺនឹងឈ្នះពានមាស និង ពានផ្សេងៗមកកាន់កម្ពុជាវិញ មិនតិចជាងពាក់កណ្ដាលនោះផង ដោយសារតែពេលកន្លងមក លោកធ្លាប់បានដឹកនាំក្មេងៗទាំងនេះ ទៅប្រលងចម្រៀង និងតន្ត្រី លើឆាកអន្តរជាតិ គឺឈ្នះបានពានមាសជារឿយៗ។

ងាកមកការសម្ដែងជាជំនួស នៅក្នុងស្រុកនេះវិញ លោក សូ ស្រណោះ បញ្ជាក់ថា លោកពិតជាមានមោទនភាពដែលក្មេងៗទាំងនោះបង្ហាញសមត្ថភាពបានល្អ ខណៈដែលភ្ញៀវកិត្តិយសប្រមាណជាង២០០នាក់ មកពីស្ថាប័នផ្នេងៗ រួមមានតំណាងអង្គទូត ដែលបានចូលរួម ជាពិសេសគឺអាណាព្យាបាល ដែលឃើញការបង្ហាញទេពកោសល្យរបស់កូនខ្លួនបានល្អ គឺសប្បាយចិត្ត បើទោះមិនមែនជាការបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ។ លោកថាឆ្នាំក្រោយ បេក្ខភាពទាំងនេះ នឹងនៅតែត្រៀមទៅប្រកួតដណ្ដើមពាននៅក្រៅប្រទេសដដែល ដើម្បីបង្ហាញថាវិស័យតន្ត្រី និងចម្រៀងរបស់កម្ពុជា មានការរីកចំរើន។

LEAVE A REPLY

Please enter your comment!
Please enter your name here