ទើបតែស្ងប់ស្ងាត់រឿងអាស្រូវស្នេហាលាក់មុខ ហើយត្រលប់ចូលសិល្បៈជាមួយផលិតកម្មហង្សមាសមិនបានប៉ុន្មានផង តារាចម្រៀង និងជាតារាសម្ដែង កញ្ញា ពេជ្រ សូលីកា ស្រាប់ផ្ទុះរឿងអាស្រូវស្នេហាទៀតហើយ ជុំវិញថាបានភ្ជាប់ពាក្យជាមួយអតីតសង្សាររបស់ភ័ក្ត្រដែលរាប់អានគ្នាដល់ទៅជាង១៣ឆ្នាំ។ រឿងរសើបជាថ្មីនេះ ធ្វើអោយគេនឹកឃើញភ្លាមៗថា ពេជ្រ សូលីកា ទន្ទឹមនឹងនៅតែមានកេរ្តិ៍ឈ្មោះបោះសំលេង ក្នុងស្រទាប់យុវវ័យ ប៉ុន្តែរឿងអាស្រូវស្នេហារបស់នាង ក៏សំបូរមិនចេះអស់មិនចេះហើយ ផងដែរ តាំងពីពេលបាត់មុខ រហូតដល់ត្រលប់មកកាន់សិល្បៈជាថ្មី។
ក្រោយជម្លោះរបស់នាង និង ប្អូនស្រី លោក ថៃ នរៈវិទូ ផ្ទះឡើង ធ្វើអោយគេនឹកឃើញភ្លាមៗថា តារាមុខមាត់ស្រស់ស្អាត និងខ្យូតមិនធម្មតា ពេជ្រ សូលីកា ពិតជាជំពប់រឿងស៊យមិនអស់មិនហើយ ពិតមែន ដោយម្នាក់ៗយល់ថា ក្នុងពេលនាងបិទបាំងស្នេហា ក៏ធំក្លិនមិនល្អ ហើយនៅក្នុងពេលនេះ បន្ទាប់ពីនាងសម្រេចចិត្តបង្ហាញមុខគូស្នេហ៍ ក្រោយរួចផុតពីចំណងស្នេហ៍ត្រីកោណ ដែលមានការចុះផ្សាយជាហូរហែរក្នុងពេលនាងឈប់ពីសិល្បៈ ក៏នៅតែមានរឿងអាស្រូវតាមលំនាំនេះលេចឡើង។ ម្នាក់ៗនិយាយថា ខណៈតារាដែលបង្ហាញមុខគូស្នេហ៍ភាគច្រើន ទទួលបានការសរសើរពីមហាជន ពេជ្រ សូលីកា គ្រាន់តែបង្ហាញមុខគូដណ្ដឹងភ្លាម ក៏ផ្ទុះរឿងរញ្ជួយធរណីភ្លែត។ ក្នុងពេលបាត់មុខ អ្នកខ្លះសង្ស័យថានាងពាក់ព័ន្ធជាមួយមន្ត្រីនេះខ្លះថាមន្ត្រីនោះ ស្របពេលដែលមានប្រភពខ្លះ ក៏សង្ស័យថានាងបានសម្ងំពរពោះ និងមានកូនរួចហើយ។ អ្នកសិល្បៈមួយចំនួន បានហៅជីវិតឯកជនរបស់នាងថា ជានារីអភ័ព្វស្នេហ៍ បន្ទាប់ពីនាងជំពប់រឿងពាក់ព័ន្ធប្ដីគេ និងសង្សារគេ ជាហូរហែរ ខណៈដែលក្នុងពេលនេះ ក៏ផ្ទុះរឿងមានគូដណ្ដឹងជាអតីតសង្សាររបស់មិត្តសម្លាញ់ រហូតបង្កជាជម្លោះ។

អ្នកលេងហ្វេសប៊ុកម្នាក់ ត្រូវគេឃើញសរសេរ Comment ក្រោយរឿងថ្មីរបស់នាងផ្ទុះឡើងថា”កូនធំប៉ុណ្ណាហើយកា? គ្នានឹកឯងណាស់ យ៉ាងណាយើងធ្លាប់ធ្វើការជាមួយគ្នា! ហែងលើកនេះ សំណាងណាស់ ដែលបានការប្ដីត្រឹមត្រូវ មិនដូចកាលទាក់ទងអាប្ដីគេនោះ ក្រំចិត្តឥតអំពើរ បានកូន១ ហើយដោះដៃ។ តែមិនអីទេ ព្រះយើងបានពីគេគួរសមដែរ ព្រោះយើងប៉ុនទាក់ យាយចឹង? ឈប់ទៅរកគ្រូប្រសិទ្ធីសារិកាលីនថោងនៅ?”។ អមដោយសំណេរដែលហាក់មានន័យទម្លាយពីរឿងអាថ៌កំបាំង ក៏មានរូបថតនាង និងក្មេងស្រីម្នាក់ឈ្មោះ ម៉ីជីង ដែលមានមុខមាត់ស្រដៀងនាង ដែលខ្លះថាជាកូនលាក់ប្រវត្តិរបស់នាង និងខ្លះថាជាកូនរបស់ម្ដាយនាង ជាមួយស្វាមីក្រោយ។
