រៀមច្បង អ្នកនាង ចាន់ តារាទី ប្រកាសធ្វើជាគណកម្មការផ្ដល់ពិន្ទុ ការប្រកួតឈុតបុរាណ

0

ក្នុងទិវាវប្បធម៍បេតិកភណ្ឌជាតិ នៅថ្ងៃទី៨ កក្កដា ក្នុងឆ្នាំ២០១៩ នៅប្រាសាទសំបូរព្រៃគុក ដែលមានការប្រកួតឈុតបុរាណពីសំណាក់តារាចាស់ថថ្មី ជាទ្រង់ទ្រាយធំនោះ តារាល្បីល្បាញ អ្នកនាង ចាន់ តារាទី ក៍បានប្រកាសខ្លួនចូលរួមធ្វើជាគណកម្មការផ្ដល់ពិន្ទុមួយរូបក្នុងចំណោម១០រូបដែលបានកំណត់ឡើងផងដែរ។ អ្នកនាងថាព្រឹត្តិការណ៍មួយនេះ ក្នុងនាមអ្នកនាងគឺជារៀមច្បង គឺមិនអាចខកខានបានឡើយ។

អ្នកនាង ចាន់ តារាទី បញ្ជាក់ថា បើទោះជាទីតាំងប្រារព្ធពិធីនៅឆ្ងាយ ហើយត្រូវចំណាយពេលដល់ទៅ១យប់២ថ្ងៃដើម្បីចូលរួម ប៉ុន្តែអ្នកនាងបានត្រៀមរួចហើយ ដើម្បីក្លាយជាតារាកិត្តិយសមួយរូបនៅក្នុងកម្មវិធី និងជាគណកម្មការផ្ដល់ពិន្ទុ ដល់តារាសិល្បៈដែលចូលប្រកួតផង។ អ្នកនាងនឹងបង្ហាញខ្លួននៅក្នុងពិធីនោះតាំងពីដើមដល់ចប់ ដោយក្រៅចូលរួមធ្វើជាគណកម្មការផ្ដល់ពិន្ទុ អ្នកនាងក៍ត្រៀមចូលរួមដង្ហែរក្បួនឈុតបុរាណ និងដើម្បីលើកស្ទួយដល់ទម្រង់បុរាណខ្មែរផងដែរ។ 

 អ្នកនាង ចាន់ តារាទី បង្ហាញមោទនភាពដែលព្រឹត្តិការណ៍នេះ ផ្ដល់ឱកាសអោយអ្នកនាងបានធ្វើជាគណកម្មការផ្ដល់ពិន្ទុ ខណៈដែលអ្នកនាងប្រកាសថានេះគឺជាមហាព្រឹត្តិការណ៍បង្ហាញឈុតបុរាណធំមួយនៅប្រាសាទសំបូរព្រៃគុក ដែលមានអ្នកសិល្បៈចូលរួមកុះករ។ អ្នកនាងទទូចអោយមានការចូលរួមដង្ហែរក្បួនឈុតបុរាណ និងចូលរួមទស្សនាការប្រកួតឈុតបុរាណអោយបានកុះករ ដើម្បីលើកទឹកចិត្តដល់ក្រុមសិល្បករ ដែលខំធ្វើដំណើរពីគ្រប់ទិសទី ជាពិសេសគឺពីភ្នំពេញ ទៅគ្រងឈុតបុរាណ និងប្រកួតឈុតបុរាណនៅទីនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here