មហាហង្សទទួលសិទ្ធិផលិតស្រីស្អាត Miss Grand Cambodia ពេញ៤ឆ្នាំ

0

មានការភ្ញាក់ផ្អើលមិនតិចទេ បន្ទាប់ពីគណកម្មការ Miss Grand ពិភពលោក ប្រកាសផ្ដល់សិទ្ធិ អោយក្រុមហ៊ុនមហាហង្ស ជាអ្នករៀបចំការប្រកួត Miss Grand Cambodia រហូតដល់៤ឆ្នាំ ចាប់ពីឆ្នាំ២០២០តទៅ ខណៈដែលកន្លងមក តួនាទីនេះ គឺក្រុមហ៊ុនមួយជាអ្នកទទួលសិទ្ធិ។ ក្នុងនោះអ្នករៀបចំកម្មវិធីធំក៏ប្រាប់ពីមូលហេតុ ដែលអោយលោកសម្រេចចិត្តផ្លាស់ប្ដូរពីការប្រគល់សិទ្ធិពីក្រុមហ៊ុនមុន មកប្រគល់សិទ្ធិអោយក្រុមហ៊ុនមហាហង្សផងដែរ។

លោក Nawat ប្រធាន Miss Grand International បានថ្លែងក្នុងវេទិកាសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៩ ធ្នូ ឆ្នាំ២០១៩ នៅភូមិគ្រឹះលោក អ៊ិន សុភិន ថា ហេតុផលដែលលោកសម្រេចចិត្តដកសិទ្ធិពីក្រុមហ៊ុនចាស់ មកអោយក្រុមហ៊ុនមហាហង្ស គឺដោយសារតែក្រុមចាស់ខកខានមិនបានបញ្ជូនកញ្ញាឯក Miss Grand ឆ្នាំ២០១៩ ទៅប្រកួតនៅប្រទេសវេណេហ្ស៊ូអេណា ធ្វើអោយលោកខកចិត្ត។ ម្យ៉ាងមកពីលោកបានដឹងជាយូរមកហើយថា ក្រុមហ៊ុនមហាហង្ស មានស្នាដៃច្រើនលើការផលិតភាពយន្ត និងធ្វើសកម្មភាពសប្បុរសធម៌កន្លងមកផង ទើបលោកមានទំនុកចិត្ត។ លោកថា ក្រុមហ៊ុនមហាហង្សពូកែទីផ្សារ និង ការផ្សព្វផ្សាយ គឺរឹតតែធ្វើអោយលោកមានទំនុកចិត្ត។ លោកចកុងត្រាប្រគល់សិទ្ធិអោយលោក អ៊ិន សុភិន មានសិទ្ធិផលិតកម្មវិធីបវរកញ្ញា Miss Grand Cambodia រយៈពេល៤ឆ្នាំ គឺចាប់ពីឆ្នាំ២០២០តទៅ ដោយលោករំពឹងថា ដៃគូថ្មីនេះ នឹងស្វែងរកធនធានកញ្ញាឯកកម្ពុជា ដែលស័ក្តសម ដើម្បីចូលរួមដណ្ដើមមកុដ។

លោក អ៊ិន សុភិន បង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំង ដែលបានទទួលសិទ្ធិរៀបចំព្រឹត្តិការណ៍ Miss Grand Cambodia រយៈពេល៤ឆ្នាំ។ លោកថាការប្រកួតជ្រើសរើស នឹងចាប់ផ្ដើមពីខែកុម្ភៈ ដើមឆ្នាំ២០២០តទៅ ដោយនឹងជ្រើសយកអ្នកលេខ១តំណាងខេត្តក្រុងនីមួយៗរួចហើយ ទើបប្រលងជ្រើសធំ ដើម្បីស្វែងរកស្រីស្អាតម្នាក់ ដែលស្អាត មានចំណេះដឹង អោយចេញតំណាងកម្ពុជា។ ដ្បិតថាគ្មានបទពិសោធន៍លើការប្រលងជ្រើសរើសនេះ តែផ្នែកតាមបទពិសោធន៍ការងារកន្លងមក និងសម្អាងថា គណកម្មការអន្តរជាតិ នឹងបញ្ជូនអ្នកជំនាញអោយមកបង្វឹកក្នុងពេលរៀបចំ លោកជឿជាក់ថា កាតព្វកិច្ចរបស់ខ្លួន នឹងទទួលជោគជ័យ។

ក្នុងពិធីនោះក៏មានការចូលរួមពីសំណាក់តារាជាច្រើនរូបផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here