ឧកញ៉ា ឡេង ណាវ៉ាត្រា ប្រគល់ផ្ទះអំណោយ ​សម្ដេច​តេជោ ​និង ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ជូន ចាន់ សម័យ

0

កាលពីល្ងាចថ្ងៃទី២០ ឧសភា តារា​ចម្រៀង ចាន់​ សម័យ ត្រូវបានលោកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រគល់ផ្ទះដែលជាអំណោយរបស់ សម្ដេច​តេជោ ​ហ៊ុន សែន ​និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី​ ហ៊ុនសែន ជូន នៅក្នុងបុរីឡេងណាវ៉ាត្រា ស្ថិតនៅជិតផ្សារទួលពង្រ។ ពិធីប្រគល់នេះ មិនត្រូវបានធ្វើឡើងអធឹកអធមនោះទេ ដោយគ្រាន់តែមានការចូលរួមប្រគល់ជូនដោយវត្តមាន លោក ​ឧកញ៉ា ឡេង ណាវ៉ាត្រា និង លោក ហេង ឡុង ស្ថាបនិក​​សមាគម​មិត្ត​​ស្ម័គ្រចិត្ត​សិល្បៈ​ជួយ​សង្គមតែប៉ុណ្ណោះ។

ផ្ទះ​ដែល​សម្ដេច​តេជោ ​ហ៊ុន សែន ​និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី​ ហ៊ុនសែន ទិញ​​ឲ្យ តារា​ចម្រៀង​ចាន់ សម័យ​នោះ គឺ​ជា​ប្រភេទវីឡា​តឿ ​មាន​សល់​ដី​ជុំវិញ​ផ្ទះ និងជាប្រភេទផ្ទះដែលមានតម្លៃខ្ពស់ នៅក្នុង​បុរី​ឡេងណាវ៉ាត្រា​គម្រោង​ទី៦នោះ។

លោកឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ថ្លែង​ថា តារា​ចម្រៀង​លោក ចាន់ សម័យ ពិតជាមានសំណាងណាស់ ដែល​បាន​សម្ដេច​ទាំង​ពីរ​​អាណិតអាសូរ ហើយទិញ​ផ្ទះ​ឲ្យ​នៅក្នុងបុរីរបស់លោក ហើយលោក​ឧកញ៉ា​បញ្ជាក់ថា ក៍ជា​មោទនភាព​ និង​ជាមហា​កិត្តិយស​​​ផងដែរ​ដែល​សម្ដេចទាំងពី​របានជ្រើសផ្ទះអោយលោក ចាន់ សម័យ ​​នៅ​ក្នុង​​បុរី​ឡេងណាវ៉ាត្រា​របស់លោក។

លោក ចាន់ សម័យ រឹតតែបាន​សម្ដែង​អារម្មណ៍​​ ខណៈដែលលោកបញ្ជាក់ថា ក្រោយពេលធ្លាក់ខ្លួន លោកមិនដែលស្រម៉ៃសោះ ថានឹងផ្ទះរស់នៅថ្លៃថ្នូរបែបនេះ។ ម្ចាស់​បទ”សុំ​មេ​មាន់​មួយ” លោក ចាន់ សម័យ បន្តថាលោកមានតែការអរគុណ ​ ដល់​សម្ដេច​ទាំង​ពីរប៉ុណ្ណោះ ដែល​មាន​ទឹកចិត្ត​ប្រោសប្រណី​ដល់​រូប​លោក​ និង​ក្រុម​គ្រួសារ ដោយលោកប្រកាសថា ចាប់ពីពេលនេះតទៅ លោកនឹងឈប់រស់នៅផ្ទះជួលទៀតហើយ ព្រោះ​មាន​ផ្ទះ​សម្បែង​ផ្ទាល់​ខ្លួន​​រស់​នៅ​នឹង​គេ។ លោក ចាន់ សម័យ ក៍បានសំពះ​ជូនពរ​សម្ដេច​ទាំង​ពីរ អោយបានសម្រេច​នូវ​ពុទ្ធពរទាំង ៤​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀង ទៅ។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក ចាន់ សម័យ បាន​ប្រលូក​លើ​វិស័យ​ចម្រៀង​ប្រមាណជាង​១០​​ឆ្នាំ​មកហើយ ប៉ុន្តែដោយសារការធ្លាក់ចុះទីផ្សារ និងកើតមាន​ជំងឺ​របេង​ឆ្អឹង​ តាំង​ពី​អាយុ១៤​ឆ្នាំ​ តែ​ទើបចាប់​ផ្ដើម​ធ្វើ​ទុក្ខ​ខ្លាំង​​៥​ឆ្នាំ​ចុង​ក្រោយ​ ទើបបណ្ដាលអោយលោកធ្លាក់ខ្លួនដុនដាប។ លោកត្រូវគេឃើញរស់នៅយ៉ាងលំបាកក្នុងផ្ទះ​ជួល​មួយ​កន្លែង នៅខណ្ឌ​ជ្រោយចង្វារ ហើយបន្ទាប់ពីមានការចុះផ្សាយព្រោងព្រាត លោកក៍ទទួលបានការអាណិតពីសប្បុរសជន។ ក្នុងនោះសម្ដេចទាំងពីរក៍បានប្រកាសផ្ដល់ផ្ទះដែលទើបប្រគល់នេះជូនលោកតែម្ដង។ បច្ចុប្បន្ន​​ លោកចាប់ផ្ដើមហើបទីផ្សារចម្រៀងវិញហើយ ដោយ​ផលិតកម្ម Galaxy របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា​ ក៍ទទួលអោយលោកច្រៀងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here