


ខណៈដែលអ្នកគាំទ្រខ្លះបង្ហាញអារម្មណ៍ខកចិត្ត ដែលក្រុមកម្ពុជាបរាជ័យ ក្នុងជំនួ ជម្រុះ World Cup ជុំទី២ រវាងក្រុមកម្ពុជា និង បារ៉ែន លោក អុិន សុភិន បែរជានៅតែបង្ហាញការគាំទ្រ និងពេញចិត្ត ដោយបានបង្ហោះសារមួយធ្វើឲ្យក្រុមកីឡាករជម្រើសជាតិ អានហើយមិនរំភើបមិនបាន។ លោកគឺជាផលិតករល្បីឈ្មោះ ប៉ុន្តែនៅពេលលះបង់ទៅគាំទ្រដោយផ្ទាល់ ហើយថែមទាំងបង្ហោះសារយ៉ាងរសើបបែបនេះទៀត តើអ្នកណាមិនយល់ថាលោកគឺជាផលិតករ ដែលមានបេះដូងជាអ្នកបាល់ទាត់។
យោងតាមហ្វ្រេសផ្លូវការ លោក អុិន សុភិន បានបង្ហោះក្រោយបញ្ចប់ការប្រកួតបាល់ទាត់ថា”55,000នាក់សំរាប់ថ្ងៃនេះ (10/09/2019) កម្ពុជាគាំទ្របាល់ទាត់ណាស់ ទោះចាញ់1-0 ក៏នៅតែគាំទ្រកីឡាករជំរេីសជាតិយេីងដែរ ស៊ូៗបន្តទៀតខ្ញុំគាំទ្រអ្នកជានិច្ច”។ ការបង្ហោះសារ អមដោយរូបភាពទៅអង្គុយទស្សនារបស់លោក បានធ្វើឲ្យមានការសរសើរយ៉ាងខ្លាំង ថាលោកពិតជាផលិតករ ដែលមានបេះដូងកីឡាយ៉ាងពិតប្រាកដ ដោយក្រីពីបានចំណាយធនធានផ្ទាល់ខ្លួនបង្កើតក្រុមបាល់ទាត់មហាហង្ស ដោយប្រមែប្រមូលតារាៗឲ្យក្លាយជាអ្នកបាល់ទាត់អាជីព ដើម្បីបំផុសឲ្យមានការគាំទ្រកីឡាករបាល់ទាត់នៅកម្ពុជា ក៍បានចំណាយពេលដ៏មមាញឹកទៅទស្សនាបាល់ទាត់ដោយផ្ទាល់ដល់ស្តាតអូឡាំពិកទៀត។
ជាមួយនឹងសារលើកទឹកចិត្ត ដោយមិនបណ្ដុះបង្អាប់ជម្រើសជាតិកម្ពុជា ដែលមិនអាចទប់ស្មើ ឬ យកឈ្នះក្រុមបារ៉ែន លោកក៏ធ្លាប់ប្រកាសជារឿយៗថា បើទោះលោកជាអ្នកសិល្បៈ ប៉ុន្តែលោកក៍មានទឹកចិត្តស្រលាញ់ និងចង់បំផុសពីវិស័យកីឡាករផងដែរ ទើបលោកតែងចំណាយពេលវេលា និងធនធានផ្ទាល់ខ្លួន គាំទ្រដល់វិស័យបាល់ទាត់នៅកម្ពុជា។ ក្នុងនោះលោកក៏បានបន្តគៀគរតារាល្បី ទាំងក្នុង និងក្រៅផលិតកម្ម ឲ្យស្ម័គ្រចិត្តចូលលេងបាល់ទាត់កាន់តែច្រើន ក្នុងក្រុម មហាហង្ស ដើម្បីឲ្យវិស័យមួយនេះ កាន់តែទទួលបានការចាប់អារម្មណ៍ខ្ពស់។
គួរបញ្ជាក់ផងដែរ ការប្រកួតជម្រុះវគ្គ World Cup រវាងក្រុមកម្ពុជា និងក្រុមបារ៉ែន នៅស្ដាតអូឡាំពិកកាលពីថ្ងៃទី១០ កញ្ញា ក្រុមកម្ពុជាបានចាញ់បារ៉ែន១ទល់នឹងសូន្យ ប៉ុន្តែគេនៅមើលឃើញថា អ្នកគាំទ្ររបស់កម្ពុជា ពេញចិត្តចំពោះលទ្ធផលនៅក្នុងថ្ងៃនោះ។ លោក អុិន សុភិន ក៏ជាអ្នកគាំទ្រជម្រើសជាតិកម្ពុជា យ៉ាងងប់ងល់ផងដែរ ដោយថែមទាំងទទូចឲ្យបន្តលើកទឹកចិត្តជូនដល់កីឡាករកម្ពុជាផង ដែលនេះគឺជាសារដ៏មានតម្លៃមួយ ក្នុងការបំផុសឲ្យមានការចាប់អារម្មណ៍លើវិស័យបាល់ទាត់៕













