ទោះជាការលើកឡើងរបស់អ្នកលេងហ្វេសប៊ុកខាងលើ ពិតឬ មិនពិត ប៉ុន្តែគេសុទ្ធតែយល់ស្របថា ពេជ្រ សូលីកា យីអ៊ុនដាក់ ដោយសារតែរឿងអាស្រូវកន្លងមករបស់នាង គេស្ទើរតែភ្លេចទៅហើយ ស្រាប់តែធ្វើអោយរឿងទាំងនោះអណ្ដែតឡើងជាថ្មី។ យោងតាមបណ្ដាញសារព័ត៌មាន កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៥ បានសរសេរពីនាងថា ហេតុផលដែលនាងបាត់មុខ គឺដោយសារតែនាងជាប់ពាក់ព័ន្ធនឹង លោក ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការស្នងការដ្ឋានស្រាវជ្រាវ និង បង្ក្រាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ រឿងរ៉ាវស្នេហាដ៏រសើបនោះ គឺបន្ទាប់ពី ហ្វេសប៊ុក និង Instagram របស់នាង នៅក្នុងពេលនោះ បានបង្ហោះរូបរបស់នាងភ្ជាប់ជាមួយរូប លោក សៀ សម្បត្តិ ហើយសរសេរថា«រស់នៅជាមួយគ្នា ២ឆ្នាំ បានត្រឹមតែការឈឺចាប់ រងការមាក់ងាយ ប្រចណ្ឌឥតស្រាកស្រាន្ត តាមដានឥតឈប់ឈរសូម្បីតែឡានមួយគ្រឿងក៏ដកហូតវិញទៀត»។ ពេជ្រ សូលីកា ក៏ធ្លាយដំណឹងជាហូរហែរថាបានពាក់ព័ន្ធអ្នកនេះ និងអ្នកនោះផ្សេងទៀត មិនសូវទទួលបានការសរសើរ រាល់ពេលបែកធ្លាយពីស្ថានភាពស្នេហា។
ពេជ្រ សូលីកា បានLive ហ្វេសប៊ុកថា ហ្វីយ៉ាតា ឬ ថៃ នារីសុជាតា អតីត Freshies Girl ប្អូនស្រីលោក ថៃ នរៈវិទូ មិនថាឈ្លោះគ្នាជាមួយសង្សារ ឬ ចង់ធ្វើម្ហូបអោយសង្សារញាំ សុទ្ធតែឆាត និង ខលមកសួរនាង ឬ ពិភាក្សានាងទាំងអស់ ដែលការលើកឡើងរបស់នាង ធ្វើអោយគេកាត់ស្មានភ្លាមៗថា ពេជ្រ សូលីកា ដឹងរឿងរ៉ាវក្នុងក្រៅ រវាង ហ្វីយ៉ាតា និងអតីតសង្សារគ្មានសល់ចន្លោះ ទើបធ្វើអោយហ្វីយ៉ាតា ឆេះដុំក្រោយពេលនាង និង អតីតសង្សារ ទើបតែដាច់ទំនាក់ទំនងគ្នាកាលពីពាក់កណ្ដាលខែ៦ ឆ្នាំ២០១៩ សោះ ស្រាប់តែលេចមុខមិត្តល្អ គឺ ពេជ្រ សូលីកា ភ្ជាប់ពាក្យជាមួយបុរសនោះនៅអំឡុងខែ១០ ក្នុងឆ្នាំដដែល ទាំងហ្វីយ៉ាតា និង សូលីកា មិនធ្លាប់មានរឿងអន់ចិត្តគ្នា។ ហ្វីយ៉ាតា បានប្រកាសក្រោយរងការរិះគន់ថា នាងមិនមែនឈ្លោះគ្នា ជាមួយ ពេជ្រ សូលីកា ដោយសារតែហេតុផលដណ្ដើមប្រុសនោះទេ ប៉ុន្តែហេតុផលដែលនាងទទួលយកមិនបាន គឺពេជ្រ សូលីកា ទាក់ទងជាបុរសដែលធ្លាប់ស្រលាញ់ ដោយមិនប្រាប់អោយនាងដឹងទាល់តែសោះ មុនបែករឿងភ្ជាប់ពាក្យ ទើបរឹតតែជាមូលហេតុ ធ្វើអោយមានការរិះគន់ ពេជ្រ សូលីកា៕














