សិល្បករជាច្រើនរូប ចូលរួមបំផុសល្ខោនខ្មែរ

0

កាលពីល្ងាចថ្ងៃទី៨ ធ្នូ ឆ្នាំ២០១៩ សិល្បករសិល្បការិនី គ្រួសារតារាកម្ពុជាជាង២០រូប ដែលរួមមានសមាសភាពទូតសុឆន្ទៈចំនួន៥រូបផង បានចូលរួមសម្ដែង និង បំផុសអោយមានការគាំទ្រជួយដល់ល្ខោនខោលបន្ថែមទៀត។ តារាទាំងនោះក៏បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ក្នុងហិបរ៉ៃអង្គាស និងស្នើអោយមានចូលរួមជួយមូលនិធិល្ខោនខោល ដើម្បីអោយល្ខោនខោលខ្មែរមានលទ្ធភាពធ្វើព្រឹត្តិការណ៍ទ្រង់ទ្រាយធំជាប្រវត្តិសាស្ត្រមួយនៅឆ្នាំ២០២០។

លោក ស៊ុប ស័ក្ខរា អ្នករៀបចំកម្មវិធីបញ្ជាក់ថា គម្រោងធ្វើកម្មវិធីដ៏អស្ចារ្យពីសិល្បៈល្ខោនខោល នៅខ្វះខ្ទង់ចំណាយច្រើនណាស់ ជាពិសេសលើការរៀបចំឆាក ដេគ័រវាំងលើឆាក ការចំណាយលើសំលៀកបំពាក់តួ និងការចំណាយលើផ្នែកផ្សេងៗ ដោយលោកបញ្ជាក់ថា ជំនួយដែលបានពីការបរិច្ចាគ គិតត្រឹមយប់ថ្ងៃទី៨ ធ្នូ ឆ្នាំ២០១៩ ទើបទទួលបានជាង៦០លានរៀលទេ ប៉ុន្តែការចំណាយរហូតដល់ជាង១ពាន់លានរៀល។ លោកទទូចអោយមានការបរិច្ចាគបន្ត ដោយលោក និងក្រុមការងារ ក៏បានបោះពុម្ពអាវ និងក្រមា ក្នុងតម្លៃ១តែ១ម៉ឺនរៀល ដើម្បីប្រមូលប្រាក់ចំណេញ យកទៅផ្គត់ផ្គង់គម្រោងកម្មវិធី។ លោកថាមូលនិធិ១០០០រៀល នៅតែបន្តរ៉ៃអង្គាសថវិកា តាមរយៈការដាក់ហិបនៅផ្ទះកាហ្វរវប្បធម៌ និង ទីតាំងដែលបានប្រកាស។

សិល្បករដែលបានចូលរួមបំផុសព្រឹត្តិការណ៍ល្ខោនខោលថ្ងៃនោះ ភាគច្រើនមកពីក្រុមគ្រួសារតារាកម្ពុជា ដែលជាក្រុមសិល្បៈរមែងចូលរួមសកម្មក្នុងការលើកស្ទួយតម្លៃវប្បធម៌ជាតិ។ សិល្បករទាំងនោះរួមមាន ទូតសុឆន្ទៈរបស់គ្រួសារតារាកម្ពុជា ចំនួន៥នាក់ គឺ អ្នកនាង លី ម៉ារីណា, កញ្ញា វណ្ណា វត្តី, លោក រុន ណាកូ, កញ្ញា ភី សម័យ, និង កញ្ញា ពេជ្រ ចរណៃ។ សមាសភាពសមាជិកពេញសិទ្ធិរួមមាន លោក មាស សៀវប៉ាយ, លោក ឯក រ៉ាវ័ន្ត, លោក សុខ វិសាល, លោក សែម ធារិន្ទ, លោក ឃីម រតនៈ, អ្នកនាង សាង សុរិយា, កញ្ញា ព្រះអាទិត្យតូច, លោក រ៉ា យ៉ាឌីន, កញ្ញា មុត សុវណ្ណារិទ្ធ, កញ្ញា ស្រីថូ, លោក សិរីវង្ស, និងតារាសិល្បៈជាសមាជិកជាច្រើនរូបទៀត។ ក្រៅពីចូលរួមទស្សនាការសម្ដែងរបាំអប្សរា ការសម្ដែងល្បុក្កតោ និង ការសម្ដែងល្ខោនខោលឈុតធំ សិល្បករសិល្បការិនីទាំងអស់ក៏ចូលរួមបំផុសអោយមានការបរិច្ចាគ ចូលរួមទិញអាវក្រមា និង អំពាវនាវអោយមានការជួយដល់ល្ខោនខោលអោយកាន់តែខ្លាំងថែមទៀតផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here