មាស សុខសោភា ត្រៀមលើកទង់ជាតិខ្មែរ នៅលើឆាកតន្ត្រីអន្តរជាតិ

0

សហការី៖ វង្ស សុម៉ាលីន

តារាចម្រៀងស្រីដ៏ល្បី មាស សុខសោភា បានក្លាយជាតួអង្គដ៏សំខាន់តំណាងឱ្យកម្ពុជា ក្នុងជំនួបតារា K-POPល្បីៗ ចូលរួមនៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រី « ASEAN FANTASIA »។ កម្មវិធីនេះនឹងប្រពឹត្តិឡើង នៅថ្ងៃទី ២៤ វិច្ឆិកា នេះ នៅទីក្រុង Changwon ប្រទេសកូរ៉េខាងត្បូង។

បើទោះជារដូវនេះមានភាពមមាញឹកខ្លាំងក្នុងស្រុកក៏ពិតមែន ប៉ុន្តែ មាស សុខសោភា នៅតែឆ្លៀតមិនអាចខកខានបាន ក្នុងការចូលរួមព្រឹត្តិការណ៍ Concert ដ៏ធំខាងលើ។ នាងប្រកាសពីការត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសកូរ៉េ នៅថ្ងៃទី ២២ វិច្ឆិកា ខាងមុខនេះ ដើម្បីទៅហាត់សមមុនសម្ដែង ក្នុងរយៈពេល២ថ្ងៃជាប់ៗគ្នានៅទីនោះផង។

មាស សុខសោភា បានបង្ហាញក្ដីរំភើបជាខ្លាំងចំពោះការត្រៀមទៅសម្ដែងនៅកូរ៉េលើកនេះ បើទោះជាមិនមែនជាលើកទីមួយសម្រាប់ការចេញសម្ដែងនៅក្រៅប្រទេសរបស់នាង។ អ្វីដែលធ្វើឱ្យនាងហាក់ប្លែកអារម្មណ៍ និង មានមោទនភាពនោះគឺ ការប្រគុំតន្ត្រីនេះគឺជាការរៀបចំនិង អញ្ជើញពីសំណាក់ អ្នករៀបចំកម្មវិធីរបស់កូរ៉េផ្ទាល់តែម្ដង ដែលខុសពីការសម្ដែងក្រៅប្រទេសមុនៗ ដែលនាងទៅតាមរយៈ Sponsor។ នាងថាបើទោះជាមានឱកាសតិចតួចក្នុងការស្លៀកសម្លៀកបំពាក់បុរាណប្រពៃណីខ្មែរនៅលើឆាកតន្ត្រីបែប K-POP ក៏ពិតមែន ប៉ុន្តែនាងនឹងសម្រិតសម្រាំងឱ្យបានល្អអស្ចារ្យបំផុត ក្នុងការបង្ហាញឱ្យពិភពលោកបានស្គាល់ បានឃើញអំពីសម្លៀកបំពាក់ វប្បធម៌ ភាសា ទំនៀមទម្លាប់របស់ខ្មែរ និងត្រៀមបញ្ចេញឱ្យអស់ពីសម្ថភាព នៅលើឆាកអន្តរជាតិមួយនេះ។ មាស សុខសោភា ក៏ត្រៀមនឹងពាំនាំបទចម្រៀង Original ជាច្រើនបទយកទៅបង្ហាញ បន្ថែមពីលើចម្រៀងមួយបទដែលត្រៀមច្រៀងរួមគ្នា ជាមួយតារាចម្រៀងល្បីៗនៅអាស៊ីផងដែរ។

កញ្ញាបានអំពាវនាវដល់បងប្អូនខ្មែរនៅកូរ៉េទាំងអស់ ឱ្យចូលរួមគាំទ្រក្នុងព្រឹត្តិការណ៍នេះឱ្យបានច្រើនកុះករ។ ជាពិសេសដើម្បីជាកម្លាំងចិត្តដល់រូបនាងដែលជាសិល្បៈករខ្មែរ ដោយនឹងត្រៀមក្នុងការលើកទង់ជាតិខ្មែរជាមួយនាង រួមដៃគ្នាធ្វើឱ្យការប្រគុំតន្ត្រីមួយនេះកាន់តែកក្រើក និងស្ថិតក្នុងអារម្មណ៍មហាជនទាំងជាតិ និងអន្តរជាតិ។

LEAVE A REPLY

Please enter your comment!
Please enter your name here