តន់ ច័ន្ទសីម៉ា កាន់តែវាយលុកទីផ្សារចម្រៀង

0

វង្ស សុម៉ាលីន

អតីតបេក្ខភាព The Voice Cambodia តន់ ច័ន្ទសីម៉ា កំពុងមានឈ្មោះបោះសម្លេងកាន់តែខ្លាំងលើវិស័យចម្រៀង ទោះមិនបានជោគជ័យក្នុងការលើកពានក៏ពិតមែន។ មិនតែប៉ុណ្ណោះនាងក៏មានចម្រៀង Original ផ្ទាល់ខ្លួនជាបន្តបន្ទាប់ និងទទួលគាំទ្រយ៉ាងច្រើនស្ទើរមិនគួរឱ្យជឿ។

តារាចម្រៀងស្រីមានសម្លេងស្អកពីធម្មជាតិ តន់ ច័ន្ទសីម៉ា ត្រូវបានទស្សនិកជនស្គាល់កាន់តែច្បាស់បន្ទាប់ពីបានចូលរួមប្រឡងនៅក្នុងកម្មវិធីលំដាប់ពិភពលោកមួយ។ បើទោះជាមិនមានឱកាសក្ដោបពានលើសង្វៀនតន្ត្រីក៏ពិតមែន ប៉ុន្តែទឹកដមសម្លេងរបស់នាង ត្រូវបានដក់ជាប់នៅក្នុងអារម្មណ៍របស់អ្នកគាំទ្រជាច្រើន។ មកទល់ពេលនេះ តន់ ចាន់សីម៉ា មានបទចម្រៀងផ្ទាល់ខ្លួនជាច្រើន បន្ទាប់ពីប្រឡូកក្នុងវិស័យចម្រៀងក្នុងផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា ។ មិនតែប៉ុណ្ណោះបទចម្រៀងនីមួយៗរបស់នាងសុទ្ធសឹងតែជាបទដែលផ្ទុះ និង ពេញនិយមសម្រាប់មហាជនពិសេសគឺយុវវ័យ។ ក្នុងនោះគេសង្កេតឃើញមានមានដូចជាបទ មនុស្សដូចខ្ញុំ, រឹងមាំ, ខ្ញុំជឿ, យល់ច្រឡំថាគេស្រឡាញ់យើង ពិសេសថ្មីៗនេះបទថ្មីរបស់នាងមានចំណងជើងថា « គេនោះជាស្រីកាប់ដាវ » កំពុងតែផ្ទុះខ្លាំង ខណៈ MV ថ្មីទើបតែចេញមិនទាន់បានប៉ុន្មានផង មានអ្នកមើលរហូតដល់ទៅរាប់លាននាក់។

ម្យ៉ាងវិញទៀតរាល់បទចម្រៀងរបស់នាង ត្រូវបានគេកត់សម្គាល់ថាតែងតែមានអ្វីថ្មីប្លែកៗ មិនថាសាច់ភ្លេង អត្ថន័យនៅក្នុងបទចម្រៀង ទឹកដមសម្លេងដ៏ពិរោះ និង ការតុបតែងខ្លួននោះទេ។ ជាហេតុដែលធ្វើឱ្យ គ្មានបទចម្រៀងមួយណាដែលនាងបានច្រៀងហើយ មិនទទួលបានការគាំទ្រពីអ្នកស្ដាប់នោះឡើយ។ ទាំងនេះជាចំណុចមួយដែល ធ្វើឱ្យនាងកាន់តែល្បី និងត្រូវបានគេស្គាល់កាន់តែច្រើន តាមរយៈបទចម្រៀងមួយបទៗ។ បន្ទាប់ពីសន្ទុះប្រជាប្រិយភាពកាន់តែខ្លាំង នាងត្រូវបានគេឃើញ លេចមុខតាមកម្មវិធីរៀបអាពាហ៍ពិពាហ៍ និងនៅក្នុងកម្មវិធីប្រគុំតន្ត្រីតូចធំ របស់ប៉ុស្ដិ៍ទូរទស្សន៍ផ្សេងៗជាបន្តបន្ទាប់ផងដែរ។

តន់ ច័ន្ទសីម៉ា ត្រូវបានអ្នកគាំទ្រលាន់មាត់ថា ទឹកដមសម្លេងរបស់នាង បង្កប់នូវភាពស្អកបែបផ្អែមពិរោះ និង ប្រកបទៅដោយមនោសញ្ចេតនា ទៅតាមស្ទីលនៃបទចម្រៀង។ ពិសេសការលើកដាក់សម្លេងរបស់នាងនៅក្នុងបទចម្រៀងខ្លះធ្វើ ឱ្យអ្នកស្ដាប់យល់ច្រឡំថាជាសំនៀងរបសតារា ចម្រៀង ជួរមុខ មាស សុខសោភាផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here