ជម្លោះក្នុងសិល្បៈប៉ុន្មានឈុត កាន់តែបង្ហាញគំរូអាក្រក់ និងធ្វើឲ្យតម្លៃសិល្បៈអាប់ឱនធ្ងន់ធ្ងរ

0

អត្ថបទ៖ វង្ស សុម៉ាលីន

ជម្លោះរវាងអ្នកសិល្បៈ និងអ្នកសិល្បៈ នាពេលចុងក្រោយ បានក្លាយជារឿងអវិជ្ជមានកាន់តែខ្លាំងក្នុងអារម្មណ៍ស្រទាប់មហាជន ខណៈដែលមហាជនច្រើនឡើង បានបង្ហោះសារ និង Comment វាយប្រហារ មាក់ងាយអ្នកសិល្បៈជាបន្តបន្ទាប់ ថាអ្នកសិល្បៈមានតែវប្បធម៌លាបពណ៌ ក្ដិចត្រួយ ប្រជែងគ្នា និងខាំគ្នាទៅវិញទៅមក មិនដឹងស្អីៗ។ អ្នកខ្លះបានទាំងលើកឡើងថា អ្នកសិល្បៈស្រុកខ្មែរ ខ្វះសមត្ថភាពធ្វើខ្លួនអោយគេស្គាល់ ដោយយកប្រធានបទជេរគ្នា ហែកហួរគ្នា និង  គ្នាឈ្លោះគ្នាដើម្បីអោយបានល្បី ដែលការយល់ឃើញពីមនុស្សមួយចំនួនទាំងនេះ សុទ្ធតែជាសារដ៏អាក្រក់ ជះឥទ្ធិពលដល់តម្លៃអ្នកសិល្បៈទូទៅ ហើយក៏ធ្វើអោយតម្លៃសិល្បៈវប្បធម៌ កាន់តែធ្លាក់ចុះទៅៗ ខណៈដែលអ្នកសិល្បៈមួយចំនួន កើតតែមានជម្លោះគ្នាឯងនាពេលចុងក្រោយដូចខ្យងក្ដក់។ ជាក់ស្ដែងជម្លោះហែកគ្នារបស់ ពេជ្រ សូលីកា ជម្លោះលាបពណ៌គ្នារវាង ធី សុវណ្ណថា និង យ៉ាយ៉ា និង ជម្លោះរវាងសិល្បករច្រើនទៀត គឺសុទ្ធតែជាឥទ្ធិពលមិនល្អក្នុងរង្វង់សិល្បៈ។ ចុងក្រោយនេះ ជម្លោះហែកហួរគ្នារវាង លោក អ៊ឹម ជីវ៉ា និង លោក ហេង ឡុង កាន់តែបង្ហាញយ៉ាងច្បាស់ថា តម្លៃសាមគ្គី របស់អ្នកសិល្បៈបែកខ្ញែក ហើយធ្វើអោយអ្នកមិនសូវចង់អោយតម្លៃអ្នកសិល្បៈស្រាប់ផង កាន់តែមាក់ងាយអ្នកសិល្បៈ។

មហាជនកាន់តែច្រើន បានទន្ទេញពាក្យឡើងស្ទាត់មាត់នាពេលចុងក្រោយថា “តារាស្រុកខ្មែរ ឃើញតែខាំគ្នា មិនដឹងស្អីៗ” ដោយពាក្យពេចន៍នេះ មិនមែនប៉ះពាល់តែអ្នកមានទំនាស់ទេ ប៉ុន្តែបានជះឥទ្ធិពលដល់អ្នកសិល្បៈទាំងឡាយ ដែលពួកគេមិនបានប្រព្រឹត្តិ។ មិនមែនតែអ្នកក្រៅរង្វង់ប៉ុណ្ណោះទេ សូម្បីអ្នកសិល្បៈគ្នាឯង ក៏ដើរតួជាអ្នកនាំពាក្យ និងផ្សព្វផ្សាយ អមដោយការរិះគន់ពីជម្លោះរបស់អ្នកសិល្បៈនេះផង ដើម្បីអោយកាន់តែបែករឿងខ្ចាយ ដែលកាន់តែធ្វើអោយតម្លៃអ្នកសិល្បៈ ជ្រុះគ្រុកដល់ដីផងដែរ។ អ្នកសិល្បៈខ្លះ ដ្បិតតែគ្មានជម្លោះ តែក៏ចូលផុសបង្ហោះ ជេរបញ្ជោរអ្នកនេះ ជេរបញ្ចោរអ្នកនោះ បង្ហាញពីការអប់រំរបស់អ្នកសិល្បៈធ្លាក់ចុះ និងធ្វើអោយការវាយតម្លៃលើចំណេះដឹង ដែលមហាជនភាគច្រើន យល់ថាអ្នកសិល្បៈ ចូលសិល្បៈព្រោះរៀនតែមិនសូវបានជ្រៅជ្រះផង លេចឡើង។

