នៅពេលថ្មីៗនេះផលិតកម្មរស្មីហង្សមាសបានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួនមានចំណងជើងថា« ប្រហុកផ្អក» ដែលជាបទចម្រៀងថ្មីរបស់លោកខេមរៈសិរីមន្ដ។ក៏ប៉ុន្ដែបទនេះត្រូវបានអ្នកនិពន្ធភ្លេងថ្មីលោកជេនរូហ្វើបានអះអាងថាហង្សមាសបានលួចស្នាដៃបទចម្រៀងនិពន្ធថ្មីរបស់ខ្លួនទាំងស្រុងនិងចេញនៅលើបណ្ដាញសង្គមផងដែរ។
លោកជេនរូហ្វើដែលត្រូវបានគេស្គាល់ថាជាតារាចម្រៀងនិងជាអ្នកនិពន្ធបទភ្លេងថ្មីបានរៀបរាប់ថាបទ« ប្រហុកផ្អក» ដំបូងឡើយលោកបានជួបនិងត្រូវបានលោកជួនសុជាទំនាក់ទំនងឱ្យនិពន្ធបទភ្លេងមួយនេះនៅអំឡុងចុងឆ្នាំ២០១៨ដោយមានការចចារថានឹងធ្វើបទចម្រៀងជាមួយគ្នា។លោកបានព្រមព្រៀងជាមួយលោកជួនសុជាដែលជាអ្នកទំនាក់ទំនងទិញបទក្នុងការងារមួយមានលក្ខខណ្ឌពេញលេញពោលគឺតម្រូវឱ្យធ្វើបទនិពន្ធថ្មីទាំងស្រុងនិងថតសំឡេងតារាចម្រៀងនៅក្នុងស្ទូឌីយោរបស់លោកព្រមទាំងបញ្ជាក់ឈ្មោះអ្នកនិពន្ធបទភ្លេងផងដែរ។
ការចចារមិនទាន់បានត្រូវរ៉ូវនិងស្រេចបាច់ផងស្រាប់តែបទចម្រៀងមួយនេះត្រូវបានផលិតកម្មហង្សមាសបញ្ចេញនៅទីផ្សារទៅហើយ។លោកជេនរូហ្វើបានអះអាងថាបទនេះជាបទដែលលោកបានបង្កើតឡើងហើយបានដាក់ក្នុងការចចារជាមួយលោកជួនសុជាតែបែជាអ្នកទិញបទចម្រៀងមួយនេះមិនទាន់មានការព្រមព្រៀងច្បាស់ការនិងមិនបានទាក់ទងមកវិញអស់រយៈពេលយូរហើយក៏ស្រាប់តែឃើញបទចម្រៀងនេះចេញដោយផលិតកម្មរស្មីហង្សមាសទាំងមិនបានសុំការអនុញ្ញាតិពីម្ចាស់ស្នាដៃពិតប្រាកដ។លោកជេនបានធ្វើការបញ្ជាក់ថានេះជាការលួចស្នាដៃទាំងស្រុងរបស់លោកហើយខាងផលិតកម្មរស្មីហង្សមាសបានដាក់ឈ្មោះនិពន្ធបទភ្លេងជាមនុស្សផ្សេងទៀតដែលនេះត្រូវបានម្ចាស់ស្នាដៃចាត់ទុកថាមិនឱ្យតម្លៃអ្នកនិពន្ធទាំងនៅមានជីវិតតែម្ដង។
លោកជេនរូហ្វើជាអ្នកនិពន្ធបទភ្លេងថ្មីបានប្រកាសថាបទចម្រៀងមួយនេះគឺត្រូវបានលួចនិងគ្មានបានចំណាយប្រាក់អ្វីសូម្បីតែបន្ដិចឱ្យលោកនោះទេ។លោកប្រកាសថាសូមឱ្យខាងផលិតកម្មរស្មីហង្សមាសលុបបទចម្រៀងនេះជាបន្ទាន់ព្រោះថាបទនេះមិនត្រូវបានអនុញ្ញាតិឱ្យខាងហង្សមាសនោះទេ។បើតាមស្ដីលោកជេនរូហ្វើបានបញ្ជាក់ថាបទនេះត្រូវបានលោកជួនសុជាប្រាប់លោកថារៀបចំនិងបានលក់សិទ្ធទៅឱ្យខាងផលិតកម្មថោនរួចរាល់ជាស្រេចអស់ទៅហើយ។លោកចាត់ទុកថាផលិតកម្មរស្មីហង្សមាសគ្មានការចចារច្បាស់លាស់និងមិនបានឱ្យតម្លៃអ្នកនិពន្ធបទភ្លេងមួយនេះដោយលួចស្នាដៃរបស់លោកទៅធ្វើជាបទខ្លួនឯងទាំងស្រុង៕