វង្ស សុម៉ាលីន
បន្ទាប់ពីបញ្ចប់បេសកម្មផលិតនិង ថតភាពយន្តចំនួន ៣ រឿងព្រមគ្នារួចមក ស្ថានីយន៍ទូរទស្សន៍ប៉ុស្ត៍លេខ ៥ បានធ្វើពីធីជប់លៀងអបអរ និងលើកទឹកចិត្តដល់ ក្រុមផលិតករ តារាសិល្បៈ ព្រមទាំងបុគ្គលិក។ កម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅក្នុងភោជនីយដ្ឋាន សមុទ្រព្រិល នាត្រីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២០ នេះ។
ពិធីជប់លៀងបិទបញ្ចប់ការថតខ្មែរភាពយន្តភាគខ្មែរនេះក៏សង្កេតឃើញ មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់តារាល្បីៗជាច្រើនដួង។ ក្នុងនោះមានដូចជា កញ្ញា ព្រះកាយច័ន្ទ, កញ្ញា ទឹម រដ្ឋា, លោក អៀង ចេនឡា, លោក លឹម រដ្ឋា និង តារាកិត្តិយសល្បីៗ ព្រមទាំងក្រុមផលិតករខ្មែរ-ថៃ ជាច្រើនរូបបានអញ្ជើញមានវត្តមាននៅក្នុងកម្មវិធី។
យ៉ាងណាមិញខ្សែរភាពយន្តទាំង៣ ដែលទើបតែបញ្ចប់ការថតថ្មីៗ ក្នុងនោះរួមមានរឿង « ភ្លើងគុំនំ » រឿង « និស្ស័យខ្លុយស្នេហ៍ » និងរឿង « សម្បថដងស្ទឹង »។ ហើយភាពយន្តទាំងនេះក៏ជាស្នាដៃរបស់ក្រុមផលិតករមកពីប្រទេសថៃ សហការណ៍ជាមួយនឹងក្រុមផលិតករខ្មែរប៉ុស្ត៍លេខ ៥ រួមគ្នាដើម្បីផលិតជាខ្សែរភាពយន្តដ៏ល្អឯកដើម្បីបម្រើចំណីចក្ខុរបស់ទស្សនិកជនអ្នកគាំទ្រដល់ស្ថានីយ៍ទូរទស្សន៍ប៉ុស្ត៍លេខ៥ផងដែរ ពិសេសនោះគឺដើម្បីគាំទ្រវិស័យកុនខ្មែរ ឱ្យកាន់តែល្បីល្បាញថែមទៀតផង។ យ៉ាងណាមិញ រឿងទាំង៣ គឺជាសមិទ្ធផលទី២២រួចមកហើយ ហើយក៏នឹងមានចាក់បញ្ចាំងនាពេលឆាប់ៗខាងមុខនេះជាបន្តបន្ទាប់ផងដែរនៅក្នុងកញ្ចក់ទូរស្សន៍ប៉ុស្ត៍លេខ៥ផ្ទាល់តែម្ដងបន្ទាប់ពីរឿងផ្សេងៗត្រូវបានបញ្ចប់។
ចង់ដឹងថាសាច់រឿងដែលជាស្នាដៃថ្មីនេះមានការអញ្ជើញចូលរួមសម្ដែងពីតារាល្បីៗរូបណាខ្លះ ពិសេស សាច់រឿងមានភាពប្រទាក់ក្រឡា និងគួរឱ្យចាប់អារម្មណ៍កម្រិតណា សូមកុំភ្លេចរង់ចាំតាមដានទស្សនានៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ត៍លេខ៥ក្នុងពេលឆាប់ៗខាងមុខនេះ។