១៨ឆ្នាំ ខៀវ សានសាណា នៅតែជាប់តំណែងជាខ្លាញី

0

ដ្បិតថា មិនសួវមានកម្មវិធីទូរទស្សន៍លេចធ្លោដូចកាលពីច្រើនឆ្នាំមុន ប៉ុន្តែគេនៅតែមើលឃើញថា ក្នុងចំណោមពិធីការិនីឆ្នើម ដែលជោគជ័យក្នុងអាជីពអត្ថាធិប្បាយដាក់ក្បាលមេក្រូ អ្នកនាង ខៀវ សានសាណា នៅតែជាប់តំណែងជាខ្លាញី ព្រោះតែក្ដាប់ទីផ្សារណែនដៃដូចដើម។ ១៨ឆ្នាំមកនេះ អ្នកនាងនៅតែជាពិធីការិនី ដែលរវល់នឹងការងារកើបលុយពេលសម្រាកមិនបាន។

អ្នកនាង ខៀវ សានសាណា នៅតែស្ថិតក្នុងលំដាប់ជួរមុខ ជាពិធីការិនីដែលរកចំណូលបានខ្ពស់ និងមានទីផ្សារស្ទុះឡើងមិនថមថយ។ កម្មវិធីសម្ពោធ និងបង្ហាញផលិតថ្មីៗ ស្ទើរតែមិនបាត់មុខអ្នកនាងនោះទេ ដ្បិតថាពិធីករ និងពិធីការិនី ដែលអាចប្រើប្រាស់ភាសាបានល្អដូចអ្នកនាងច្រើនឡើងចាប់ផ្ដើមប្រជែងទីផ្សារ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាង ខៀវ សានសាណា បញ្ជាក់ថា រៀងរាល់មួយខែៗ អ្នកនាងទទួលការងារមិនក្រោម២០កម្មវិធីនោះទេ ដោយអ្នកនាងមិនមានពេលទទួលកម្មវិធីជាន់គ្នា ដែលមិនខុសពីបោះលុយចោលនោះផង។ អ្នកនាងថាទីផ្សារពិធីការិនី ហាក់មិនមានការប្រែប្រួលក្នុងពេលដែលមានពិធីការិនីដែលមានសមត្ថភាពច្រើនឡើងលេចឡើងនោះទេ ផ្ទុយទៅវិញ ទីផ្សារការងារគឺនៅតែដដែល មិនខុសពី១៨ឆ្នាំមុនដែលអ្នកនាងទើបប្រឡូកឡើយ។ អ្នកនាងនិយាយថា ខែវស្សាដែលមិនសូវមានពិធីសម្ពោធផ្សេងៗ ក៏អ្នកនាងទទួលបានកម្មវិធីមិនក្រោម២០កម្មវិធីដែរ ខណៈដែលក្នុងរដូវបុណ្យការ គឺអាហ្វែកាត់នំ និងអាហ្វែបើកសម្ពោធផ្សេងៗ ក៍ត្រូវរត់ម្នាក់ឯង២-៣រោងក្នុងមួយថ្ងៃ។ អ្នកនាងថាសប្បាយចិត្ត ដែលនៅតែទទួលបានការគាំទ្រ ក្នុងអាជីពជាពិធីការិនី ដូច្នេះហើយទើបអ្នកនាងនៅតែក្រាញក្នុងអាជីពនេះ ដោយសារតែឃើញលុយនៅនឹងមុខៗ ហើយមិនចង់បោះចោល។ អ្នកនាងក៏ប្រកាសជំហរមិនដើរចោលជំនាញនេះផងដែរ បើទោះជាអ្នកនាងមានឱកាសបើកជំនួញ និងអាចទៅធ្វើការងារផ្សេងដោយមិនលំបាក៕

LEAVE A REPLY

Please enter your comment!
Please enter your name here