ដ្បិតថាមិនសូវបង្ហាញមុខសម្ដែងសស្រាក់សស្រាំនាពេលចុងក្រោយ តែគេនៅតែឃើញ តារាសម្ដែងកញ្ញា ពីង រ៉ូហ្សា នៅតែសកម្មក្នុងការងារសង្គម និងសប្បុរសធម៍។ ក្នុងការបង្ហាញខ្លួនកាលពីរាត្រីថ្ងៃទី២៦ ឧសភា កញ្ញាប្រាប់មូលហេតុមួយចំនួន ដែលកញ្ញាលែងទទួលថតកុនដែលអ្នកគាំទ្រមួយចំនួនងឿងឆ្ងល់។
ក្នុងពិធីខួបកំណើតអ្នកនាង លី ម៉ារីណា កញ្ញា ពីង រ៉ូហ្សា បញ្ជាក់ថា ហេតុផលនាងមានសម្រស់ភ្លឺថ្លាជាងមុន គឺមិនមែនដោយសារតែសម្ងំទៅកែសម្រស់នោះទេ ប៉ុន្តែគឺបណ្ដាលមកពីផ្អាកទទួលថតកុនប្រមាណមួយឆ្នាំ ដែលធ្វើអោយនាងមិនសូវប្រឈមនឹងកំដៅថ្ងៃ។ កញ្ញាថានឹងនៅបន្តផ្អាកទទួលការថតកុន ស្របគ្នាដែលនាងក៍មានការងារផ្ទាល់ខ្លួន ដែលមិនសូវមានពេលទទួលថតផង។ នោះគឺដោយសារតែនាងមានការងារត្រូវជួយមើលមុខជំនួញរបស់គ្រួសារ និងត្រូវការពេលស្វែងយល់ពីការបើកជំនួញផ្ទាល់ខ្លួនក្នុងពេលខាងមុខ។ យ៉ាងណាមិញ កញ្ញានៅតែទទួលថតកម្មវិធីទូរទស្សន៍ និងទទួលការងារពិធីការិនីនៅក្នុងទីម្លប់ដដែល ដើម្បីកុំអោយមហាជនភ្លេចមុខ។ កញ្ញាថាខ្លួនបានសម្ដែងច្រើនរឿងមុនពេលបាត់មុខ ដូចជារឿង ”ណារ៉ូសសុម៉ាលី” រឿង”ទឹកភ្នែកព្រោះសម្រស់” រឿង”ម្ចាស់ចម្ការ” រឿង”ដីបំណះថ្មី” និងរឿងជាច្រើនទៀត។
ពីង រ៉ូហ្សា បន្តថាកញ្ញា មិនចោលសិល្បៈនោះទេ ដោយគ្រាន់តែទទួលតែការងារណាដែលកញ្ញាអាចទៅរួច ចំណែកសកម្មភាពសប្បុរសធម៍ និងការងារសង្គម គឺនឹងធ្វើអោយកាន់ច្រើនជាជំនួសវិញ។


