ជម្លោះចុងក្រោយ រវាង លោក អ៊ឹម ជីវ៉ា និងលោក ហេង ឡុង ក្រោយការប្រកាសកាត់ផ្ដាច់គ្នា ហើយហែកហួរផ្ទៃក្នុងជាសាធារណៈ គឺជារឿងកាន់តែអាក្រក់ ក្នុងកាលៈទេសៈ ដែលអ្នកសិល្បៈកាន់តែធ្លាក់ចុះការគាំទ្រស្រាប់ផង។ អ្នកវិភាគជាច្រើនយល់ថា មិនមានអ្នកណាមកទាញទម្លាក់តម្លៃអ្នកសិល្បៈនោះទេ ពោលគឺអ្នកសិល្បៈខ្លួនឯង ដែលជាអ្នកបង្កើតស្ថានការណ៍អោយតម្លៃខ្លួនឯង និងតម្លៃអ្នកសិល្បៈផ្សេងទៀត ត្រូវបានមហាជនមាក់ងាយ។ អ្នកខ្លះបង្ហោះផឹកស៊ី លូយឆាយសប្បាយ តែពេលធ្លាក់ទីផ្សារ ក៏យំស្រែកសុំជំនួយ។ ស្របគ្នាដែលរឿងបញ្ច្រាសខ្យល់ងាយល្បីលឿនផង គឺរឹតតែធ្វើអោយប៉ះពាល់ដល់មុខមាត់អ្នកសិល្បៈទាំងពួង។ សំនួរមួយត្រូវបានមនុស្សមួយចំនួនចោទឡើង តើអោយមហាជនគាំទ្រផ្កាប់មុខដល់ តារាខ្មែរ និងស្នាដៃដែលតារាខ្មែរសម្ដែង ឬ ផលិតដូចប្រទេសរីកចំរើនបានទេ បើក្នុងរង្វង់សិល្បៈសំបូរតែរឿងបំពុលសង្គម ដែលធ្វើអោយអ្នកមិនសូវចង់គាំទ្រតារាខ្មែរស្រាប់ គ្រាន់តែឮថានោះគឺជាសមិទ្ធិផលដែលតារាខ្មែរ សម្ដែង ឬ បង្ហាញ ក៏រអើម ហើយអូសរំលងទៅហើយនោះ។ អ្នកសិល្បៈមិនតិចនាក់ទេ ស្រែកថាចម្រៀងខ្មែរ ភាពយន្តខ្មែរ និងស្នាដៃរបស់តារាខ្មែរ ខ្វះការគាំទ្រ ប៉ុន្តែម្នាក់ៗភ្លេចគិតថា ខ្លួនដែលជាតារាគំរូ តើបានរួមគ្នាលុបចោលនូវបញ្ហាអវិជ្ជមាន អោយបានស្រុះដៃ ដើម្បីអោយមានតែរឿងល្អៗបញ្ជ្រាបចូលក្នុងខួរក្បាលមហាជនអោយបានគ្រប់ៗគ្នា ដើម្បីអោយមហាជនគាំទ្រអោយផ្កាប់មុខដូចការចង់បានហើយឬនៅ? អ្នកសិល្បៈខ្លះ បានទាំងយល់ស្របថា រឿងជម្លោះ ឬ បង្កើតស្នាដៃដែលមហាជន និងអ្នកសិល្បៈដូចគ្នា ជេរបញ្ចោ ឬ ដាក់បណ្ដាសារ នឹងឆាប់បានល្បី ដោយភ្លេចគិតថា ការសាងកេរ្តិ៍ឈ្មោះបែបនេះ នឹងរលាយសុះសាច់ទៅវិញ ក្នុងពេលខ្លីផង។ ក្នុងនោះជម្លោះចុងក្រោយ រវាង ហេង ឡុង និង អ៊ឹម ជីវ៉ា គឺជាអ្វីដែលគេកាន់តែមើលឃើញពីការប៉ះពាល់តម្លៃអ្នកសិល្បៈ ដោយសារតែភាគីម្ខាង គឺជាប្រធានសមាគមដែលជាគំរូរបស់អ្នកសិល្បៈ និងមហាជន ហើយម្ខាងទៀត គឺតារាល្បីមួយរូប ដែលមានឥទ្ធិពលទាំងក្នុងជួរនយោបាយ និង ក្នុងរង្វង់សិល្បៈ។ ការហែកហួររវាងភាគីទាំងពីរ ដោយម្ខាងប្រកាសប្ដឹង ម្ខាងប្រកាសមិនសុំទោសកំពុងផ្ដល់សញ្ញាណបែកបាក់ធ្ងន់ធ្ងរ ខណៈដែលសិល្បៈ និងអ្នកសិល្បៈក្នុងមួយរយៈនេះ សំបូររឿងគេជេរ បណ្ដាលអោយគេរិះគន់ មិនចេះចប់ស្រាប់។ ទោះជាអ្នកសិល្បៈភាគច្រើន ដែលពួកគេក៏មិនអត់បញ្ហាដូចគ្នា ព្យាយាមរក្សាតម្លៃ មិនលាតត្រដាងអោយមហាជនមាក់ងាយ ពុះពារខិតខំធ្វើសកម្មភាពល្អៗ ក៍តម្លៃអ្នកសិល្បៈនៅតែមិនអាចបិទបាំងរឿងអាស្រូវរបស់អ្នកសិល្បៈ ដែលបង្កបញ្ហាអោយជិតឈឹង ឬ ខ្ទប់មាត់អ្នកវាយតម្លៃអ្នកសិល្បៈបានដែរ រាប់ទាំងអ្នកមិនដឹងបានដែរ ទើបធ្វើអោយរឿងតូចដែលអវិជ្ជមានងាយនឹងបង្កផលប៉ះពាល់អ្នកសិល្បៈទូទៅ  ដែលមិនខុសពីត្រីមួយកន្ត្រកស្អុយមួយ គឺស្អុយទាងអស់។

LEAVE A REPLY

Please enter your comment!
Please enter your name here