តារាៗ បង្ហាញចំណាប់អារម្មណ៍ នឹងអាជីវករចំណាយទុនបង្កើតប្រេនជារបស់ខ្មែរ

0

ក្នុងពិធីបើកសម្ពោធផលិតផលស្បែកជើង និងកាបូប ម៉ាក SL ដែលជាប្រេនរបស់ខ្មែរ កាលពីថ្ងៃទី១២ ធ្នូ ឆ្នាំ២០១៩ មិនមែនត្រឹមតែអ្នកចូលរួមប៉ុណ្ណោះទេ ដែលយល់ថាគឺជារឿងប្រសើរមួយ ដែលក្រុមពាណិជ្ជករខ្មែរចេះបង្កើតប្រេនដោយខ្លួនឯង ដើម្បីអោយក្នុងទីផ្សារនៅកម្ពុជាមានផលិតផលជាប្រេនរបស់ខ្មែរនោះ សូម្បីតែតារាសម្ដែង២រូប ក្នុងចំណោមតារាជាច្រើនដែលបាន ចូលរួមក៏សាទរដែរ។ ទាំងម្ចាស់ប្រេន និង សិល្បការិនីចូលរួម សុទ្ធតែទទូចអោយអាជីករធំៗ ចំណាយទុនបង្កើតប្រេនជារបស់ខ្មែរ ជាជាងចំណាយទុនចែកចាយតែផលិតផលដែលជាប្រេនរបស់បរទេស ធ្វើអោយប្រេនផលិតបរទេសកាន់តែឈានឡើង។

កញ្ញា យ៉ែម ស្រីពេជ្រ តារាសម្ដែងដែលចូលរួមជាភ្ញៀវកិត្តិយសនិយាយថា នាងសប្បាយចិត្ត ដែលនៅកម្ពុជា មានផលិតផលជាប្រេនម៉ាកយីហោរបស់ខ្លួនច្រើនឡើងចរាចរនៅកម្ពុជា។ នាងថ្លែងកោតសរសើរចំពោះម៉ាកយីហោSL ដែលជាគំនិតច្នៃប្រឌិតរបស់កូនខ្មែរ ដែលគ្រាន់តែកុម្ម៉ង់ការផលិតស្បែកជើង និង កាបូប ពីរោងចក្របរទេស ប៉ុន្តែរាល់ការចេញម៉ូត និង ការរចនាផ្សេងៗ គឺរបស់កូនខ្មែរពិតៗ ហើយអាចធ្វើអោយផលិតផលនេះ មានការទទួលស្គាល់។ នាងថាខ្លួនស្គាល់ម៉ាកយីហោនេះតាំងពីមុនបើកសម្ណោធយូរហើយ ដោយចាត់ទុកថាទាំងម៉ូដ និងគុណភាព គឺល្អជាងផលិតផលជាប្រេនបរទេសនោះផង។

មិនខុសគ្នាដែរ តារាសម្ដែង កញ្ញា ពីង រ៉ូហ្សា ក៏ចាត់ទុកថា ការបង្កើតប្រេនជារបស់ខ្មែរនៅទីតាំងផ្សារទួលទំពូងនោះ គឺជាការទទួលបានអត្ថប្រយោជន៍ក្នុងស្រុកនោះផងដែរ។ ជាពិសេសនៅពេលផលិតផលនោះមានការទទួលស្គាល់ គឺពិតជាមានទីផ្សារក្រៅស្រុក ដែលអាចអោយម៉ាកយីហោរបស់ខ្មែរ មានមុខប្រកួតប្រជែង។

លោកស្រី ទៀង ស្រីលក្ខណ៍ ម្ចាស់ក្រុមហ៊ុន SL Footwear ដែលជាម្ចាស់ប្រេន SL របស់ខ្មែរ បានថ្លែងបញ្ជាក់ថា ដោយសារតែលោកស្រីយល់ថា វាដល់ពេលហើយ ដែលខ្មែរ គួរតែមានផលុតផលជាម៉ាកយីហោរបស់ខ្លួន ទើបលោកស្រីសម្រេចបោះទុនប្រមាណ២០ម៉ឺនដុល្លារ ដើម្បីផលិតម៉ាកយីហោមួយនេះ និងបើកហាងលក់ផលិតផលស្បែកជើង និងកាបូប ដែលជាម៉ាកដែលខ្មែរបង្កើតដោយផ្ទាល់ដៃ។ អ្នកស្រីថាមិនខ្លាចប្រឈមរឿងខ្វះការគាំទ្រនោះទេ ដោយសារតែម៉ាកយីហោដែលលោកស្រីបង្កើតឡើងដើម្បីអោយក្នុងស្រុកមានផលិតផលជាម៉ាកយីហោរបស់ខ្មែរចរាចរនេះ ក្រុមហ៊ុនលោកស្រី មានអ្នកជំនាញច្បាស់លាស់ក្នុងការឌីហ្សាញចេញម៉ូត និង មានអ្នកឯកទេសត្រួតពិនិត្យគុណភាព ដោយមានការទទួលស្គាល់ពីអ្នកវាតតម្លៃគុណភាព។ លោកស្រីមានមហិច្ឆតា គៀរគរអ្នកមានដើមច្រើន បង្កើតជារោងចក្រផលិតក្នុងស្រុកជំនួសអោយការកុម្ម៉ង់ពីរោងចក្រក្រៅស្រុក ប្រសិនបើផលិតផលស្បែកជើង និងកាបូប ម៉ាកល្បីដែលអ្នកស្រីបោះទុននេះ ទទួលបានការគាំទ្រលើទីផ្សារ។ លោកស្រីពន្យល់ថា ការបង្កើតប្រេនផលិតផលមួយជារបស់ខ្លួនដ្បិតថាចំណាយដើមច្រើន ព្រោះទាមទារអោយមានការរត់ច្បាប់ និងមានកុងត្រាច្រើនជាមួយរោងចក្រ ប៉ុន្តែជាទូទៅ គឺផលិតផលដែលផលិតបានគឺជាតម្លៃដើម ហើយមានតម្លៃទាបជាងផលិតផលដែលមានគុណភាពប្រហែលគ្នាដែលជាម៉ាកយីហោស្រាប់ៗរបស់បរទេស។ លោកស្រីក៏ទទូចអោយម្ចាស់អាជីវកម្មទាំងឡាយ ងាកមកបង្កើតម៉ាកយីហោជារបស់ខ្មែរអោយបានកាន់តែច្រើនផងដែរ ដើម្បីអោយក្នុងទីផ្សារស្រុកខ្មែរ កាត់បន្ថយម៉ាកយីហោបរទេស និងដើម្បីងាយស្រួលវាយលុកទីផ្សារ ពេលផលិតផលនេះល្បីឈ្មោះ។ ក្នុងពិធីនោះ លោកស្រី ក៏បានអញ្ជើញភ្ញៀវកិត្តិយស និងសិល្បករ ជាពិសេសតារាម៉ូដែល សរុបប្រមាណជាង១០០នាក់ អោយចូលរួមផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here