គ្មានផលិតកម្ម តែ វណ្ណា វត្តី នៅតែលេចធ្លោ

0

ឱកាសឡើងឆាករាត្រីកម្សាន្ត នៅ CTN កាលពីថ្ងៃទី១៥ មិថុនា តារាចម្រៀង និងជាតារាសម្ដែង កញ្ញា វណ្ណា វត្តី នៅតែមានបទចម្រៀង និងស្ទីលលេចធ្លោ បើទោះជានាងប្រកាសមិនជ្រកនៅក្នុងផលិតកម្មណាមួយ ក្រោយចេញពី BN ។ បទចម្រៀងថ្មីៗរបស់នាង នៅតែពិរោះទាក់ទាញ និងមានអត្ថន័យទាក់ចិត្តយុវវ័យ ខណៈដែលនាងប្រកាសថា មិនចូលផលិតកម្ម ហាក់ធ្វើអោយនាងងាយស្រួលពង្រីកកេរ្តិ៍ឈ្មោះបោះសំលេង និងស្រួលផលិតបទចម្រៀងល្អៗជាជាង។ 

ការបង្ហាញខ្លួនរបស់ កញ្ញា វណ្ណា វត្តី នៅក្នុងថ្ងៃនោះ នាងបានបកស្រាយបទចម្រៀង៤បទ ដោយបទមនោសញ្ចេតនា២បទដំបូង នាងធ្វើអោយម្នាក់ៗកោតសរសើរពីរូបសម្រស់យ៉ាងខ្លាំង ជាមួយនឹងឈុតរ៉ូបសកូនក្រមុំ ពីកូនក្រមុំនៅលើវេទិកា។ មួយឈុតនេះ វណ្ណា វត្តី មើលទៅស្រស់ស្អាតថ្លៃថ្នូរ ស្របគ្នាដែលនាងក៍រំលេចម៉ូតសក់បវរកញ្ញា ដែលកាន់តែធ្វើអោយនាងមើលទៅស្រស់ស្អាត។ នាងកាន់តែធ្វើអោយអ្នកគាំទ្រប្លែកភ្នែកជាមួយនឹង២បទចុងក្រោយ ដោយសារតែនាងបញ្ចេញក្បាច់រាំបានល្អ ហើយសម្រស់ក្នុងឈុតសំពត់ខ្លី អាវស្បែក គឺកាន់តែជួយអោយនាងរំលេចសម្រស់ស្រស់សោភា លើឆាកតន្ត្រី។ 

វណ្ណា វត្តី បានថ្លែងដាក់ក្បាលមេក្រូថា នាងមិនទាន់សម្រេចចិត្តហក់ចូលផលិតកម្មណាមួយនោះទេ ដោយសារតែនាងក៍មិនទាន់មានពេលគ្រប់គ្រាន់ ក្នុងការទទួលច្រៀងនៅក្នុងផលិតកម្ម។ ប៉ុន្តែផ្ទុយពីការបារម្ភថានាងនឹងពិបាកមានបទលេចធ្លោ តារាស្រីរូបនេះ បែរជានៅតែទទួលបានការចាប់អារម្មណ៍ខ្ពស់នៅពេលបង្ហាញខ្លួនឡើងឆាកមុននេះ។ ក្រៅពីចេះលេងខ្លួនស្រស់ស្អាត នាងក៍បញ្ចេញក្បាច់រាំកាន់តែល្អ លើសពីការបញ្ចេញក្បាច់រាំមុនៗនោះផង។ នាងថែមទាំងប្រកាសថា នឹងបញ្ចេញបទចម្រៀងនិពន្ធថ្មីៗអោយបានច្រើន បើទោះជានាងមិនជ្រកនៅក្នុងផលិតកម្មណាមួយជាក់លាក់ ក្រោយពីសម្រេចចេញពី BN។ នាងបន្តថា ស្ថិតក្នុងនាមជាតារាចម្រៀងឯករាជ្យ ងាយស្រួលជាងក្នុងការពង្រីកទីផ្សារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here