បើអាណិត! ជួយផ្ដល់ការងារសិល្បៈអោយគាត់ផង យកលុយព្យាបាលមហារីកម្ដាយ

0

ខុសពីតារាសិល្បៈភាគច្រើន ដែលចង់បានជំនួយតែម្យ៉ាងក្នុងពេលទទួលបានការអាណិតពីស្រទាប់មហាជន តារាសម្ដែង ភេទទី៣ កញ្ញា អ៑ុក ដារ៉េត បានអះអាងថា បើបងប្អូនទាំងអស់ពិតជាអាណិតនាងមែន សូមជួយផ្ដល់ការងារសិល្បៈ រួមមាន ច្រៀង កំប្លែង និងសម្ដែងផង ទើបអាចអោយនាងមានប្រភពលុយជានិរន្ត ជួយសង្គ្រោះដល់ម្ដាយ និងគ្រួសារ។ នាងទទូចបែបនេះ ក្នុងឱកាសស្ដាបនិកគ្រួសារតារាកម្ពុជា នាំយកអំណោយរបស់សប្បុរសជនសរុបចំនួន1062,5ដុល្លារសហរដ្ឋអាមេរិក យកទៅប្រគល់ជូនដល់បន្ទប់ជួល កាលពីយប់ថ្ងៃទី១២ មិថុនា ឆ្នាំ២០១៩ ។

អ៑ុក ដារ៉េត បញ្ជាក់ថាបើនាងបានច្រៀង បានកំប្លែងលើឆាក រូបនាងប្រហែលជាមានកម្រៃជួយដល់ខ្លួនឯង ដោយមិនលំបាកនោះទេ។ នាងទទូចអោយផ្ដល់ឱកាសអោយនាងបានបញ្ចេញសមត្ថភាពសិល្បៈទាំងនេះ លើឆាក ដោយអះអាងថា នាងមានសមត្ថភាពទាំងអស់លើអាជីពសិល្បៈទាំង៣។ នាងនិយាយថា នាងចង់បានការងារទាំងសិល្បៈ និងក្រៅសិល្បៈអោយបានច្រើន ដើម្បីកុំអោយមានការរិះគន់ថានាងគេជួយដដែលជាដដែល ប៉ុន្តែនៅតែក្រ។ នាងសម្ដែងអារម្មណ៍រំភើបយ៉ាងខ្លាំង ដែលគ្រួសារតារាកម្ពុជា និងសប្បុរសជនទាំងអស់ ដែលបានជួយបរិច្ចាគថវិកាដល់ម្ដាយរបស់នាង ដោយនាងប្រកាសថា នេះជាថវិកាដែលមានន័យបំផុតនៅក្នុងជីវិតរបស់នាង និងម្ដាយ។

អ៑ុក ដារ៉េត រំលឹកថា ចាប់តាំងពីឳពុកនាងស្លាប់ ហើយម្ដាយនាងធ្លាក់ខ្លួនជាហូរហែរ ទើបគ្រួសារនាងជំពាក់បំណុលគេ ដែលបង្ខំអោយលក់ចោលផ្ទះតូចនៅម្ដុំច្បារអំពៅ បានតម្លៃជាង៨ពាន់ដុល្លារ ហើយធ្លាក់ខ្លួនជួលផ្ទះគេមកដល់សព្វថ្ងៃ។ នាងថាទឹកប្រាក់ដែលលក់ផ្ទះជាង៨ពាន់ដុល្លារនោះ ដកទិញដីស្រែ និងសង់បានតែផ្ទះឈើតូចល្មមនៅខេត្តប៉ៃលិន ដែលជាកន្លែងរស់នៅរបស់បងប្រុសប៉ុណ្ណោះ ក្រៅពីនោះគឺសងបំណុល និងព្យាបាលម្ដាយបន្ត។ នាងថាជីវិតរស់នៅមួយគែៗអស់រយៈពេលច្រើនឆ្នាំមកហើយ ដោយសារតែនាងដ្បិតតែប្រឡូកអាជីពសម្ដែង ច្រៀង និងកំប្លែងមែន ប៉ុន្តែបានទទួលតែឱកាសសម្ដែងក្នុងតម្លៃខ្លួនទាបៗ ដោយសារតែនាងមិនមែនជាតារាល្បី។ សព្វថ្ងៃនាងរំពឹងតែលើមុខរបរជាបុគ្គលិកស្ម័គ្រចិត្តនៅក្នុងអង្គការបុរសស្រលាញ់បុរស ដោយទទួលចំណូលបានតែមួយខែជាង១០០ដុល្លារប៉ុណ្ណោះ ដែលថវិកានេះទប់តែឈ្នួលផ្ទះ ហូបចុក និងទិញថ្នាំទប់ជំងឺរបស់ម្ដាយ បានគ្រប់ទាំងត្រដាបត្រដួស។ នាងថាស្ថានភាពគ្រួសារនាង គឺបងប្អូនផ្សេងទៀតសុទ្ធតែក្រ សុទ្ធតែសុីឈ្នួលគេ ទើបធ្វើអោយនាងត្រូវរងបន្ទុកទាំងស្រុងលើជំងឺរបស់ម្ដាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here