ផេន ខេត ជម្រះមន្ទិលស្នេហា

0

វង្ស សុម៉ាលីន

កន្លងមកលោកអ្នកបានជ្រាបរួចមកហើយថា តារាកំប្លែងភេទទីបី កញ្ញា ផេន ខេត មានទំនាក់ទំនងស្នេហាជាមួយនឹងកម្លោះសង្ហារម្នាក់។ នៅពេលនេះដែរកញ្ញាក៏បានបើកទម្លាយនូវរឿងរ៉ាវស្នេហារបស់អ្នកទាំងពីដើម្បីបញ្ចប់ការងឿងឆ្ងល់។

ស្នេហារវៀងកញ្ញា ផេន ខេត និង គូរស្នេហ៍ ឈ្មោះវិឆ្ឆ័យ សឹងតែធ្វើឲ្យមហាជនមួយចំនួនបាក់ចង្កះទៅហើយ ព្រោះនឹកស្មានមិនដល់ថា មានកំលោះសង្ហារម្នាក់ហ៊ានដាក់ចិត្តដាក់កាយស្រឡាញ់នាង ឡើយ។ មិនតែប៉ុណ្ណោះមានមហាជនភាគច្រើនងឿងឆ្ងល់ថាតើចំណងស្នេហ៍អ្នកទាំងពីរជាការពិត ឬគ្រាន់តែសម្ដែងធ្វើឱ្យមហាជនចាប់អារម្មណ៍ឬក៏យ៉ាងណា។

ក្នុងជំនួបផ្ទាល់នឹង ផ្ទះរាតា កញ្ញា ផេន ខេត បានរៀបរាប់ពីចំណងស្នេហាយ៉ាងស្អិតរមួតរបស់ខ្លួនដើម្បីឱ្យទស្សនិកជនបានជ្រាបច្បាស់។ នាងបានអះអាងថា រវៀងនាងនិង សង្សា គឺស្គាល់គ្នាបានរយៈពេលជិតពីរឆ្នាំមកហើយ ផ្ដើមពីរអ្នកគាំទ្រស្រឡាញ់ចូលចិត្ត ហើយអ្នកទាំងពីរក៏មានការចាប់អារម្មណ៍គ្នាទៅវិញទៅមករហូតបានទាក់ទងជាគូរស្នេហ៍ និងស្វែងយល់ចិត្តគ្ជាសង្សាមកទល់សព្វថ្ងៃនេះ។ មិនតែប៉ុណ្ណោះស្នេហាអ្នកទាំងពីរក៏បានដឹងឮដល់ចាស់ទុំ ឪពុកម្ដាយទាំងសងខាង ព្រមទាំងមានការព្រមព្រៀងឱ្យភ្ជាប់សាច់ឈាមជាមួយគ្នាក្នុងពេលឆាប់ៗនេះ ដោយមិនគិតពីភេទដូចគ្នានោះឡើយ។ នាងក៏សប្បាយចិត្តនឹងទទួលយកក៏ព្រោះពេលនេះរូបរាងកាយរបស់នាងក៏ជាមនុស្សស្រីពិតៗ អាចរស់នៅជាមួយគ្នាដូចជាប្ដីប្រពន្ធទូទៅ បើទោះជាពុំអាចមានកូនជាមួយគ្នាក្ដី ក៏នាងនៅតែរីករាយនឹងទទួលយកអ្វីដែលនាងបានជ្រើសរើសផងដែរ។

សម្រាប់កញ្ញា ផេន ខេត ផ្ទាល់នាងក៏មានការភ្ញាក់ផ្អើលនិងសឹងមិនគួរឱ្យជឿដូចគ្នា នៅពេលដែលគូរស្នេហ៍បានសុំនាងរៀបការ។ ពីព្រោះនាងក៏ធ្លាប់គិតថាបើទោះជាខ្លួនបានកែរភេទជាស្រី១០០% រួចក្ដី ប៉ុន្តែនាងមិនអាចកុហក់ខ្លួនឯងបាននោះទេថានាងជាអ្នកណា ដោយនាងមិនសូវជឿជាក់ថាគូស្នេហ៍របស់នាងនឹងព្រមទទួលយកនាងជាគូរអនាគតពិតនោះទេ។ ជាងនេះទៅទៀតនាងក៏ធ្លាប់គិតពីសម្ដីរបស់មហាជនដែលនិយាយមកថា គេគ្រាន់តែចូលមកលេងសើចក្នុងជីវិតរបស់នាង ដោយសារនាងជាបុគ្គលម្នាក់ដែលល្បី ឬក៏អាចផ្ដល់អ្វីៗឱ្យគេបាន។ ប៉ុន្តែបន្ទាប់ពីបានសិក្សាចិត្តគ្នាអស់រយៈពេលបានយូរគ្រាន់បើដែរនោះ នាងក៏មានទំនុកចិត្តនឹងសង្សាហើយព្រមទទួលការរៀបការសាងអនាគតជាមួយគ្នាផងដែរ ។

យ៉ាងណាមិញនាងក៏បានផ្ដាំផ្ញើរដល់អ្នកគាំទ្ររបស់នាងឈប់ឱ្យមានការសង្ស័យចំពោះចំណងស្នេហ៍របស់នាងនិងអនាគតស្វាមីបន្តទៀត។ ពីព្រោះស្នេហារបស់អ្នកទាំងពីរគឺជាការពិតដោយស្រឡាញ់គ្នា ចិត្តនិងចិត្តមិនមែនដើម្បីបង្ហាញឱ្យគេឃើញដើម្បីទាក់ទាញចំណាប់អារម្មណ៍ចង់ល្បីនោះទេ។ ជាងនេះទៅទៀតនាងក៏បញ្ជាក់ថានាងនឹងមានដំណឹងល្អក្នុងពេលឆាប់ៗនេះជាមួយនឹងសង្សាសំណព្វចិត្តផងដែរដើម្បីបញ្ចប់មន្ទិលនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here