ភាពយន្ត២របស់ផលិតកម្មក្លាស៊ិក ទទួលបានសិទ្ធិចាក់ផ្សាយនៅ TVK ផ្លូវការ

0

រុន ណាកូ

នៅទីបំផុតភាពយន្តចំនួន២ របស់ផលិតកម្មក្លាស៊ិកត្រូវបានទូរទស្សន៍ជាតិ ប្រកាសក្នុងសន្និសីទជាផ្លូវការហើយថា នឹងដាក់ផ្សាយនៅក្នុងស្ថាប័នរបស់ខ្លួន ដោយទូរទស្សន៍ជាតិ ក៏ប្រកាសអោយផលិតកម្មមួយនេះផលិតភាពអោយបានច្រើនបន្ថែមទៀត ដើម្បីត្រៀមបង្ហាញបន្តបន្ទាប់ផងដែរ។ នេះជាជោគជ័យមួយ ដែលផលិតកម្មក្លាស៊ិកទទួលបាន ព្រមជាមួយនឹងផលិតកម្មមហាហង្ស ក៏ត្រូវបានប្រកាសថាជាដៃគូរបស់ទូរទស្សន៍ជាតិដែរនោះ។

លោក ហួរ សុផល និយាយថា តាមរយៈកុងត្រាផលិតកម្មក្លាស៊ិកនឹងដាក់ភាពយន្តចំនួន២ ដែលខ្លួនផលិតបាន គឺរឿង”មន្តស្នេហ៍នាងដារីយ៉ា” និង រឿង”ទឹកភ្នែកមួយលានដំណក់” ដែលសុទ្ធសឹងតែជាភាពយន្តយុវវ័យ។ លោកកាន់តែសប្បាយចិត្តដែលឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធិ បានគាំទ្រអោយផលិតកម្មរបស់លោកផលិតរឿងអោយបានច្រើនផ្គត់ផ្គង់ដល់ទូរទស្សន៍ជាតិក្នុងពេលបន្តបន្ទាប់។ លោកក៏ប្រកាសជំហរផលិតភាពយន្តអោយបានច្រើនតាមអ្វីដែលបានព្រមព្រៀងនោះផងដែរ ខណៈដែលលោកក៏នឹងចេញប្រតិបត្តិការផលិតភាពយន្តខ្នាតធំសម្រាប់រោងកុនជាថ្មីផងដែរ។

លោក រុន ណាកូ តួឯកក្នុងរឿង”ទឹកភ្នែកមួយលានដំណក់” ដែលកំពុងក្លាយជាអ្នកសារព័ត៌មានផ្នែកសិល្បៈមួយរូបផង បានបង្ហាញការសាទរ បន្ទាប់ពីភាពយន្តដែលលោកសម្ដែងត្រូវបានទូរទស្សន៍ជាតិ ដែលមានវិសាលភាពផ្សាយគ្របដណ្ដប់ទូទាំងប្រទេស និងដល់ក្រៅប្រទេសផងទទួលចាក់ផ្សាយ។ យ៉ាងណាមិញលោកសម្ដែងការសោកស្ដាយ ដែលថ្ងៃសន្និសីទប្រកាសជាផ្លូវការដោយស្ថាប័នមួយនេះ លោកជាប់ប្រលងពេទ្យ ហើយអវត្តមានចូលរួម។ លោកថានេះសញ្ញាណរីកចំរើននៅក្នុងវិស័យភាពយន្តខ្មែររបស់ផលិតកម្មក្លាស៊ីក ហើយក៏ជាជោគជ័យក្នុងការសម្ដែងរបស់ខ្លួនដែលបានទទួលតំណែងតួឯក ក្រោមការលើកស្ទួយរបស់ផលិតកម្មចាស់វស្សាមួយនេះ។ ជាមួយគ្នានោះលោកក៏ប្រកាសផងដែរថា នឹងទទួលសម្ដែង និងដើរម៉ូដឡើងវិញពេញទំហឹង បន្ទាប់ពីការសិក្សាជំនាញពេទ្យរបស់ខ្លួនបញ្ចប់ជាស្ថាពរហើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here