សូ ស្រណោះ ប្រកាសឲ្យអ្នកជំនាញតន្ត្រី និងចម្រៀង ប្រជែងគ្នាយកពាន

0

នាយកសាលាស្រណោះតន្ត្រី ដែលសាលាភ្លេងល្បីឈ្មោះ បានប្រកាសពីការបើកប្រកួតផ្នែកតន្ត្រី និងចម្រៀងជាទ្រង់ទ្រាយធំមួយ កាលពីល្ងាចថ្ងៃទី៦ កញ្ញា ឆ្នាំ២០១៩ ដោយការប្រកួតលើកនេះ នឹងមានការបើកទូលាយឲ្យសិស្សផ្នែកតន្ត្រី និងចម្រៀង មកពីសាលាផ្សេងៗចូលប្រកួតនោះផង។ ការប្រកួតនេះនឹងបើកទូលាយឲ្យអ្នកមានសមត្ថភាពផ្នែកតន្ត្រី និងចម្រៀង ប្រជែងគ្នាដណ្ដើមពាន ខណៈដែលអ្នកឈ្នះឲ្យចេញតំណាងកម្ពុជាទៅប្រកួតនៅប្រទេសម៉ាឡេសុីក្នុងពេលខាងមុខ។

លោកបណ្ឌិត្យព្យាណូ សូ ស្រណោះ នាយកសាលាស្រណោះតន្ត្រី បានថ្លែងក្នុងសន្និសីទកាសែតថា នៅថ្ងៃទី១ ទី២ និងទី៣ ខែវិច្ឆិកា ខាងមុខនេះ សាលារបស់លោកនឹងបើកការប្រកួតផ្នែកតន្ត្រី និងចម្រៀង ជាទ្រង់ទ្រាយធំ ដោយការប្រកួតនេះ មានការប្រកួតឧបករណ៍ភ្លេងព្យាណូ ខ្លុយ និង វីយូឡុង ជាដើម និងចម្រៀង រាប់ទាំងចម្រៀងអូប៉េរ៉ា ដើម្បីស្វែងរកអ្នកខ្លាំងផ្នែកឧបករណ៍តន្ត្រី និងចម្រៀង តំណាងប្រទេសកម្ពុជាចេញទៅប្រកួតនៅម៉ាឡេសុី នៅខែ២ ក្នុងឆ្នាំក្រោយ។ លោកថាការប្រកួតនេះ ចាប់ផ្ដើមទទួលពាក្យចាប់ពីការប្រកាសនេះតទៅ ដោយសិស្សក្នុងសាលាស្រណោះតន្ត្រីត្រូវទិញពាក្យតម្លៃ១០ដុល្លារ និងសិស្សពីខាងក្រៅ ទិញពាក្យតម្លៃ២០ដុល្លារ។ បេក្ខជនទាំងអស់នឹងត្រួវកំណត់រយៈពេលម្នាក់៤នាទី ក្នុងការបង្ហាញសមត្ថភាពលេងតន្ត្រី និងច្រៀង ដោយលោកបានត្រៀមពាន៣សម្រាប់ប្រគល់ជូន គឺទី១ម្ចាស់ពានផ្នែកឧបករណ៍តន្ត្រី ទី២ពានផ្នែកចម្រៀង និងទី៣ គឺពានជើងឯក ដែលជាពានតម្រូវឲ្យអ្នកលេខ១ៗលើវិញ្ញាសារនីមួយៗ ធ្វើការប្រកួតគ្នាបន្ត។ លោកទទូចឲ្យអ្នកមានសមត្ថភាពគ្រប់ទិសទីមិនថាសាលាណាៗ ដាក់ពាក្យប្រកួតឲ្យបានរួសរាន់ ដោយការទទួលពាក្យនឹងត្រូវបញ្ចប់នៅចុងខែ៩នេះ។ លោកថាកន្លងមកសាលាស្រណោះតន្ត្រីធ្លាប់បានបើកប្រកួតបែបនេះមកហើយ ប៉ុន្តែមិនធ្លាប់បើកឲ្យសិស្សមកពីសាលាខាងក្រៅចូលប្រកួតនោះទេ ទើបលោកចាត់ទុកថានេះជាការប្រកួតទ្រង់ទ្រាយធំ ដែលនឹងមានសិស្សមិនតិចជាងរយនាក់ចូលប្រកួត ដោយសារតែគ្រាន់តែសិស្សនៅសាលាស្រណោះតន្ត្រី នឹងចូលប្រកួតមិនក្រោម៩០នាក់ហើយ។ ការប្រកួតនេះ មិនកំណត់អាយុនោះទេ ដោយបើកទូលាយតាំងពី៤ឆ្នាំឡើងទៅ ដោយសំដៅយកតែសមត្ថភាព និងធានាថា ការដាក់ពិន្ទុគឺសុក្រឹតដើម្បីឲ្យប្រាកដថាអ្នកខ្លាំងទើបឈ្នះពាន។

លោក សូ ស្រណោះ ប្រកាសថា គណកម្មការសម្រាប់វាយតម្លៃការប្រកួតនេះ ត្រូវបានជ្រើសចេញពីសិស្សឆ្នើមប្រចាំសាលា និងមួយចំនួនទៀតជាអ្នកជំនាញផ្នែកតន្ត្រី និងចម្រៀងមកពីបារាំង មកពីកូរ៉េ និងជនជាតិរូស្សុី ផងដែរ ដើម្បីប្រាកដថា ការវាយតម្លៃសម្រាប់ការប្រលង មិនលម្អៀងទៅរកសិស្សរបស់សាលាស្រណោះតន្ត្រី៕

LEAVE A REPLY

Please enter your comment!
Please enter your name here