មិននឹកស្មាន «ស្នូរជើងអ្នកណា»មានសាច់រឿងរន្ធត់ និងប្រទាក់ក្រឡា ដល់ម្លឹង!

0

ការដាក់បញ្ចាំងភាពយន្តខ្នាតធំរឿង«ស្នូជើងអ្នកណា»ក្នុងពិធីសម្ពោធកាលពីថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៨ គេកត់សម្គាល់ថាភាពយន្តមួយនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសគឺឈុតឆាករន្ធត់ៗ និងសាច់រឿងប្រទាក់ក្រឡាតែម្ដង។ មួយរឿងនេះ គេអាចនិយាយបានថាអ្នកទស្សនានឹងមិនហ៊ានងើបចេញពីកៅអីសូម្បីតែចូលបន្ទប់ទឹកផង ដោយសារតែសាច់រឿងពីមួយវគ្គទៅមួយវគ្គ ស្ទើរមិនមានឈុតណាមិនទាក់ចិត្តអ្នកទស្សនាឃើញ ដែលបានលង់ខ្លួនចូលទៅអង្គុយនៅខាងមុខអេក្រង់។

អ្នកទស្សនាយ៉ាងហោចជាងពាក់កណ្ដាលសុទ្ធតែបានលាន់មាត់សរសើរថាភាពយន្តរឿង«ស្នូរជើងអ្នកណា?» របស់ផលិតកម្ម Wonderfilm Cambodia ល្អមើល និងជាភាពយន្តទាក់ភ្នែក ដោយស្ទើរគ្រប់ឆាកអ្នកនិពន្ធ និងអ្នកដឹករឿងបានទាំងរំលេចឈុតរន្ធត់ៗ ធ្វើអោយអ្នកទស្សនាភ័យស្រែកពេញរោងនោះផង ខណៈដែលឈុតកំប្លែងស្ងួតក៏មានប្លង់សើចចង់រឹងពោះមិនធម្មតា។ អ្វីដែលគួរសរសើរគឺភាពយន្តនេះ មិនយកតារាសម្ដែងដែលត្រូវគេឃើញសម្ដែងក្នុងភាពយន្ត ឡើងសាំភ្នែកមហាជនអោយមកសម្ដែងដើម្បីទាក់ចិត្តអ្នកគាំទ្រនោះទេ ប៉ុន្តែបានជ្រើសតារាសម្ដែង ដែលជាពិធីករ និងជាក្រុមការងារបច្ចេកទេសអោយមកសម្ដែងហើយ សម្ដែងត្រូវចំគោលដៅធ្វើអោយឈុតឆាករឿងទាំងមូលផ្ទុះការសរសើរបាន។ ភាពយន្តនេះ ស្ដែងឡើងពីសាច់រឿងគ្រួសារមួយដែលហ៊ានទិញពោរពេញដោយអាថ៌កំបាំង ហើយគ្រួសារនេះ និងមនុស្សពាក់ព័ន្ធក៏សម្លាប់ដោយវិញ្ញាណកាចសាហាវ។មួយរឿងនេះ អ្វីដែលគេសរសើរគឺមានសាច់រឿងបង្កប់ដោយអាថ៌កំបាំង ទស្សនាដល់ពាក់កណ្ដាលរឿងទៅ ហើយ នៅតែទាយដំណោះស្រាយរឿងមិនទាន់ដឹង។

លោក សែម វិសាល ផលិតកររឿងបានអះអាងថានេះជាភាពយន្តដែលលោកចំណាយការនិពន្ធ និងផលិតយ៉ាងលំបាក ដោយការចំណាយដើមទុនក៏ច្រើននោះដែរ ទម្រាំផលិតភាពយន្តរឿង«ស្នូរជើងអ្នកណា»បានដោយជោគជ័យ។ លោកថាមួយរឿងនេះ លោកធ្វើដើម្បីប្រកួតប្រជែងទីផ្សារ និងចង់អោយអ្នកធ្លាប់តែវាយតម្លៃថាភាពយន្តខ្មែរខ្វះគុណភាព និងមើលទៅមិនល្អមើល ផ្លាស់ប្ដូរឥរិយាបទ។ ភាពយន្តនេះនឹងសម្រេចដាក់បញ្ចាំងចាប់ពីថ្ងៃទី១៩ កក្កដា តទៅ ដោយលោករំពឹងថាភាពយន្តនេះ ក៏នឹងស៊ីលុយមិនអន់ជាងរឿង«ផ្ទះចិញ្ចឹមខ្មោច» ដែលទើបកើបលុយក្នុងពេលដាក់បញ្ចាំងនោះប៉ុន្មានឡើយ។

នៅក្នុងពិធីសម្ពោធរឿង«ស្នូរជើងអ្នកណា?»នោះ លោកថាក្រៅចូលរួមដោយតួសម្ដែងយ៉ាងច្រើនកុះករ ក៏មានវត្តមានផលិតករ និងក្រុមតារាៗជាច្រើនផងដែរ ជាពិសេសគឺក្រុមតារាមកពី«គ្រួសារតារាកម្ពុជា»តែម្ដង៕

LEAVE A REPLY

Please enter your comment!
Please enter your name here