តារាចម្រៀង ម៉ានិត ក្លាយជា Brand Ambassador

0

កាលពីថ្ងៃទី២១ ធ្នូ ឆ្នាំ២០១៩ ហាងអ៉ីកូ បានប្រកាសជាសាធារណៈថា តារាចម្រៀង និង ជាអ្នកនិពន្ធ លោក ម៉ានិត គឺជា Brand Ambassador ពេញរយៈពេល១ឆ្នាំ។ ទន្ទឹមនឹងការប្រកាសនេះ ក៏មានការបញ្ជាក់ពីមូលហេតុផងដែរថា ហេតុអ្វី ដែលនាំអោយតារាចម្រៀងរូបនេះ ត្រូវបានជ្រើសជាអ្នកតំណាងនោះ។

លោក អ៉ី ហុក សហស្ថាបនិកផលិតផលម៉ាក អ៉ីកូ បានថ្លែងបញ្ជាក់ថា មុនពេលជ្រើសយកម៉ានិតអោយក្លាយជាអ្នកតំណាង គឺមានតារាចម្រៀងល្បីល្បាញ និង ពិធីករល្បីឈ្មោះមួយរូប ស្ថិតក្នុងជម្រើស ប៉ុន្តែមកពី លោក ម៉ានិត មិនគ្រាន់តែជាតារាចម្រៀង ដោយលោកចេះនិពន្ធសៀវភៅ និងជាអ្នកនិពន្ធបទភ្លេង ដែលតែងបង្កើតស្នាដៃថ្មីៗរបស់ខ្លួន ដូចគ្នានឹងម៉ាកយីហោ អ៉ីកូ ដែលជាម៉ាកយីហោថ្មីរបស់ខ្មែរ ទើបលោកក្លាយជាជម្រើស។ លោកថា រយៈពេលមួយឆ្នាំក្នុងតំណែងជា Brand Ambassador លោក ម៉ានិត នឹងត្រូវបានក្រុមហ៊ុនរបស់លោកផលិតជាវីដេអូខ្លីៗ និងធ្វើសកម្មភាពជាច្រើនទៀត ដើម្បីអោយម៉ាកយីហោអ៉ីកូ កាន់តែមានការទទួលស្គាល់។

លោក ម៉ានិត បានបង្ហាញអារម្មណ៍រំភើប ដែលត្រូវបានផលិតផលម៉ាកអ៉ីណូ ជ្រើសជាអ្នកតំណាងពេញមួយឆ្នាំ ដោយលោកប្រកាសថានឹងផលិតស្នាដៃថ្មីៗអោយបានច្រើន ដើម្បីអោយម៉ាកយីហោរបស់ខ្មែរមួយនេះ ក្លាយជាម៉ាកយីហោល្បីមួយ។ ក្នុងនោះលោកក៍ប្រកាសពីការផលិតស្នាដៃថ្មីៗ នៅក្នុងវិស័យចម្រៀង និង ជាអ្នកនិពន្ធសៀវភៅផងដែរ។

គួរបញ្ជាក់ផងដែរថា ផលិតផលម៉ាកអ៉ីកូ គឺម៉ាកយីហោដែលបង្កើតឡើងដោយប្រទេសកម្ពុជា ដោយរួមមានសំលៀកបំពាក់ ស្បែកជើង កាបូប ខ្សែក្រវាត់ និងគ្រឿងលម្អជាដើម ដែលផលិតផលទាំងនេះ មានអ្នកឌីហ្សាញជាជនជាតិបរទេស និងជនជាតិកម្ពុជា ហើយចំពោះការផលិត គឺផលិតពីរោងក្រជាដៃគូនៅក្នុងប្រទេសទំនើបមួយចំនួន។