រ៉េត ស៊ូហ្សាណា កាន់តែល្បីកាន់តែប្លែក

0

វង្ស សុម៉ាលីន

ថ្វីបើមិនអាចដណ្ដើមបានពានពីកម្មវិធី The Voice Cambodiaក្ដី ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់ រ៉េត ស៊ូហ្សាណា ហក់ខ្ពស់មិនធម្មតា។ មិនតែប៉ុណ្ណោះតារាវ័យក្មេងរូបនេះ ថែមទាំងមានទីផ្សារពានិជ្ជកម្មខ្លាំងគួរឱ្យកត់សម្គាល់។

អ្នកចម្រៀងមុខដូចកូនកាត់កូរ៉េ រ៉េត ស៊ូហ្សាណា កាន់តែមានសន្ទុះខ្លាំងក្នុងវិស័យសិល្បៈ ក្រោយបទចម្រៀងរបស់នាងចេញជាបន្តបន្ទាប់ តែងតែត្រូវចិត្តយុវវ័យ និងមានការគាំទ្រច្រើន មិនថាច្រៀងជាភាសាជាតិ និង អន្តរជាតិ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ការតែងខ្លួនរបស់នាងបានកែរប្រែស្ទើរតែ ៣៦០ដឺក្រេតែម្ដង។ ការតែងខ្លួនរបស់នាងមិនដដែលៗ គឺកាន់តែប្លែក និង លេចធ្លោទាន់សម័យ ពិសេសបែបស៊ិចស៊ីដូចតារាបរទេស សាកសមនឹងដងខ្លួន និងទម្រង់មុខឃ្យូតៗរបស់នាង ធ្វើឱ្យអ្នកគាំទ្រកាន់តែពេញចិត្ត។

ទន្ទឹមនឹងនេះយើងសង្កេតឃើញថា រ៉េត ស៊ូហ្សាណា ជារលកថ្មីមួយរូប ដែលមានសម្រស់អំណោយផលស្រស់ស្អាត និង ទាក់ទាញ។ មិនតែប៉ុណ្ណោះ ក្រៅពីមានទីផ្សារផ្នែកចម្រៀង នាងក៏នៅមានទីផ្សារខ្ពស់ផ្នែកថតស្ពតពានិជ្ជកម្មផងដែរ។ គ្រាន់តែបោះជំហានចូលសិល្បៈមិនទាន់បានប៉ុន្មានផង នាងត្រូវបានទស្សនិកជនឃើញមានវត្តមាននៅតាមបណ្ដាស្ពតផ្សេងៗជាច្រើនជាបន្តបន្ទាប់ ពិសេសផលិតផលតែរក្សាសម្រស់ និង ផលិតផលប្រ៊េនៗ រហូតនាងមានឱកាសបានរូមការងារជាមួយតារាជួរមុខផ្សេងៗ និងតារាបរទេសល្បីៗផ្សេងៗផងដែរ។

ជារឿងគួរឱ្យភ្ញាក់ផ្អើលខណៈ ហ្សាណា បានវិវឌ្ឍន៍ខ្លួនឯងរហូតឈានដល់ចំណុចកំពូលមួយនេះ ពីក្មេងស្រីធម្មតាក្លាយជាតារាដ៏ល្បីក្នុងស្រទាប់បេះដូចយុវវ័យ ធ្វើឱ្យអ្នកគាំទ្រកាន់តែស្រឡាញ់ ដកចិត្តមិនរួច៕