តែម្នាក់ឯង តែ អ៊ិន សុភិន ជោគជ័យ៣វិស័យ យ៉ាងកម្រ

0

គឺជារឿងកម្រណាស់ដែលបុគ្គលម្នាក់ជោគជ័យ៣វិស័យព្រមគ្នា ខណៈដែលវិស័យទាំង៣នោះសុទ្ធតែជួយអោយលោក អ៊ិន សុភិន ទទួលបាននូវមុខមាត់ និងប្រាក់ចំណូលខ្ពស់។ វិស័យទាំង៣នោះសំខាន់តែដាច់ចេញពីគ្នា ដែលកម្រមានមនុស្សតែម្នាក់ អាចគ្រប់គ្រងបានទៅទៀត។

វិស័យទាំង៣ដែលលោក អ៊ិន សុភិន ជោគជ័យយ៉ាងសម្បើមនោះរួមមាន៖

១ វិស័យផលិតកុន៖ ខណៈផលិតករភាគច្រើនស្ទើរតែត្រដរខ្យល់ក្នុងការស្វែងរកទីផ្សារ និង ដើមទុនផលិតរឿងមិនបាន ប៉ុន្តែសម្រាប់ផលិតកម្មមហាហង្ស មានសកម្មភាពក្រុងពាលីផលិតរឿងមួយឆ្នាំ៤-៥ក្នុងមួយឆ្នាំៗ។ ទាំងរឿងភាគផលិតអោយទូរទស្សន៍ និងភាពយន្តដុំ គឺលោកជោគជ័យព្រមគ្នា ដោយមុននេះបន្តិច លោកក៏បានធ្វើអោយមហាជនភ្ញាក់ផ្អើល ព្រោះតែបាននាំយករឿង”លោកឪពុក”ទៅប្រកួតនៅម៉ាកាវ ហើយទទួលបានពានមួយត្រលប់មកវិញនោះផង។ យ៉ាងណាមិញគេមើលឃើញថា លោកសំបូរទុនផលិតភាពយន្តមិនខ្វល់ពូរឿងដួលរលំ គឺដោយសារតែលោកមិនពឹងទុនពីការផលិតរឿងច្រើនជាង ដោយសារតែលោកគឺម្ចាស់មុខជំនួញច្រើនមុខនៅខាងក្រៅ។

២.វិស័យជំនួញ៖ មនុស្សតិចណាស់ ចាប់អារម្មណ៍ថាលោកមានជំនួញអ្វីនៅពីក្រោយខ្នង។ លោកគឺជាម្ចាស់ក្រុុមហ៊ុនដឹកជញ្ជូនធំមួយនៅជិតរង្វង់ទួលគោក ដោយក្រុមហ៊ុនរបស់លោកក៏ទទួល សេវាបញ្ញើក្នុង និងក្រៅប្រទេស ដែលមានសាខា និង ទីផ្សារជោគជ័យយ៉ាងខ្លាំង។ ក្រៅពីនោះ លោកនៅមានគម្រោងខុនដូរជាច្រើនកន្លែង ដែលត្រូវគេដឹងថា គ្រាន់តែដើមទុនគឺច្រើនលានដុល្លារ។ ជំនួញមួយទៀត ដែលលោកក្ដោបក្ដាប់ប្រាក់ចំណូលសម្រាប់ទ្រទ្រង់វិស័យភាពយន្តបានល្អមួយទៀត គឺក្រុុមហ៊ុនម៉ៅការគូប្លង់ និង ដេគ័រ អគារធំៗ ដោយមានក្រុមហ៊ុនជាតិ និងអន្តរជាតិមិនតិចទេ គឺជាអតិថិជនរបស់លោក។ អ្វីដែលគួរអោយសរសើរ គឺលោកក្ដោបក្ដាប់គម្រោងជំនួញទាំងនេះ អោយស្ទុះឡើងមិនចាញ់ផលិតកម្មដែលលោកធ្វើអោយដំណើរការ។

៣.វិស័យកីឡា៖ បន្ថែមពីលើអាជីពផលិតករ និង ជំនួញ លោកក៏ត្រូវគេដឹងថា ជោគជ័យក្រោយពេលលោកបង្កើតក្រុមបាល់ទាត់តារាមហាហង្សផងដែរ។ រយៈពេលខ្លីប៉ុណ្ណោះ លោកអាចប្រមូលតារាល្បីៗ ដែលមានទេពកោសល្យទាត់បាល់ អោយក្លាយជាសមាជិក និងថែមទាំងធ្វើអោយក្រុមមួយនេះក្លាយជាក្រុមល្បីមួយក្នុងចំណោមក្រុមបាល់ទាត់មិនអាជីព និង ពាក់កណ្ដាលអាជីព។ មនុស្សម្នាក់មិនសុទ្ធតែអាចគ្រប់គ្រងវិស័យទាំង៣ ដែលប្រើជំនាញដោយឡែកពីគ្នា អោយជោគជ័យព្រមគ្នាបែបនេះបានទេ។ ជាមួយនឹងស្នាដៃដែលអ្នកណាៗក៏ទទួលស្គាល់នេះហើយ ដែលលោក ត្រូវបានគណកម្មការ Miss Grand International ផ្ដល់សិទ្ធិអោយរៀបចំ Miss Grand Cambodia ចាប់ពីឆ្នាំ២០២០នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here