


កាលពីយប់ថ្ងៃទី១ តុលា តារាចម្រៀង និងជាពិធីករស្ទាត់ភាសាថៃ លោក បញ្ញា សិទ្ធិ បានចុះពីប្រទេសសិង្ហបុរីវិញហើយ បន្ទាប់ពីលោកត្រូវបានគេអញ្ជើញយ៉ាងពិសេសជាភ្ញៀវកិត្តិយស នៅក្នុងកម្មវិធីសម្ដែងខនសឺតទ្រង់ទ្រាយធំ របស់លោក លី តៅហួរ ដែលមានអ្នកទិញសំបុត្រទស្សនាជាង៣មុឺននាក់។ លោកទម្លាយអោយដឹងពីផែនការជាច្រើន អោយក្រុមអ្នកកាសែត ដែលស្កាត់សម្ភាសន៍ដល់ព្រលានបានដឹង ខណៈដែលផែនការទាំងនោះ ត្រូវគេមើលឃើញភ្លាមថា នឹងកាន់តែជួយការពារមិនអោយប្រជាប្រិយភាពរបស់លោករអិលធ្លាក់ដូចមុន។
លោក បញ្ញា សិទ្ធិ ថ្លែងថា លោកលែងដេករង់ចាំអោយក្រុមផលិតករហៅសម្ដែង ឬដាក់ការងារអោយតែមួយមុខដូចមុនទៀតហើយ ដោយលោកនឹងរៀបចំក្រុមផលិតខ្លួនឯង បន្ទាប់ពីលោកក៏ទើបតែបានដំណើរការដាក់បង្ហោះកម្មវិធីទេសចរណ៍ និងមុខម្ហូប និងកម្មវិធីរឿងកំប្លែងៗ ដែលលោកធ្វើជាអ្នកដឹក និងជាអ្នកនិពន្ធខ្លួនឯងលើផេក កាលពីពេលថ្មីៗ បានប៉ុន្មានឃ្លីប ហើយមានការគាំទ្រ។ លោកនិយាយថា ខ្លួននឹងរៀបក្រុមផលិត ដើម្បីអោយបង្កើតកម្មវិធីអោយកាន់តែមានស្ដង់ដា ដោយសារស្ពុនស័រ គឺមានក្នុងដៃរួចហើយ។ លោកថាខ្លួននឹងផលិតជាឃ្លីបកំប្លែងៗ ជារឿងខ្លីៗ ជាកម្មវិធីដែលមានតារាល្បីៗចូលរួម និងជាបទចម្រៀងជាដើម ដើម្បីអោយមានស្នាដៃលេចឡើង។ លោកថានេះជាវិធីតែមួយគត់ ដែលជួយកុំអោយផលិតករ និងម្ចាស់ផលិតផលបំភ្លេចលោក ខណៈដែលលោកយល់ថា ការបាត់បង់ទីផ្សារអស់មួយរយៈកាលមុន គឺធ្វើអោយលោករាងចាល។
លោក បញ្ញា សិទ្ធិ បញ្ជាក់ថា ខ្លួនទើបតែមានទីផ្សារសិល្បៈជាថ្មី បន្ទាប់ពីចូលរួមប្រកួតឈុតបុរាណរបស់គ្រួសារតារាកម្ពុជា ហើយជាប់លេខ២ប៉ុណ្ណោះ ទើបការក្រោកឈរម្ដងនេះ នឹងរៀបជើងព្រួលមិនអោយផលិតកតរ និងមហាជនបំភ្លេចលោកម្ដងទៀត ដោយលោកនឹងប្រឹងរំលេចស្នាដៃ ទាំងរឿង ទាំងពិធីករ និង បទចម្រៀង បើទោះជាការងារនេះ មិនមែនជារឿងងាយស្រួល។ លោកនិយាយថា”មួយរយៈមុន ដោយសារយើងចាំតែខាងកម្មវិធីផលិតស្នាដៃអោយ ដល់ពេលគេលែងមាន គឺគេភ្លេចយើងតែម្ដង អុីចឹងហើយលើកនេះ គឺអត់រង់ចាំដង្ហើមខាងក្រៅតែម្យ៉ាងទេ គឺត្រូវប្រឹងខ្លួនឯងថែម”។ លោកថា ផលិតផលផលិតឃ្លីប និងផលិតកម្មវិធី ដែលមានលោកជាពិធីករ បានជួយអោយបណ្ដាក្រុមហ៑ុនចាប់អារម្មណ៍លោកឡើងវិញ ដោយទទួលបានឱកាសធ្វើពិធីករ សម្ដែង ឡើងកំប្លែងជាក្រុម និងច្រៀងក្នុងកម្មវិធីធំៗ ស្ទើរគ្មានពេលសម្រាក ដែលលោកចាត់ទុកថា ក្រោយបញ្ចប់រឿងអាក្រក់ ហើយបានគ្រងឈុតបុរាណលេខ២ បានគាស់អោយលោកមានទីផ្សារខ្លាំងជាថ្មី៕