វីជេអាលីយ៉ា មិនបានបំណងចុងក្រោយ មុនទទួលមរណភាព

0

ក្រោយទទួលមរណភាពនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ នៅវេលាម៉ោង ៥ និង២២ព្រឹកថ្ងៃទី ២៨ មិថុនា មុននេះ សពរបស់តារាសម្ដែង និងជាអ្នកជាពិធីការិនីផង កញ្ញា វីជេអាលីយ៉ា ត្រូវបានដឹកចេញ នឹងយកទៅធ្វើបុណ្យនៅក្នុងបរិវេណវត្តទួលអស់លោក ដែលស្ថិតនៅម្ដុំទួលសង្កែ ច្រកចូលខាងមុខCTN ដោយសពរបស់នាងនឹងត្រូវកំណត់ថ្ងៃបូជាបានឆាប់បំផុតព្រោះតែគ្មានអ្នកជំហរ។ អ្នកស្រីងិន ម៉ាលីយ៉ា ភរិយារបស់លោកថៃ នរៈសត្យា រដ្ឋលេខាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាបងធម៌របស់នាង និងមានការរាប់អាននាងជាងគេ នឹងជួយខ្នះខ្នែងទៅលើពិធីសពនេះ បន្ទាប់ពីដឹងថាវីជេអាលីយ៉ា មិនមានអ្នកណាជំហរសម្រាប់ការធ្វើបុណ្យសពអោយនាង។

កញ្ញា ស៊ូ ដាណេ ដែលត្រូវគេដឹងថាជាតារាចម្រៀងតែម្នាក់ដែលស្ម័គ្រចិត្តទៅលាងអាច់លាងនោម អោយវីជេអាលីយ៉ា ដល់ពេទ្យក្នុងមួយថ្ងៃ២ដងមុនទទួលបានមរណភាព ដោយសារតែវីជេអាលីយ៉ា ខ្វិនជើងមិនអាចក្រោកបាន បានថ្លែងមុននេះថា វីជេអាលីយ៉ា បានទទួលមរណភាពនៅមុននេះបន្តិចនៅវេលាម៉ោងប្រមាណជា៥ និង២២នាទីព្រឹក បន្ទាប់ពីនាងពិបាកទ្រាំនឹងសភាពជំងឺដែលបានកើតឡើង។ កញ្ញា សព វីជេអាលីយ៉ា នឹងត្រូវយកតម្កល់ធ្វើបុណ្យនៅវត្តទួលអង្គលោក នៅម្ដុំទួលសង្កែ ជិតCTN ដោយមិនអាចធ្វើបុណ្យនៅផ្ទះបានទេ។ កញ្ញាថាជាការរន្ធត់ចិត្តក្រៃលែង ដែលមុននេះបន្តិច វីជេ អាលីយ៉ា ទាំងមានស្មារតី និងដូចជាមនុស្សរឹងមាំ ប៉ុន្តែស្រាប់តែនាងលាចាកលោកតែមួយពព្រិចភ្នែក ក្នុងសភាពមិនមានសមាជិកគ្រួសារណាម្នាក់មើលថែ យ៉ាងអណោចអធម។ អ្វីដែលនាងរន្ធត់ចិត្តជំនួសទៅទៀតនោះគឺ វីជេអាលីយ៉ា ចង់បានបន្ទប់មួយផ្ទាល់ខ្លួនតែនាងបែរជាគ្មានអ្នកជំហរចេញមុខជួយ ដោយធ្វើអោយនាងត្រូវបន្តព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់រហូតដល់ថ្ងៃស្លាប់ ក្នុងពេលដែលក្នុងបន្ទប់សង្គ្រោះបន្ទាន់ជារួមនោះ សូម្បីតែអ្នកទៅសួរសុខទុក្ខនាងយូរនាទីបន្តិច ក៏ត្រូវពេទ្យស្ដីអោយ និងដេញចេញ។

នាងថាវីជេអាលីយ៉ា ពិតជាកម្សត់មុនពេលទទួលមរណភាពខ្លាំងណាស់ ទើបនាងដែលធ្លាប់រាប់អានសុខចិត្តលំបាកទៅប្ដូរកន្ទបទឹកនោម និងលាមកអោយដោយមិនខ្ពើមរអើម។ ជាក់ស្ដែងសូម្បីតែសពរបស់នាងដែលតម្កល់ធ្វើបុណ្យនៅវត្តទួលអស់លោក ក៏មិនខុសពីសពអាណាថានោះដែរ ដោយសារតែអត់ដឹងថាអ្នកណាម្នាក់នឹងចេញមុខជំហរដើម្បីធ្វើបុណ្យអោយ អោយអ្នករាប់អាននាងមើលឃើញថាមានគ្រួសារចេញមុខចាត់ចែងហើយ។ នាងថាបើមិនបានភរិយាលោកថៃ នរសត្យា ប្រហែលជាសពរបស់មិនខុសពីសពគ្មានសាច់ញាតិ និងមានញាតិសណ្ដាននោះទេ ក្នុងពេលដែលវីជេអាលីយ៉ា ក៏មិនខុសពីតារាកំព្រា គ្មានសាច់ញាតិនៅពេលនាងចូលសង្គ្រោះបន្ទាន់។ នាងសូមអំពាវនាវអោយមានការចូលរួមក្នុងពិធីបុណ្យសពរបស់អាលីយ៉ាអោយបានកុះករ ទាំងតារាសិល្បៈ និងអ្នករាប់អានតារាស្រីរូបនេះ ដើម្បីអោយវិញ្ញាណនាងបានស្ងប់ ក្នុងពេលដែលនាងអត់មានអ្នកណាចេញមុខជំហរធ្វើបុណ្យសពក្រៅតែពីអ្នកអាណិត និងរាប់អានឡើយ។ វីជេ អាលីយ៉ា ធ្លាប់បានបង្ហើបមុនស្លាប់ថា នាងមានបងប្អូន និងសាច់ញាតិ តែម្នាក់ៗនៅក្នុងចំណោមសាច់ញាតិរបស់នាង មិនមានអ្នកណាមកខ្វាយខ្វល់ចំពោះនាងដោយសុខចិត្តទម្លាក់ការងារផ្ទាល់ខ្លួន ដើម្បីក្រពះហើយមកមើលថែនាងនោះទេ ដោយបានត្រឹមតែមកសួរសុខទុក្ខនាងមួយភ្លែតៗដូចគ្នានឹងអ្នកទូទៅប៉ុណ្ណោះ ទើបនាងយល់ថាខ្លួនពិតជាឯកោនៅក្នុងជីវិតចុងក្រោយ។

LEAVE A REPLY

Please enter your comment!
Please enter your name here