សន្និសីទសារព័ត៍មានកាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៩ នៅហាងកាហ្វេមួយស្ថិតនៅភ្នំពេញថ្មី បានបង្ហាញថា លោក តឹក ង៉ូយ ដែលគេស្គាល់ថាជាអតីតប្រធានគណបក្សមួយ ត្រូវបានផលិតករអាមេរិក ចំណាយទុនផលិតជាខ្សែភាពយន្តខ្នាតធំនៅចុងឆ្នាំនេះ។ នេះជាភាពយន្តខ្មែរលើកទី២ ដែលបរទេសទិញសិទ្ធិយកជីវិតពិតរបស់ជនជាតិខ្មែរផលិតជាភាពយន្ត បន្ទាប់ពីរឿង មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ របស់តារាហូលីវូដ អ្នកនាង អែនជេលីណាជូលី។
លោក តឹក ង៉ូយ បានថ្លែងបញ្ជាក់ថាក្រោយពីលោកត្រូវបាននិរទេសទៅរស់នៅសហរដ្ឋអាមេរិក លោកក៍បានបម្រើការនៅក្នុងហាងលក់នំដូណាត់ ហើយដោយការខិតខំប្រឹងប្រែងលោកក៍ត្រូវបានថៅកែប្រគល់តំណែងជាអ្នកគ្រប់គ្រងហាងនៅរយៈពេល៣ខែក្រោយ។ បន្តបន្ទាប់មក លោកក៍ប្រឹងសន្សំលុយហើយទិញបានហាងដូណាត់មកធ្វើអាជីវកម្មផ្ទាល់ខ្លួន ដោយលោកប្រើពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ ក៍ពង្រីកសាខាកើនដល់៧០-៨០ទីតាំង និងបានបំផុសអោយខ្មែរៗកាន់តែច្រើនបើកជំនួញលក់នំដូណាត់ រហូតធ្វើអោយហាងនំដូណាត់រាល់ថ្ងៃគឺថៅកែជាជនជាតិខ្មែរ មិនក្រោម៨០ភាគរយ។ ដោយសារតែភាពជោគជ័យនេះ ទើបខ្សែជីវិតតស៑ូរបស់លោកត្រូវបានយកមកចងក្រងជាប្រលោមលោក ដែលមានឈ្មោះ The Donut King Ted Ngoy ជាភាសាអង់គ្លេស និងជាភាសាខ្មែរ ខណៈដែលប្រលោមលោកនេះ ក្រោយពីបោះពុម្ពលក់ ក៍ទទួលបានការគាំទ្ររហូតផលិតករមួយក្រុមនៅអាមេរិកសុំសិទ្ធិផលិតជាភាពយន្ត។ មកទល់ពេលនេះ លោកថាផលិតករបរទេសបានសិក្សាទីតាំង និងដំណើរការចេញថតបានខ្លះ២ហើយសម្រាប់ប្លង់លើទឹកដីអាមេរិក ដោយគ្រោងនឹងជ្រើសរើសតួពាក់ព័ន្ធ ហើយថតបញ្ចប់សាច់រឿងសម្រាប់ប្លង់នៅប្រទេសកម្ពុជានៅចុងឆ្នាំនេះ ដើម្បីអាចអោយភាពយន្តទាំងមូលអាចដាក់បញ្ចាំងលើទីផ្សារអាមេរិកបាននៅដើមឆ្នាំក្រោយ។ លោកមិនទាន់ដឹងថាភាពយន្តមួយនេះ នឹងដំណើរការដាក់បញ្ចាំងនៅទីផ្សារកម្ពុជាដូចគ្នានឹងរឿង មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ ឬ យ៉ាងណានោះទេ ប៉ុន្តែយោងតាមការចចារគឺក្រោយផលិតជាភាពយន្តនឹងយកទៅបញ្ចាំងលក់សំបុត្រនៅអាមេរិក និងប្រទេសមួយចំនួន ខណៈដែលលោកប្រាប់ថា លោកដែលជាម្ចាស់សាច់រឿង ទទួលបានប្រាក់កម្រៃមួយពីលើការធ្វើអាជីវកម្មនេះ។
លោក តឹក ង៉ូយ ដែលត្រូវជនជាតិខ្មែរនៅអាមេរិកអោយរហស្សនាមថា ជាស្ដេចនំដូណាត់ បានបង្ហាញពីមោទនភាពយ៉ាងខ្លាំង ដែលខ្សែជីវិតរបស់លោកត្រូវបានផលិតករបរទេស យកមកផលិតជាភាពយន្តខ្នាតធំ ដែលតាមគម្រោងគឺចំណាយចន្លោះពី៥០មុឺន ទៅ១លានដុល្លារ។ សាច់រឿថងក៍នឹងក្លាយជាភាពយន្តនិយាយពីជនជាតិខ្មែរ និងពីកម្ពុជាថ្មីមួយទៀត ដើម្បីបង្ហាញអោយពិភពលោកកាន់តែស្គាល់ពីកម្ពុជាផងដែរ។
នៅក្នុងវេទិកាសន្និសីតកាសែតនោះ គេឃើញផលិតករកម្ពុជា បរទេស តារាៗនិងភ្ញៀវកិត្តិយសដែលសុទ្ធសុឹងជាអ្នកពាក់ព័ន្ធនឹងវិស័យភាពយន្តកុះករចូលរួម៕