ពិព័រណ៌ពេជ្រ Chateau Des Gems ប្រគល់៥០លានរៀល ជូនមន្ទីរពេទ្យកុមារអង្គរ

0

កាលពីល្ងាចថ្ងៃទី៥ តុលា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ក្នុងសណ្ឋាគារ Memoire Palace Resort and Spa មានពិធីតាំងពិព័រណ៌ពេជ្រទ្រង់ទ្រាយធំមួយ ពីហាងពេជ្រ Chateau Des Gems ដោយមានតារាសិល្បៈ និងភ្ញៀវកិត្តិយសជាអ្នកមុខអ្នកការយ៉ាងច្រើនកុះករចូលរួម។ ក្នុងពិធីនោះ ក៏មានការប្រគល់ថវិការបរិច្ចាគចំនួន៥០លានរៀល ជូនដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដើម្បីសង្គ្រោះដល់កុមារកម្ពុជាជាអ្នកជម្ងឺផងដែរ ក្រោមអធិបតីភាពលោកជំទាវ ទៀង អេង ទៀ សីហា ភរិយាអភិបាលខេត្តសៀមរាប។

លោកស្រី ម៉ៅ ពោរពេញ អគ្គនាយិកាហាងពេជ្រ Chateau Des Gems បានថ្លែងបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលហាងពេជ្ររបស់អ្នកស្រីប្រគល់អំណោយចំនួន៥០លានរៀលជូនដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បន្ទាប់ពីកត់សម្គាល់ថាមន្ទីរពេទ្យនេះ ប្រឈមនឹងការខ្វះខាត។ អ្នកស្រីថាការប្រគល់ថវិកានេះ ត្រូវបានធ្វើឡើងក្នុងពិធីតាំងពិព័រណ៌លើកទី១របស់ហាងពេជ្រ Chateau Des Gems នៅលើទឹកដីខេត្តសៀមរាប បន្ទាប់ពីហាងពេជ្រនេះឈរជើងនៅផ្សារ Icon Siam ក្នុងប្រទេសថៃ និងនៅភ្នំពេញយ៉ាងជោគជ័យ។ នៅក្នុងពិធីនោះ លោកស្រីក៏ទទូចអោយសប្បុរសជនបន្តធ្វើសប្បុរសធម៌ជួយដល់មន្ទីរពេទ្យកុមារអង្គរអោយបានកាន់តែច្រើនបន្ថែមទៀតផងដែរ។ លោកស្រីថា ពិធីតាំងពិព័រណ៌របស់ហាងពេជ្រ Chateau Des Gems មិនត្រឹមតែបង្ហាញពីសន្ទុះរីកចំរើននៃទីផ្សារពេជ្រនៅកម្ពុជា តែក៏ជាជំនួបរបស់អតិថិជន ដើម្បីចូលរួមចំណែកជាជំនួយសប្បុរសធម៌ជួយដល់សង្គម ជាពិសេសគឺមន្ទីរពេទ្យកុមារអង្គរជាឧទាហរណ៍។ ពិធីនេះធ្វើឡើង២ថ្ងៃនៅខេត្តសៀមរាប ដោយកាលពីថ្ងៃទី៥ តុលា ដែលមានការគ្រងឈុតពេជ្រដោយតារាចម្រៀងស្រស់ស្អាត កញ្ញា ពេជ្រ សូលីកា តារាចម្រៀងរបស់ហង្សមាស និងនៅថ្ងៃទី៦ តុលា ដោយមានវត្តមានតារាថៃល្បីល្បាញគឺលោក Dome Pakorn Lam។ នៅថ្ងៃទី១២ និងទី១៣ តុលា ខាងមុខ Chateau Des Gems ក៏នឹងមានការរៀបចំពិព័រណ៌ និងការជួបជុំអតិថិជនទ្រង់ទ្រាយធំបែបនេះ នៅរាជធានីភ្នំពេញ នៅភោជនីយដ្ឋាន Topaz ផងដែរ។

អ្នកស្រី ប្រាក់ ម៉ានីឡា ប្រធានការិយាល័យសុខភាពកុមារសកលនៃមន្ទីរពេទ្យកុមារអង្គរ សម្ដែងអារម្មណ៍ត្រេកអរយ៉ាងខ្លាំង ដែលម្ចាស់ពេជ្រ Chateau Des Gems ប្រគល់ជូនថវិកាចំនួន៥០លានរៀល ក្នុងពិធីតាំងពិព័រណ៌ទ្រង់ទ្រាយធំ ដែលធ្វើអោយមន្ទីរពេទ្យកុមារអង្គរទទួលបានថវិកាបរិច្ចាគមួយចំនួនផ្សេងទៀតពីភ្ញៀវកិត្តិយសចូលរួមផ្សេងទៀត។ អ្នកស្រីថាមន្ទីរពេទ្យកុមារអង្គរមានតម្រូវការក្នុងមួយឆ្នាំ៦លានកន្លះសហរដ្ឋអាមេរិក ខណៈដែលក្នុងមួយថ្ងៃមានកុមារកម្ពុជាមកពីគ្រប់ខេត្តក្រុងចន្លោះពី៦០០ទៅ៧០០ អោយសម្រាកព្យាបាល។ អ្នកស្រីថាវប្បធម៌នៃការចែករំលែកនេះនឹងកាន់តែមានតម្លៃនៅក្នុងសង្គមកម្ពុជា ជាពិសេសម្រាប់ន្ទីរពេទ្យកុមារអង្គរដែលកំពុងខ្វះខាតជំនួយ។

LEAVE A REPLY

Please enter your comment!
Please enter your name here