អុល សំអាង តស៑ូអភិរក្សល្ខោនបាសាក់ ទាំងត្រដាបត្រដួស

0

មកទល់ពេលនេះ គេកាន់តែកត់សម្គាល់ថា វង់ល្ខោនបាសាក់ ស្ទើរតែឈានដល់ដង្ហើមចង្រឹតទៅហើយ ដោយសារតែខ្វះការគាំទ្រ និងខ្វះការជ្រោមជ្រែងពីប្រព័ន្ធផ្សព្វផ្សាយនៅក្នុងកម្មវិធីទូរទស្សន៍។ យ៉ាងណាមិញ គេនៅតែឃើញមេក្រុមវង់ល្ខោនមួយចំនួន បន្តការតស៑ូ ក្នុងការអភិរក្សទម្រង់សិល្បៈនេះ បើទោះជាទីផ្សារល្ខោនបាសាក់កាន់តែចុះខ្សោយខ្លាំង។

លោក អុល សំអាង មេក្រុមល្ខោនបាសាក់វង់អុលសំអាង រាជធានីភ្នំពេញ បានអះអាងថា ទីផ្សារល្ខោនបាសាក់នាពេលបច្ចុប្បន្នស្ទើរតែត្រូវមហាជនបំភ្លេចជាបណ្ដើរទៅហើយ ខណៈដែលវង់ល្ខោនបាសាក់ដែលធ្លាប់តែរកកម្លាំងចេញសម្ដែងមិនបាន បែរជារកទីផ្សារដើម្បីចេញសម្ដែងលែងចង់ឃើញ។ នោះគឺដោយសារតែសិល្បៈបុរាណមួយនេះ កាន់តែត្រូវបានមហាជនមើលរំលង ស្របគ្នាដែលប្រពន្ធផ្សព្វផ្សាយនៅលើកញ្ចក់ទូរទស្សន៍ក៍គ្មានម៉ោងសម្រាប់ចាក់ផ្សាយល្ខោនបាសាក់ ដើម្បីផ្សព្វផ្សាយអោតយក្មេងៗ និងយុវជនគាំទ្រ។ ធៀបនឹងអំឡុងទស្សន៍វត្សរ៍ឆ្នាំ៨០ លោកថាធ្លាក់ចុះស្ទើរតែដល់១០០អង្សារ តែលោកមិនបាក់ទឹកចិត្តហើយបោះបង់វង់ល្ខោនដែលខំបង្កើតឡើងនោះទេ គឺនៅតែបន្តតស៑ូ បើទោះជាអាជីពវង់ល្ខោននៅក្នុងពេលនេះ កាន់តែពិបាកប្រកួតប្រជែងនឹងសិល្បៈសម័យ។

លោក អុល សំអាង បន្តថា កាលពីអោយតែមានបុណ្យទានក្នុងវត្ត គេនិយមអោយតម្លៃលើល្ខោនបាសាក់ ប៉ុន្តែក្នុងមួយរយៈចុងក្រោយ គេងាកទៅដាក់ធុងបាស់ ឬ តន្ត្រីសម័យវិញ ដោយសារតែហេតុផលយុវវ័យដែលទៅលេងបុណ្យវត្តគាំទ្រតន្ត្រីសម័យខ្លាំងជាង ទើបទីផ្សារល្ខោនបាសាក់ចុះខ្សោយ។ លោកទទូចអោយតាមកញ្ចក់ទូរទស្សន៍ មានកម្មវិធីចាក់ផ្សាយពីល្ខោនបាសាក់ ដើម្បីបំផុសអោយក្រុមយុវវ័យងាកមកស្រលាញ់ និងគាំទ្រសិល្បៈបុរាណនេះ ទើបជំរុញអោយអ្នករៀបចំកម្មវិធីហ៑ានចំណាយជួលល្ខោនបាសាក់ច្រើនឡើងវិញ ដែលអាចអោយល្ខោនបាសាក់រស់ឡើងវិញ។ លោកថាល្ខោនបាសាក់មិនត្រឹមតែខ្សត់ទីផ្សារនោះទេ សូម្បីតែយុវជនដែលចាប់អារម្មណ៍មកស្នងសិល្បៈបុរាណនេះ ក៍ខ្សត់ណាស់ដែរ៕