កាលពីយប់ថ្ងៃទី ១២ តុលា ឆ្នាំ២០១៩ បវរកញ្ញាចំណាត់ថ្នាក់លេខ២ ពិភពលោក ឬ Miss Planet International 2019 first Runner Up កញ្ញា Mukdahan Wedding Fair ដែលជាជនជាតិថៃ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាជាថ្មី បន្ទាប់ពីនាងមកលើកមកុដពីប្រទេសកម្ពុជា កាលពីដើមឆ្នាំ២០១៩។ ដំណើរមកដល់កម្ពុជារបស់នាង ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅ ពីប្រតិភូកម្ពុជា ដែលរួមមាន អ្នកស្រី ហាលី មីន អគ្គនាយិកា Miss Planet International និងអ្នកស្រី សរ កេសារ៉ា ដែលជាម្ចាស់ផលិតកម្មកេសារ៉ា ភាពយន្ត និងជាអ្នកដឹកនាំដំណើរទស្សនកិច្ចរបស់នាងមួយរូបដែរ នៅកម្ពុជា។
អ្នកស្រី ហាលី មីន បញ្ជាក់ថា បវរកញ្ញា ភពផែនដី ប្រចាំពិភពលោកថៃ មកកាន់កម្ពុជាលើកនេះ ដើម្បីមកបំពេញសកម្មភាពសប្បុរសធម៌ និងធ្វើទស្សនកិច្ចក្នុងនាមជា បវរកញ្ញា នៅក្នុងប្រទេសកម្ពុជា ក្រោមការជ្រោរបស់ស្ពុនស័រនៅប្រទេសបារាំង និង ក្រុមហ៊ុន អាកាសចរណ៍ Cambodia Airway។ កញ្ញា និងប្រតិភូអមដំណើរ នឹងស្នាក់នៅកម្ពុជាប្រមាណ១ខែ ដើម្បីស្វែងយល់ពីវប្បធម៌ និងពីការរស់នៅរបស់ប្រជាជនកម្ពុជា ដើម្បីស្វែងយល់ពីចំណេះដឹងផ្សេងៗ យកទៅផ្សព្វផ្សាយបន្ត។ អ្នកស្រីថា ដំណើររបស់នាង ក៏មកដល់កម្ពុជា ចំពេលប្រទេសកម្ពុជា ដំណើរការការប្រកួត Miss Planet Cambodia ជាលើកទី២ ដើម្បីស្វែងរកតំណាងមួយរូបទៅប្រកួតបវរកញ្ញា ភពផែនដីអន្តរជាតិ ក្នុងឆ្នាំ២០២០ផងដែរ។
អ្នកស្រី សរ កេសារ៉ា បានថ្លែងបញ្ជាក់ថា ដំណើរទស្សនកិច្ចរយៈពេល១ខែ របស់បវរកញ្ញាភពផែនដីពិភពលោករូបនេះ នឹងបូកបញ្ជូលទាំងការទស្សនកិច្ចតាមបណ្ដាក្រុមហ៑ុន សហគ្រាសតូចធំ មណ្ឌលកុមារកំព្រា តំបន់ប្រវត្តិសាស្ត្រ និងទីតាំងសំខាន់ៗមួយចំនួននៅក្នុងប្រទេសកម្ពុជា ដែលអ្នកស្រីចាត់ទុកថា វត្តមានរបស់នាងនៅកម្ពុជា នឹងកាន់តែធ្វើអោយពិភពលោកចាប់អារម្មណ៍ពីកម្ពុជា ពិសេសលើវិស័យវប្បធម៌ របៀបរបបរស់នៅ ទំនៀមទំលាប់ និងផ្សព្វផ្សាយជួយដល់វិស័យទេសចរណ៍នៅកម្ពុជា។ អ្នកស្រីថា បវរកញ្ញាថៃរូបនេះ ក៏នឹងដើរតួជាអ្នកផ្សព្វផ្សាយពីផលប៉ះពាល់លើផែនដី ដូចជាផលប៉ះពាល់ថង់ផ្លាស្ទីក និងបញ្ហាជាច្រើនទៀតនៅកម្ពុជា ដែលជាប្រយោជន៍ដល់បរិស្ថានផងដែរ។