រោងទងទី៣ នៃប្រាសាទបន្ទាយឆ្មារ បានបញ្ចប់ការជួសជុលជាស្ថាពរ

0

វង្ស សុម៉ាលីន

កាលពីថ្ងៃងៃអាទិត្យទី ៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២០ គណដឹកនាំខេត្តបន្ទាយមានជ័យបានធ្វើពិធី បិទការដ្ឋានអភិរក្សនិង ជួសជុលរោងទងខាងលិច ឈៀងខាងជើងប្រាសាទបន្ទាយឆ្មារ ។

ក្នុងឱកាសពិធីដ៏មហោឡារិកនេះក៏មានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវ ភឿន សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ព្រមទាំងលោកជំទាវឧញ្ញ៉ា ម៉ៅ មាល័យ កែគឹមយ៉ាន ដែលជាប្រធានកិត្តិយស សមាគមនារីកម្ពុជាដើម្បីសន្តិភាព និង អភិវឌ្ឍខេត្តបន្ទាយមានជ័យ និង លោកជំទាវ ប៊ុក ណាឌី ដែលត្រូវជាអភិបាលនៃគណអភិបាលខេត្តបន្ទាយមានជ័យផ្ទាល់តែម្ដង។ មិនតែប៉ុណ្ណោះក៏មានបងប្អូនប្រជាពលរដ្ឋ និង សិស្សានុសិស្សជាច្រើនបានអញ្ជើញចូលរួមសំណេះសំណាល និង ធ្វើពិធីកាត់ខ្សែរបូណ៌ សម្ភោធជញ្ជាំងនៃប្រាសាទបន្ទាយឆ្មារផងដែរ។

ដោយមើលឃើញពីភាពបាក់ស្រុតបន្តិចម្ដងៗរហូតរលំដួលស្ទើរទាំងស្រុង ដោយសារតែឬសឈើដុះរុំព័ន្ធដូចពោះខៀវ ធ្វើឱ្យជញ្ចាំងមានទម្ងន់រហូតរលំថុំថ្មរគរលើគ្នា ទើបលោកជំទាវបានរិះរកគ្រប់មធ្យោបាយដើម្បីធ្វើការជួសជុល ពិសេស ទិដ្ឋភាពចម្លាក់ថ្មរ ដែលដួលរលំអស់រយៈកាលជាយូរមកហើយ ឱ្យមានរូបរាងឡើងវិញ។ ហើយការជួសជុលនេះដែរ គឺវិស្វករជំនាញបានប្រើបច្ចេកទេសបុរាណ តែសម្ភារៈទំនើប ដូចជាគ្រឿងចក្រ ដែក កាវ សម្រាប់បិទភ្ជាប់ថ្មរដែលបែកបាក់ ដើម្បីពង្រឹងឡើងវិញជាដើម។

គួរបញ្ជាក់ផងដែរថា ការជួសជុលរោងទងទី៣ ផ្នែកខាងលិចឆៀងខាងជើងនេះ បានចាប់ផ្ដើមអនុវត្តន៍ការងារចាប់ពីខែមីនា និង បញ្ចប់ការជួសជុលនៅក្នុងខែធ្នូ ឆ្នាំ ២០១៩។ រោងទងនេះមានប្រវែង ៥០ ម៉ែត្រ និងកម្ពស់ជញ្ជាំងដែលនៅសល់ពីក្រោមទៅលើប្រហែល ៤ ម៉ែត្រ។ គម្រោងជួសជុលនេះដែរត្រូវបានទទួលការឧបត្ថមពីសំណាក់លោកជំទាវឧកញ្ញ៉ា ម៉ៅ មាល័យ ក្នុងគម្រោងទឹកប្រាក់សរុបដល់ទៅ ៦៧ ម៉ឺនដុល្លា ។

យ៉ាងណាមិញ គោលបំណងនៃការជួសជុលរោងទងនេះ គឺលោកជំទាវ ចង់លើកស្ទួយតម្លៃសោភ័ណ្ឌភាពប្រាសាទបន្ទាយឆ្មារ ដែលតំណាងឱ្យសម្បត្តិវប្បធម៌ជាតិ ក្នុងខេត្តបន្ទាយមានជ័យ។ និងរួមចំណែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរមកទស្សនាប្រាសាទមួយនេះឱ្យកាន់តែច្រើន។

LEAVE A REPLY

Please enter your comment!
Please enter your name here