អ្នកស្រី បូ រ៉ានិច ប្រកាសចាត់វិធានការម៉ែយ៉ែម និងអ្នករកស៊ីលក់ខ្លួន ក្នុងក្រុម BN

0

បន្ទាប់ពីមានការលាបពណ៍ថា តារាៗក្នុងក្រុមបង្ហាញម៉ូដ BN មានមួយចំនួនរកស៊ីប្រាស់ចាកនឹងសីលធម៍ អ្នកស្រី បូ រ៉ានិច ជាប្រធានក្រុម បានទទួលស្គាល់ថា ក្នុងក្រុមបង្ហាញម៉ូដមួយនេះ ពិតជាមេខ្យល់ម៉ែយ៉ែម និង អ្នករកសុីផ្លូវកាត់សម្ងំនៅពិតមែន ខណៈដែលអ្នកស្រីប្រកាសថា ខ្លួនទើបតែបានដឹង និងកំពុងស្វែងរកភស្តុតាងចាត់ការផ្លូវច្បាប់។ អ្នកស្រីថា ខ្លួនបានប្ដឹងក្រសួងមហាផ្ទៃរួចហើយ ដើម្បីកុំអោយ រឿងអាក្រក់របស់បុគ្គលម្នាក់ពីរនាក់ដែលយកឈ្មោះក្រុមទៅបង្ខូចឈ្មោះសោះ តែធ្វើអោយក្រុមស្អុយឈ្មោះទាំងមូល។

អ្នកស្រី អោយដឹងថា មិនអាចទទួលយកបាននោះទេ ក្នុងពេលដែលអ្នកស្រីបានដឹងកាន់តែច្រើនថា ក្នុងចំណោមតារារបស់អ្នកស្រីមានមួយចំនួនទៅពាក់ព័ន្ធនឹងករណីម៉ែយ៉ែម ឬ ទទួលសេវាទាក់ទងភ្ញៀវដោយខ្លួនឯង តែយកឈ្មោះក្រុមទៅប្រើ។ អ្នកស្រីបន្តថា តារាមួយចំនួនបានយកតំណែងក្នុងក្រុម BN ទៅដឹកញីប្រស៊ីឈ្មោល និងធ្វើរឿងប្រាស់ចាកសីលធម៍ដែលសកម្មភាពនេះអ្នកស្រីថា កំពុងធ្វើអោយមានការយល់ច្រលំថា អ្នកស្រីជាប្រធានក្រុម ស្ថិតនៅពីក្រោយ។

អ្នកស្រីថា បុគ្គលទាំងនោះ បើមិនប្រាប់គេថាជាតារាក្នុងក្រុម BN នឹងមិនទទួលបានតម្លៃខ្លួនខ្ពស់នោះទេ ទើបអ្នកស្រីប្រឆាំងដាច់ខាតថា បើចូលមកធ្វើការក្នុងក្រុម BN ដើម្បីយកប្រេនទៅធ្វើបែបនេះ គឺអ្នកស្រីនឹងត្រៀមចាត់វិធានការផ្លូវច្បាប់។ អ្នកស្រីប្រកាសថា សមាជិកគ្រប់រូបមានសិទ្ធិទៅធ្វើអីក៍បាន ជាលក្ខណៈបុគ្គល ប៉ុន្តែរាល់ការយកតួនាទី ឬ តំណែងក្នុងក្រុម BN ទៅប្រើ គឺអ្នកស្រីមិនទទួល ជាពិសេសគឺស្មើនឹងធ្វើអោយប៉ះពាល់ដល់សមាជិកល្អ ដែលគេធ្វើខ្លួនថ្លៃថ្នូរ ហើយមិនបានដើរផ្លូវអាក្រក់នោះ។

ប្រតិកម្មរបស់អ្នកស្រី ត្រូវបានលេចឡើងក្រោយពីមានការលាបពណ៍ថា តារាៗក្នុងក្រុម BN ទាំងស្រីទាំងប្រុស ងាយស្រួលទាក់ទងតាមរយៈមេខ្យល់ជាសមាជិកដូចគ្នា ឬមេខ្យល់ខាងក្រៅក្រុម និងបន្ទាប់ពីវីដេអូអាក្រាតកាយរបស់សមាជិក BN ម្នាក់ ត្រូវបានគេចែកចាយយ៉ាងកក្រើកជាថ្មី ក្នុងបណ្ដាញ Twitter និង ហ្វេសប៑ុក ដែលវីដេអូនោះ គឺគេឃើញតារាប្រុសរូបនោះស្ម័គ្រចិត្តស្រាត និង បង្ហាញអវយៈភេទអោយគេថត ទាំងខ្លួនខ្លួនដេកលើគ្រែបើកភ្នែក។ ប៉ុន្តែករណីនេះ តារាជាសមីខ្លួន បានអះអាងថា នោះជាវីដេអូ ដែលគេលួចថត ក្នុងពេលលោកមិនដឹងខ្លួនផ្ទុយពីវីដេអូ ដែលបានចែកចាយ។

អ្នកស្រី បូ រ៉ានិច បន្តថា រាល់សកម្មភាពមិនល្អរបស់តារាក្នុងក្រុម BN មិនថាតារាកុងត្រា និងមិនកុងត្រា អ្នកស្រីជាមេក្រុមមិនស្ថិតនៅពីក្រោយទាំងអស់ ហើយអ្នកស្រីនឹងចាត់វិធានការផ្លូវច្បាប់ បើបានដឹងថា អ្នកដែលបានប្រព្រឹត្តិរឿងអានាចារទាំងនោះ ទៅអះអាងប្រាប់គេថាខ្លួនជាសមាជិក BN ដែលមិនខុសពីសំដៅថា អ្នកស្រីជាមេក្រុមគាំទ្រពីក្រោយ។ ក្នុងនោះអ្នកស្រីក៍នឹងមានវិធានការបោសសំអាតតារាដែលមានរឿងរឿងអាស្រូវ បណ្ដាលអោយប៉ះពាល់មុខមាត់ក្រុមផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here