Miss Grand Cambodia 2019 បើកបង្ហាញបេក្ខនារីទាំង២៩រូប

0

កាលពីរសៀលថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៩ មុននេះ គណកម្មការ Miss Grand Cambodia បានប្រកាសបង្ហាញមុខបេក្ខនារីទើបជម្រុះបានចំនួន២៩រូប ដែលមានឈ្មោះឡើងដណ្ដើមមកុដក្នុងព្រឹត្តិការណ៍នេះផ្លូវការ។ នេះជាប្រកួតរដូវកាលថ្មីនៅកម្ពុជា ខណៈដែលកន្លងមក កម្ពុជាមានបេក្ខនារី Miss Grand តំណាងកម្ពុជាច្រើនលើកមកហើយ ធ្វើអោយអន្តរជាតិទទួលស្គាល់។ 

លោក May Vichitrabooth តំណាងអ្នករៀបចំកម្មវិធីបានថ្លែងបញ្ជាក់ថា ការប្រកួត Miss Grand Cambodia សម្រាប់ឆ្នាំនេះ គឺដើម្បីស្វែងរកស្រីស្អាតតំណាងកម្ពុជា ទៅប្រកួត Miss Grand International នៅប្រទេសវេណេហ្ស៑ូអេឡា ក្នុងពេលខាងមុខ។ ការប្រកួតផ្ដាច់ព្រ័ត្រ Miss Grand Cambodia នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៩ កញ្ញា នៅស្ទីឌីយោ CTN ដោយក្នុងថ្ងៃនោះ ក៏មានការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Khmer Super Model រដូវកាលទី១០ផងដែរ។ លោកថាការប្រកួតដ៏សំខាន់ទាំងពីរនេះ នឹងផ្សាយផ្ទាល់ខុសគ្នាមួយម៉ោង ដោយម៉ោង៧ ផ្សាយផ្ទាល់ការប្រកួត Khmer Super Model រដូវកាលទី១០ និង ម៉ោង៨យប់ ផ្សាយផ្ទាល់ការប្រកួត Miss Grand Cambodia។ ដោយឡែកនៅថ្ងៃទី៣១ តុលា ខាងមុខ លោក និងគណកម្មការរៀបចំ ក៏មានការប្រកួតដ៏សំខាន់២ទៀតផងដែរ គឺការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Miss World Cambodia 2019 ដែលស្វែងរកនារីស្អាតទៅប្រកួតនៅក្នុងប្រទេសអង់គ្លេស និងប្រកួត Mister Cambodia រដូវកាលទី៣ ដើម្បីស្វែងរកម្ចាស់ពានទៅប្រកួត Mister World International នៅលើពិភពលោក។ 

សម្រាប់ការប្រកួត Miss Grand Cambodia នៅក្នុងឆ្នាំនេះ លោក May Vichitrabooth ថា មានអ្នកចូលប្រកួតដល់ជិត៥០០នាក់ ខណៈដែលលោកបញ្ជាក់ថា បេក្ខនារីដែើសម្រាំងបាន២៩រូប សុទ្ធតែស្រស់សោភា និងមានសមត្ថភាព។ លោករំពឹងយ៉ាងខ្លាំង ថាមួយរូបដែលនឹងដណ្ដើមបានមកុដ នឹងអាចតំណាងកម្ពុជា បានស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ខណៈដែលកាលពីឆ្នាំ២០១៨ អតីតបេក្ខនារី ឌី លីកា Miss Grand Cambodia ក៏ធ្លាប់ធ្វើឲ្យពិភពលោកស្គាល់ពីកម្ពុជាកាន់តែខ្លាំងរួចមកហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here