ខណៈដែលតារាភាគច្រើនប្រឹងឈោងទីផ្សារការងារ ក្នុងពេលកេរ្តិ៍ឈ្មោះឈានឡើង សម្រាប់តារាសម្ដែង បែរជាបោះបង់ឱកាសទទួលសម្ដែងដោយមិនខ្វល់ពីការបាត់បង់ពីប្រាក់ចំណូលទៅវិញ។ យ៉ាងណាមិញ លោកថាខ្លួននឹងសកម្មក្នុងកិច្ចការសង្គម បន្ទាប់ពីត្រូវបានគ្រួសារតារាកម្ពុជា តែងតាំងជាទូតសុឆន្ទៈរយៈពេលមួយឆ្នាំមុននេះ បើទោះជាសកម្មភាពដែលលោកទទួលធ្វើ មិនទទួលបានថវិកា ហើយត្រូវចំណាយបន្ថែម។
លោក សុិន សុធារិទ្ធ ការសម្ដែងនាពេលបច្ចប្បន្ន លោកមិនសូវសង្វាតដូចមុនប៉ុន្មានទេ បន្ទាប់ពីលោកសន្សំលុយបើកហាងផឹកសុីយីហោ ៩៩៩៩ ស្ថិតនៅផ្លូវក្រោយវាំង ហើយកាក់កបក្នុងអាជីវកម្ម។ លោកថារាល់ថ្ងៃខ្វល់ខ្វាយតែរឿងបើកហាងប៉ុណ្ណោះ ដោយសារតែលោកយល់ថាក្នុងវ័យរបស់ខ្លួន បើសកម្មតែរឿងសម្ដែងខ្លាំងពេកក៍មិនអាចឈានដល់គោលដៅក្នុងការកសាងជីវភាព។ លោកនិយាយថា”សម្ដែងរាល់ថ្ងៃបានតែល្អមើលទេបង បានលុយល្មមៗ ហើយជួនកាលមិនល្បីស្មើនឹងចូលរួមការងារសង្គមផង ចឹងហើយទើបខ្ញុំងាកមករកសុី តែសម្រាប់ការងារសង្គមគឺថាអស់លុយ ក៍នឹងព្យាយាមអោយអស់លទ្ធភាពដែរ”។
លោក សុិន សុធារិទ្ធ ទទួលស្គាល់ថា ការប្រឡូកសិល្បៈរយៈពេលច្រើនឆ្នាំ ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់លោកទើបតែកំរើកខ្លាំង ក្រោយពេលជាប់ពានជាអ្នកគ្រងឈុតបុរាណកម្រស្រស់ស្អាតកាលពីឆ្នាំ២០១៨ របស់គ្រួសារតារាកម្ពុជា និងបានចូលរួមក្នុងសកម្មភាពសប្បុរសធម៌របស់ក្រុមនេះប៉ុណ្ណោះ។ យ៉ាងណាមិញនៅពេលកេរ្តិ៍ឈ្មោះឈានឡើង លោកថាគឺដល់ដំណាក់កាលដែលលោកចង់ងាកមករកសុីពេញទំហឹងទៅហើយ។ ប៉ុន្តែលោកក៍នឹងឆ្លៀតពេលទទួលថតរាល់ងារសិល្បៈ ដែលលោកឆ្លៀតបានផងដែរ៕