អ៊ិន សុភិន ត្រៀមភាពយន្តចូលមហោស្រពធំៗ ក្រោយឈ្នះពាននៅម៉ាកាវ

0

ក្នុងដំណើរមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី៩ មករា ឆ្នាំ២០២០ លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស ដែលទើបលើកពានក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិអាស៊ីប៉ាស៊ីហ្វិក នៅម៉ាកាវ ប្រទេសចិន បានបញ្ជាក់ថា លោកនឹងយកភាពយន្តដែលខ្លួនសម្រិតសម្រាំងចូលប្រកួតក្នុងមហោភាពយន្តលើឆាកអន្តរជាតិធំទៀត។ លោកគម្រោងយករឿងល្អចូលមហោស្រពអន្តរជាតិធំមួយនៅចុងឆ្នាំនេះ និងគម្រោងផលិតភាពយន្តរឿង”ភ្នំដងរែក” ដែលជាការចាប់ដៃជាមួយផលិតករបរទេស ដើម្បីយកទៅប្រកួតនៅក្នុងមហោស្រពភាពយន្តអូស្ការនោះផង។

លោក អ៊ិន សុភិន និយាយថា សម្រាប់ការដណ្ដើមពានជាភាពយន្តឆ្នើម ឬ ពានសំខាន់ៗ នៅក្នុងមហោស្រពភាពយន្តអន្តរជាតិ ស្នាដៃរបស់ខ្មែរមិនអាចប្រកួតប្រជែងកើតនោះទេ ប៉ុន្តែលើឆាកអន្តរជាតិគេមានពានភាពយន្តមានសាច់រឿងល្អ ភាពយន្តដែលមានតម្លៃអប់រំល្អ និង ពានលើផ្នែកតូចៗនៅក្នុងភាពយន្តនីមួយៗច្រើនទៀត ដែលលោកយល់ថាភាពយន្តខ្មែរ គឺអាចដណ្ដើមបាន ប្រៀបដូចជាភាពយន្តរឿង”លោកឪពុក” ដែលទទួលបានពានជាភាពយន្តមួយ ដែលមានតួអង្គរងគឺលោក យស បូវណ្ណៈ សម្ដែងបានល្អត្រូវនឹងសាច់រឿងដូច្នេះដែរ។ លោករំពឹងថាផលិតករបរទេស នឹងកាន់តែអោយតម្លៃភាពយន្តខ្មែរ ជាក់ស្ដែងដោយសារតែលោកឩស្សាហ៍នាំយកភាពយន្តរបស់ខ្លួន ទៅបង្ហាញនៅក្នុងមហោស្រពអន្តរជាតិនោះហើយ ទើបធ្វើអោយលោកទទួលបានឱកាសចាប់ដៃជាមួយផលិតករបរទេសជាបន្តបន្ទាប់ ដែលតាមគម្រោងគឺលោក និង ផលិតរឿងមួយក្រោមចំណងជើងថា”ភ្នំដងរែក”ដើម្បីយកទៅប្រកួតក្នុងមហោស្រពភាពយន្តអន្តរជាតិអូស្ការក្នុងពេលខាងមុខ។ លោកថាគឺមោទនភាពដែលផលិតកម្មមហាហង្សនាំភាពយន្តពីរទៅប្រកួតនៅម៉ាកាវ ហើយភាពយន្តទាំងពីរសុទ្ធតែជោគជ័យ ដោយភាពយន្តរឿង”លោកឪពុក” ឈ្នះពានតួរងប្រុសឆ្នើម ហើយភាពយន្តរឿង”ព្រលឹង” បានជាប់ក្នុងជម្រើស៣ចុងក្រោយ ជារឿងដែលមាន The Best Visual Effect ដែលមានគម្រោងប្លង់រឿងល្អ។ ក្នុងនោះក៏ជាមោទនភាពផងដែរ ដែលតារាខ្មែរ ត្រូវបានបង្ហាញឱកាសដើរលើកម្រាលព្រំក្រហមដ៏ធំ ក្នុងការចូលរួមនាពេលនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here